បញ្ហាពិដានបំណុលអាមេរិក

បញ្ហាពិដានបំណុលអាមេរិកនៅតែបន្ដជាប់គាំង ខណៈតម្លៃប្រាក់ដុល្លារដាំក្បាលចុះ


រដ្ឋាភិបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតី ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអង្គារ បានបរាជ័យនៅក្នុងការពិភាក្សាជាមួយប្រធានសភាមកពីគណបក្សសាធារណៈរដ្ឋ លោក ខេវិន ម៉ាកខាធី (Kevin McCarthy) អំពីវិធីដំណោះស្រាយបញ្ហាពិដានបំណុលសាធារណៈដែលកំពុងជាប់គាំងរបស់ប្រទេសមហាអំណាចមួយនេះ។ ទោះយ៉ាងណា មេដឹកនាំទាំងពីររូបនឹងបន្តការពិភាក្សាគ្នាបន្ថែមទៀតនៅថ្ងៃសុក្រសប្ដាហ៍។
បញ្ហាពិដានបំណុលអាមេរិកនៅតែបន្ដជាប់គាំង ខណៈតម្លៃប្រាក់ដុល្លារដាំក្បាលចុះ

ខណៈដែលបញ្ហាពិដានបំណុលនៅតែមិនទាន់អាចទម្លុះទម្លាយ នៅក្រោយកិច្ចប្រជុំនោះ គេសង្កេតឃើញថា តម្លៃប្រាក់ដុល្លារវិញ ក៏បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងៗទៀត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើធឺ។

លោក ចូ បៃដិន ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងលោក ម៉ាកខាធី ប្រធានសភាមកពីគណកប្សសាធារណរដ្ឋ បានជួបគ្នានៅសេតវិមានកាលពីថ្ងៃអង្គារ ទី ០៩ ខែឧសភា ដើម្បីរកវិធីដំឡើងកម្រិតបំណុលអតិបរិមារបស់សហរដ្ឋអាមេរិកដែលមានចំនួន ៣១,៤ ទ្រីលានដុល្លារ ប៉ុន្តែភាគីទាំងពីរមិនអាចរកច្រកចេញបាននៅឡើយទេ។

ការខកខានណាមួយក្នុងការដំឡើងពិតានបំណុលនឹងបណ្ដាលឱ្យសហរដ្ឋអាមេរិកខ្វះលទ្ធភាពទូទាត់ការចំណាយរបស់ខ្លួននៅខែមិថុនាខាងមុខ ហើយនឹងធ្វើឱ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិក ក៏ដូចជាសេដ្ឋកិច្ចពិភពលោករងផលវិបាក។ នេះបើយោងតាមអ្នកសេដ្ឋកិច្ចនិងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក។

បន្ទាប់ពីជំនួបរយៈពេលប្រហែល ១ ម៉ោង លោក បៃដិន បានមានប្រសាសន៍ថា ជំនួបនៅថ្ងៃអង្គារជាកិច្ចប្រជុំប្រកបដោយផលិតភាព ហើយបាននិយាយថា លោក ម៉ាកខាធី បានលើកឡើងក្នុងអំឡុងពេលប្រជុំថា សហរដ្ឋអាមេរិកនឹងមិនអោយមានបញ្ហាដោយសារបំណុលទេ។

លោកប្រធានាធិបតីបានបន្ថែមថា៖ «គ្រប់គ្នានៅក្នុងកិច្ចប្រជុំបានយល់ពីហានិភ័យនៃបញ្ហាបំណុលនេះ។»

ផ្ទុយទៅវិញ លោក ម៉ាកខាធី វិញ បានគូសបញ្ជាក់ពីកង្វះការរីកចម្រើនលើចំណុចមួយចំនួន ដោយលោករអ៊ូថា លោក បៃដិន មិនយល់ព្រមពិភាក្សាគ្នាទេ រហូតអស់ពេលវេលាប្រជុំ។

លោក ម៉ាកខាធី បានបញ្ជាក់ថា «ខ្ញុំមិនបានឃើញសកម្មភាពថ្មីទេ» ហើយលោកបន្តថា«ការធ្វើបែបនោះមិនមែនជាវិធីគ្រប់គ្រងឡើយ»។

ភាគីទាំងពីរ រួមទាំងមេដឹកនាំសហសភាបីរូបផ្សេងទៀត បានយល់ព្រមជួបប្រជុំគ្នាជាបន្តទៀត នៅថ្ងៃសុក្រក្នុងសប្តាហ៍នេះ ខណៈដែលជំនួយការរបស់ពួកគេត្រូវបានអនុញ្ញាតឱ្យពិភាក្សាគ្នាជាប្រចាំថ្ងៃ អំពីផ្នែកនានានៃកិច្ចព្រមព្រៀងដែលអាចកើតមានឡើង។

នៅពេលដែលបញ្ហាកម្រិតបំណុលអតិបរមានេះមិនទាន់មានដំណោះស្រាយនៅឡើយ តម្លៃប្រាក់ដុល្លារនៅថ្ងៃពុធបានធ្លាក់ចុះមួយកម្រិតបន្ថែមទៀត។ តាមអត្រាជួញដូរនៅទីផ្សារអាស៊ី ប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុបបានឡើងថ្លៃ ០,១១% ដោយតម្លៃ ១ អឺរ៉ូ ស្មើនឹង ១,០៩ ដុល្លារ, លុយផោនអង់គ្លេសឡើង ០,១% ដោយ ១ ផោន ស្មើនឹង ១,២៦ ដុល្លារ ហើយលុយដុល្លារនូវែលហ្ស៊េឡង់បានឡើងថ្លៃ ០,០៥% ដោយ ១ ដុល្លារនូវែលហ្ស៊េឡង់ស្មើនឹង ០,៦៣ ដុល្លារអាមេរិក។ បើធៀបនឹងតម្លៃរួមនៃរូបិយប័ណ្ណផ្សេងៗ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកចុងក្រោយគឺទាបជាងមុនក្នុងអត្រា ០.០៧%។

លោកស្រី ខារ៉ូល គង់ អ្នកយុទ្ធសាស្រ្តផ្នែករូបិយប័ណ្ណនៅធនាគារ ខំមិនវែល អូស្ត្រាលី (CBA) បាននិយាយថា៖ «មានការយកចិត្តទុកដាក់ជាច្រើននាពេលថ្មីៗនេះលើបញ្ហាកម្រិតបំណុលអតិបរមា។» លោកស្រីបន្តថា៖ «ខ្ញុំមិនគិតថាបញ្ហានេះនឹងត្រូវបានដោះស្រាយនៅពេលណាមួយក្នុងពេលឆាប់ៗនេះទេ។ ជាធម្មតា ក្នុងពេលកន្លងមក បញ្ហាតែងតែត្រូវបានដោះស្រាយនៅនាទីចុងក្រោយ។»

អ្នកយុទ្ធសាស្ត្រផ្នែករូបិយប័ណ្ណរូបនេះព្យាករថា៖ «ដូច្នេះមានន័យថាអាចមានភាពប្រែប្រួលលឿនបន្ថែមទៀតនៅក្នុងទីផ្សារ ... ហើយខ្ញុំគិតថាប្រាក់ដុល្លារអាចបន្តធ្លាក់ចុះទៀត ដូចដែលយើងបានឃើញនាពេលកន្លងមក៕»




អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីថៃអនុម័តប្រព័ន្ធទូទាត់អាស៊ាន ដែលប្រើរូបិយបណ្ណនៃប្រទេសក្នុងតំបន់

គណៈរដ្ឋមន្ត្រីចាំផ្ទះរបស់ថៃកាលពីថ្ងៃអង្គារ៍ទី៩ឧសភា បានអនុម័តសំណៅព្រាងនៃសេចក្តីប្រកាសមួយ ដែលមានគោលបំណងលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុង…

ប្រទេសជប៉ុនកំពុងធ្វើការដើម្បីបើកការិយាល័យទំនាក់ទំនងណាតូនៅក្នុងទីក្រុងតូក្យូ

ឯកអគ្គរាជទូតជប៉ុនប្រចាំសហរដ្ឋអាមេរិក លោក កូជី តូមីតា បាននិយាយកាលពីថ្ងៃអង្គារទី៩ឧសភាថា ប្រទេសជប៉ុនកំពុងធ្វើការដើម្បីឆ្ពោះទៅបើកការិយាល័…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ