ប្រភពដដែលបានអះអាងថា ទោះបីជាស្ថានភាពនៃទីផ្សារការងារនាខែកុម្ភៈនៅក្នុងភាពវិជ្ជមានក្តី ប៉ុន្តែក្តីបារម្ភនៅតែមាន ហើយការព្យាករណ៍អំពីអត្រានៃភាពគ្មានការងារធ្វើនៅអាមេរិកនៅក្នុងឆ្នាំនេះ នៅតែខ្ពស់ ពោលគឺកើនឡើងពី ៣,៤% ទៅ ៣,៦%។
លោក Gus Faucher ប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន PNC មួយនៅអាមេរិកបានប្រាប់ CNN ថា នេះគឺរបាយការណ៍ដ៏រឹងមាំមួយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយព័ត៌មានដែលទទួលបានអំពីទុនបម្រុងសហព័ន្ធ ដើម្បីទប់ទល់នឹងអត្រាកំណើនអតិផរណា គឺហាក់នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ។
លោកបានបន្តទៀតថា ស្ថានភាពសេដ្ឋកិច្ចនៅតែបន្តអាប់អួរដរាបណាសហព័ន្ធនៅតែបន្តឲ្យមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតនោះ ។
នៅពេលនេះធនាគារកណ្តាលអាមេរិក និង សម្ព័ន្ធមិត្ត ជាពិសេស គឺសហគមន៍អឺរ៉ុបកំពុងតែតស៊ូប្រឈមមុខនឹងការកើនឡើងនូវអត្រាអតិផរណាដ៏ខ្ពស់បំផុតនៅក្នុងរយៈពេល ៤០ ឆ្នាំ កន្លងមកនេះ ។
លោក Chris Rupkey ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន FwdBonds បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមិនរំពឹងថា នៅក្នុងស្ថានភាពសេដ្ឋកិច្ចដូចបច្ចុប្បន្នអាមេរិកអាចមាន លទ្ធភាពបង្កើតការងារថ្មីដល់ទៅជាង ៣១ម៉ឺននាក់បែបនេះនោះទេ ។
លោកបានបន្តថា តាំងពីសម័យមុនការរីករាលដាលនៃមេរោគកូវីដ ១៩ ពោលគឺនៅក្នុងអំឡុងពីឆ្នាំ២០១០ ដល់ ឆ្នាំ២០១៩ នៅក្នុងមួយខែ អាមេរិកអាចបង្កើតការងារថ្មីត្រឹមតែប្រមាណ ១៨ម៉ឺនការងារប៉ុណ្ណោះ ។
អត្ថបទ ៖ សរ សុជាតិ