ការសម្រេចនេះបានបញ្ចប់នូវការរំពឹងទុកជាបន្តបន្ទាប់ដែលថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។ នៅឯសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃ ប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) បានលើកឡើងថា ក្រុមអ្នកបង្កើតគោលនយោបាយអាម៉េរិក មានទស្សនៈប្រុងប្រយ័ត្នណាស់លើបញ្ហាអតិផរណា។
លោកបានបន្តថា ទោះបីជាអត្រាអតិផរណាប្រចាំខែមានភាពល្អប្រសើរឡើងនៅប៉ុន្មានខែចុងក្រោយនេះក្ដី ក៏ក្រុមអ្នកបង្កើតគោលនយោបាយមិនទាន់មានទំនុកចិត្តថា អតិផរណានឹងវិលទៅរកកម្រិតស្ថិរភាព២%វិញនៅឡើយទេ។
ប្រធានធនាគារកណ្ដាលអាម៉េរិក រូបនេះ បានគូសបញ្ជាក់ថា នៅពេលក្រុមអ្នកបង្កើតគោលនយោបាយកាន់តែមានទំនុកចិត្តជាងមុន នោះធនាគារកណ្ដាលអាម៉េរិកនឹងអាចពិចារណាបន្ធូរបន្ថយគោលនយោបាយ។ ដោយសារវឌ្ឍនភាពថ្មីៗនេះមានភាពយឺតយ៉ាវ ក្រុមមន្ត្រីធនាគារកណ្ដាលអាម៉េរិក នៅពេលនេះបានព្យាករថា អតិផរណានឹងស្ថិតក្នុងរង្វង់២,៦%ត្រឹមដំណាច់ឆ្នាំ២០២៤ នេះ បើធៀបនឹងការព្យាករ២,៤% កាលពីពេលកន្លងទៅ៕
ដោយ: តែម សុខុម