នេះគឺជាការពង្រីកខ្លួនធំជាងគេបំផុតមួយរបស់ក្រុមហ៊ុន ម៉ាយក្រុន (Micron) ដែលនឹងចាប់ផ្តើមពីពេលនេះ រហូតដល់ឆ្នាំ ២០៣០ ស្របពេលដែលប្រទេសអ្នកផលិតឈីបធំៗជាច្រើនទៀតដូចជាអឺរ៉ុប ជប៉ុន និងចិន កំពុងប្រណាំងប្រជែងការផលិត និងផ្គត់ផ្គង់បន្ទះឈីប អំឡុងវិបត្តិខ្វះខាតជាសកលមួយនេះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉ៃក្រូន(Micron)បានឲ្យដឹងថា ក្នុងពេល១០ឆ្នាំខាងមុខនេះ ក្រុមហ៊ុនរបស់លោកសម្លឹងឃើញការសហការជាមួយប្រទេសនានា ជុំវិញពិភពលោកដើម្បីអនុវត្តផែនការដ៏ធំនេះ មិនមែនសហការត្រឹមតែជាមួយសហរដ្ឋអាមេរិកនោះទេ។
គួរជម្រាបថា ម៉ៃក្រូនMicron មានដំណើរការផលិតនៅ សហរដ្ឋអាមេរិក កោះតៃវ៉ាន់ ជប៉ុន និងសិង្ហបុរីហើយក៏មាន ដំណើរការរោងចក្រវេចខ្ចប់បន្ទះឈីប នៅចិន និងម៉ាឡេស៊ីផងដែរ។ មូលដ្ឋានផលិតកម្មសំខាន់បំផុតរបស់ក្រុមហ៊ុន សម្រាប់ផលិតបន្ទះអង្គចងចាំ(Memory) ស្ថិតក្នុងកោះតៃវ៉ាន់ ខណៈកន្លែងសំខាន់បំផុតសម្រាប់ផលិតបន្ទះផ្ទុកទិន្នន័យស្ថិតនៅប្រទេសសិង្ហបុរី។ បន្ទះឈីប និងអង្គចងចាំទាំងនេះមានសារៈសំខាន់ណាស់ចំពោះការផលិតស្មាតហ្វូន កុំព្យូទ័រ រថយន្ត និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត។
សូមជម្រាបថា ស្របពេលដែលទីផ្សារបន្ទះឈីបពិភពលោក តែងតែជួបនូវកង្វះខាត ក្រុមហ៊ុនអ្នកផលិតធំៗកំពុងបង្កើនការវិនិយោគបន្ថែមទៀត ដើម្បីទប់នឹងតម្រូវការដ៏ច្រើនលើសលប់ ក្នុងសម័យឧស្សាហកម្ម ៤.០ នេះ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់តៃវ៉ាន់ TSMC បានទម្លាក់កញ្ចប់ថវិកាប្រមាណ ១០០ពាន់លានដុល្លារផងដែរ សម្រាប់ប្រើប្រាស់រហូតដល់ឆ្នាំ ២០២៣ ក្នុងការបង្កើតគម្រោងផលិតបន្ទះឈីបដ៏ធំនៅក្នុងប្រទេសជប៉ុន៕