ធនាគារកណ្តាលអាម៉េរិក កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានបញ្ចុះអត្រាការប្រាក់ជុំទី២ សម្រាប់ឆ្នាំ២០២៤ ចំនួន០,២៥%តាមការរំពឹងទុករបស់ទីផ្សារ ដែលធ្វើឱ្យអត្រាការប្រាក់គោលធ្លាក់មកនៅក្នុងរង្វង់ចន្លោះពី៤,៥%ទៅ៤,៧៥% ហើយប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជើរ៉ូម ផៅវែល បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។
ទន្ទឹមនេះ លោក ជើរ៉ូម ផៅវែល បានប្រាប់ក្រុមអ្នកយកព័ត៌មានដោយបើកចំហថា លោកនឹងមិនចុះចេញពីតំណែងឡើយ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ស្នើឱ្យលោកចុះចេញ។ នៅពេលក្រុមអ្នកសារព័ត៌មានសួរថា តើលោកនឹងយល់ព្រមលាលែងពីតំណែងដែរឬទេ ប្រសិនបើមានការស្នើសុំពីលោក ដូណាល់ ត្រាំ នោះ លោក ជើរ៉ូម ផៅវែល បានឆ្លើយតបថា “ទេ” លោកនឹងមិនចុះចេញឡើយ ហើយបានពន្យល់ថា តាមផ្លូវច្បាប់ ប្រធានាធិបតីទើបជាប់ឆ្នោត ដូណាល់ ត្រាំ គ្មានសិទ្ធិអំណាចអ្វីអាចបណ្តេញលោកចេញពីតំណែង ឬទម្លាក់តំណែងរបស់លោកបានឡើយ។
ពេលនេះបណ្ដាវិនិយោគិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញទំនាក់ទំនងដ៏តានតឹងរវាងប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ និងប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជើរ៉ូម ផៅវែល។
គួររំឭកថា លោក ដូណាល់ ត្រាំ បានតែងតាំងលោក ជើរ៉ូម ផៅវែល ឱ្យកាន់តំណែងជាប្រធានធនាគារកណ្ដាលអាម៉េរិក ក្នុងឆ្នាំ២០១៧ ប៉ុន្តែលោកបានរិះគន់ប្រធានធនាគារកណ្ដាលអាម៉េរិករូបនេះម្ដងហើយម្ដងទៀតចំពោះការយឺតយ៉ាវក្នុងការបញ្ចុះអត្រាការប្រាក់អំឡុងអាណត្តិទី១ ដែលលោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតី។ កាលពីខែតុលា ឆ្នាំ២០២៤ នេះ លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រធានាធិបតីគួរតែមានឥទ្ធិពលលើធនាគារកណ្ដាលអាម៉េរិក ក្នុងកិច្ចការកំណត់អត្រាការប្រាក់៕
ដោយ: តែម សុខុម