រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក ឆូ គ្យុង ហូ (Choo Kyung-ho), ទេសាភិបាលធនាគារជាតិរបស់កូរ៉េ (BOK) លោក រី ឆាង យុង (Rhee Chang-yong) និងមន្ត្រីហិរញ្ញវត្ថុផ្សេងៗទៀត បានបើកកិច្ចប្រជុំមួយ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក។
ក្រសួងហិរញ្ញវត្ថុ និងធនាគារជាតិកូរ៉េ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាល និងធនាគារជាតិកូរ៉េ នឹងបង្កើនប្រព័ន្ធត្រួតពិនិត្យទីផ្សារ ហើយនឹងពិនិត្យយ៉ាងដិតដល់នូវលក្ខខណ្ឌប្រកបនៃប្រព័ន្ធហិរញ្ញវត្ថុរបស់កូរ៉េ ព្រមទាំងអនុវត្តវិធានការស្ថិរភាពទីផ្សារយ៉ាងឆាប់រហ័ស ប្រសិនបើចាំបាច់។
សន្ទស្សន៍តម្លៃភាគហ៊ុននៅទីផ្សារ ខេអូអេសភីអាយ (KOSPI) របស់កូរ៉េខាងត្បូង បានធ្លាក់ចុះជាង ១១ ពិន្ទុ ឬធ្លាក់ចុះក្នុងអត្រា ០,៤៤% គិតត្រឹមម៉ោង ១០:២២ ព្រឹកថ្ងៃព្រហស្បតិ៍ទី៤ឧសភា ហើយប្រាក់វ៉ុនរបស់កូរ៉េក៏បានចុះថោកដែរ។ បើដូរនឹងប្រាក់ដុល្លារ វាមានតម្លៃជាង ១ ៣២៨ វ៉ុន ក្នុង ១ ដុល្លារ ពោលគឺត្រូវថែម ៩,៦ វ៉ុន បើធៀបនឹងពេលបិទបញ្ចប់ការជួញដូរនៅថ្ងៃដដែលនេះ។
ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនបន្ថែម ០,២៥ ពិន្ទុទៀតពោលគឺឡើងដល់កម្រិតក្នុងរង្វង់ ៥% ដល់ ៥,២៥% កាលពីថ្ងៃទី៣ខែឧសភា។ កាលពីខែមីនាឆ្នាំមុន ធនាគារកណ្តាលអាមេរិកបានចាប់ផ្តើមយុទ្ធនាការដ៏ខ្លាំងក្លារបស់ខ្លួនពាក់ព័ន្ធនឹងការដំឡើងអត្រាការប្រាក់គោល ដើម្បីទប់ទល់នឹងអតិផរណា ដែលចេះកើនខ្ពស់គ្មានឈប់ឈរ។
តួអង្គទីផ្សារធនាគារសំខាន់ៗបានសង្ឃឹមថា ធនាគារកណ្ដាលអាមេរិកអាចនឹងកាត់បន្ថយការចំណាយលើប្រាក់កម្ចីក្នុងឆ្នាំនេះ ស្របពេលដែលមានសញ្ញាធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងដែលបន្តមាននៅក្នុងវិស័យធនាគារ ប៉ុន្តែលោក ជេរ៉ូម ផូវែល ប្រធានធនាគារកណ្ដាលអាមេរិក បានច្រានចោលការកាត់បន្ថយអត្រាការប្រាក់នៅក្នុងឆ្នាំនេះ។
ធនាគារជាតិកូរ៉េបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅទ្រឹងក្នុងអត្រា ៣,៥% កាលពីខែមុន បន្ទាប់ពីបានផ្អាកដំឡើងអត្រាការប្រាក់ក្នុងខែកុម្ភៈ ដោយសារអតិផរណាហាក់ដូចជាមានភាពធូរស្រាលច្រើន និងដោយសារមានក្តីបារម្ភខ្លាំងឡើងអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។
ធនាគារជាតិកូរ៉េគ្រោងនឹងរៀបចំកិច្ចប្រជុំមួយស្ដីពីគោលនយោបាយរូបិយវត្ថុរបស់ខ្លួននៅចុងខែឧសភានេះ ហើយអាចប្រឈមមុខនឹងកិច្ចការដ៏គួរឱ្យខ្លាចមួយគឺថាតើត្រូវផ្អាកដំឡើងអត្រាការប្រាក់ជាបន្តទៀត ឬក៏បន្តដំឡើងវាជាថ្មីទៀត៕