អំឡុងសន្និសីទសារព័ត៌មាននៅសេតវិមាន ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) កាលពីថ្ងៃទី១០ ខែមេសា ប្រធានាធិបតី ចូ បៃឌិន បានព្យាករយ៉ាងកម្រថា ធនាគារកណ្ដាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់នៅមុនដាច់ឆ្នាំ២០២៤ នេះ។
លោក ចូ បៃឌិន អះអាងថា របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ សប្ដាហ៍នេះអាចនឹងពន្យារពេលបញ្ចុះអត្រាការប្រាក់យ៉ាងតិចមួយខែ ប៉ុន្តែជាក់ស្ដែងសុទ្ធតែមិនប្រាកដថាតើធនាគារកណ្តាលអាម៉េរិក នឹងសម្រេចបែបណានៅឡើយទេ។ ទិន្នន័យបង្ហាញពីអតិផរណាហក់ឡើងខ្ពស់ជាងការរំពឹងទុក៣ខែជាប់ៗគ្នា បានវាយប្រហារលោក ចូ បៃឌិន ជាថ្មីដែលត្រូវបានគេរំពឹងថា នឹងជាប់ឆ្នោតអាណត្តិទី២នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ខាងមុខ។
ទោះជាយ៉ាងណា ទន្ទឹមនឹងទទួលស្គាល់អតិផរណាកំពុងហក់ឡើងខ្ពស់ លោក ក៏ព្យាយាមនិយាយការពារខ្លួនដែរថា រដ្ឋាភិបាលរបស់លោកកាត់បន្ថយអតិផរណាបានយ៉ាងច្រើនពី៩% មកនៅត្រឹមជិត៣%។
តាមទម្លាប់ សេតវិមាន មិនធ្វើអត្ថាធិប្បាយជុំវិញសេចក្ដីសម្រេចរបស់ធនាគារកណ្ដាលអាម៉េរិកនោះឡើយ ហើយប្រធានាធិបតី ចូ បៃឌិន ក៏ធ្លាប់បានសន្យាដែរថា នឹងគោរពឯករាជ្យភាពរបស់ធនាគារកណ្ដាលមួយនេះ។ ប៉ុន្តែកាលពីខែមុន លោកបែរជានិយាយថា លោកបានព្យាករថា ធនាគារកណ្ដាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់។
ទន្ទឹមនេះ លោក ជេមី ដាយម៉ុន (Jamie Dimon) ប្រធានធនាគារអាម៉េរិក ជេភីម័រហ្គែន ឆេស (JPMorgan Chase) ដែលជាធនាគារធំបំផុតមួយរបស់ពិភពលោកបែរជាព្រមានថា អត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក អាចនឹងហក់ឡើងរហូតដល់៨%ទៅវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។ លោកលើកឡើងថា ធនាគាររបស់លោកបានត្រៀមខ្លួនរួចជាសម្រេចសម្រាប់អត្រាការប្រាក់ហក់ឡើងដោយសារតែអតិផរណានៅតែហក់ឡើងខ្ពស់។
សូមបញ្ជាក់ថា បណ្ដាធនាគារកណ្ដាលទូទាំងពិភពលោក បាននិងកំពុងមមាញឹកក្នុងការដំឡើងអត្រាការប្រាក់ ដើម្បីទប់តម្លៃទំនិញដែលចេះតែបន្តហក់ឡើងឥតឈប់ឈរ៕
ដោយ: តែម សុខុម