ការបដិសេធនេះ គឺជារឿងសមស្របមួយ ដែលអាជ្ញាធរពាណិជ្ជកម្មអាមេរិកបានពន្យល់ថា ការដាក់រនាំងពន្ធគយលើបន្ទះសូឡានាំចូលពីប្រទេសនោអាស៊ាន និងធ្វើឲ្យប៉ះពាល់វិស័យថាមពលនៅអាមេរិក ព្រមទាំងប៉ះពាល់ដល់គោលនយោយបាយថាមពលបៃតង និងការប្រឆាំងការប្រែប្រួលអាកាសធាតុ របស់រដ្ឋបាលលោកចូបៃឌិនផងដែរ។
វិស័យថាមពលបៃតងអាមេរិក ដែលផលិតចេញពីបន្ទះសូឡា បានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលបន្ទះទាំងនេះ ពីប្រទេសនៅអាស៊ាន ដោយសារប្រទេសទាំងនេះអាចលក់ឲ្យអាមេរិកក្នុងតម្លៃថោក។
គួររំឭកថា កាលពីខែសីហាឆ្នាំនេះ ក្រុមគណៈមេធាវីរបស់ក្រុមហ៊ុន ផលិតថាមពលពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិកមួយក្រុម ដែលសុំមិនបញ្ចេញអត្តសញ្ញាណឲ្យសាធារណមតិដឹង បានដាក់ញត្តិទៅរដ្ឋាភិបាលអាមេរិក ដើម្បីស្នើសុំឱ្យមានការស៊ើបអង្កេត ទៅលើក្រុមហ៊ុនចិនមួយ ដែលបានប្រើប្រាស់និងយកឈ្មោះក្រុមហ៊ុននៅប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី ជាខែលរកស៊ី ដើម្បីបញ្ចៀសទណ្ឌកម្មពន្ធគយពីសហរដ្ឋអាមេរិក។
សូមជម្រាបថា កន្លងមកការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកលើក្រុមហ៊ុនចិន ធ្វើឡើងតែនៅលើក្រុមហ៊ុនចិនណា ដែលមានប្រតិបត្តិការរកស៊ីនៅក្នុងទឹកដីចិនប៉ុណ្ណោះ។ ប្រការនេះ បានធ្វើឲ្យក្រុមហ៊ុនជាច្រើន មិនថាតែក្នុងវិស័យថាមពលនោះទេ បានផ្លាស់ប្តូររោងចក្រ សហគ្រាស និងប្រតិបត្តិការរបស់ខ្លួន មកក្នុងប្រទេសផ្សេងៗទៀតក្រៅតែពីប្រទេសចិន។ក្នុងនោះ ប្រទេសគោលដៅ រួមមានប្រទេសវៀតណាម ថៃ និងម៉ាឡេស៊ីជាដើម ដោយសារតែប្រទេសទាំងនេះ មានកម្រិតប្រាក់ឈ្នួលកម្លាំងពលកម្មថោក ខណៈដែរកម្មករជំនាញក៏មានចំនួនច្រើន។យ៉ាងណាមិញ ក៏មានដែរក្រុមហ៊ុនចិនមួយចំនួនបានលួចបន្លំប្រើប្រាស់ឈ្មោះ និងអស័យដ្ឋាននៅប្រទេសដទៃក្រៅពីប្រទេសចិន ដើម្បីអាចនាំចូលទៅអាមេរិកបានដោយមិនចាំបាច់បង់ពន្ធច្រើន និងមិនចាំបាច់រងគំនាបទណ្ឌកម្ម។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ៕