នៅអំឡុងឆ្នាំ២០៣២ ឬ២០៣៣ នៅពេលអ្នកអង្គុយនៅលើរានហាលផ្ទះរបស់អ្នកក្នុងទីក្រុងញូវយ៉ក ហើយសម្លឹងមើលទៅឋានព្រះចន្ទ អ្នកនឹងមិនឃើញតែភាពងងឹតស្លុបឡើយ ប៉ុន្តែអ្នកនឹងមើលឃើញ "ពន្លឺភ្លើង" ចេញពីទីនោះ ព្រោះមានមនុស្សកំពុងរស់នៅ និងធ្វើការនៅទីនោះជាប្រចាំ»។ នេះជាការវាយតម្លៃរបស់លោក ឌីលែន ថេយល័រ (Dylan Taylor) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអវកាសVoyager Technologies។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC មិនត្រឹមតែក្រុមហ៊ុនឯកជននោះទេ សូម្បីតែថ្នាក់ដឹកនាំពិភពលោក ក៏កំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះផងដែរ។ អតីតនាយករដ្ឋមន្ត្រីកាណាដា លោកចាស្ទីន ទ្រូដូ (Justin Trudeau) បានលើកឡើងពីមោទនភាពចំពោះបេសកកម្ម Artemis II ដែលមានពលរដ្ឋកាណាដា ចូលរួមហោះហើរជុំវិញព្រះចន្ទ។ លោកជឿជាក់ថា ការចុះចតលើព្រះចន្ទ គឺជាឈ្នាន់សម្រាប់ឈានទៅរកការបង្កើតអាណានិគមនៅលើភពផ្កាយព្រះអង្គារនាពេលអនាគត។
ជាមួយគ្នានេះ កំពូលមហាសេដ្ឋី Elon Musk តាមរយៈក្រុមហ៊ុន SpaceX មានមហិច្ឆតាចង់កសាងទីក្រុង ដែលអាចរីកចម្រើនដោយខ្លួនឯងបាននៅលើឋានព្រះចន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ដើម្បីសម្រេចគោលដៅនេះSpaceX កំពុងរៀបចំការលក់ភាគហ៊ុន (IPO) ដែលត្រូវបានគេរំពឹងថានឹងក្លាយជាការជួញដូរដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។
បច្ចុប្បន្នលំហអវកាសលែងជាកន្លែងសម្រាប់តែការស្រាវជ្រាវបែបវិទ្យាសាស្ត្រទៀតហើយ តែវាបានក្លាយជាហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់ ដោយការវិនិយោគបានកើនឡើងពី២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដល់ជាង៤៥ពាន់លានដុល្លារនៅឆ្នាំ ២០២៥។ ជាពិសេសផ្កាយរណបទូរគមនាគមន៍ក្នុងគន្លងទាបកំពុងក្លាយជាបណ្តាញទំនាក់ទំនងសកល។ យ៉ាងណាមិញធនាគារ Deutsche Bank បានអះអាងថាសេដ្ឋកិច្ចលើឋានព្រះចន្ទកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើនយ៉ាងឆាប់រហ័ស។
ការនាំមុខរបស់សហរដ្ឋអាម៉េរិក ក្នុងវិស័យពាណិជ្ជកម្មអវកាស ក្រោមការបញ្ជាក់របស់លោក ដេវ កាវ៉ូសសា (Dave Cavossa) ប្រធានសហព័ន្ធពាណិជ្ជកម្មអវកាសបានបង្ហាញឱ្យឃើញថា ការរស់នៅលើឋានព្រះចន្ទមិនមែនជារឿងនៅក្នុងខ្សែភាពយន្តវិទ្យាសាស្ត្រទៀតនោះទេ ប៉ុន្តែវាគឺជាការពិតដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ៕
អត្ថបទៈ សួន ឡង់ទី