ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ការទូទាត់ការប្រាក់លើបំណុលរបស់រដ្ឋាភិបាលអាម៉េរិក បានកើនឡើងលើសទ្វេដង ដោយសាររដ្ឋាភិបាលនៃប្រទេសមហាអំណាចមួយនេះ បានបង្កើនការចំណាយយ៉ាងច្រើនសម្បើមអំឡុងវិបត្តិកូវីដ-១៩។ នៅពេលដែលការទូទាត់បំណុលបន្តកើនឡើងឥតឈប់ ការិយាល័យថវិកាសភាអាម៉េរិក (CBO) បានរាយការណ៍ថា ការបង់ការប្រាក់លើបំណុលរបស់រដ្ឋាភិបាលអាម៉េរិក បានកើនលើសទំហំចំណាយលើវិស័យការពារជាតិរបស់ប្រទេសមហាអំណាចមួយនេះ ជាលើកដំបូងមិនធ្លាប់មានក្នុងឆ្នាំនេះ។
ផ្អែកតាមអត្រាបច្ចុប្បន្ន បំណុលជាតិរបស់សហរដ្ឋអាម៉េរិក កំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ចំនួន១ទ្រីលានដុល្លាររៀងរាល់១០០ថ្ងៃ ដែលស្មើនឹងប្រមាណ៣,៦ទ្រីលានដុល្លារ ក្នុងមួយឆ្នាំៗ។ ទិន្នន័យផ្លូវការបង្ហាញថា បំណុលរបស់រដ្ឋាភិបាលអាម៉េរិក បានកើនឡើងយ៉ាងរហ័សឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងឆ្នាំ២០១៤ បំណុលនេះបានកើនឡើងដល់១៨ទ្រីលានដុល្លារ ហើយនៅក្នុងឆ្នាំ២០១៥ បានកើនឡើងដល់១៨,៩ទ្រីលានដុល្លារ ក្នុងឆ្នាំ២០១៦ បានកើនឡើងដល់២០ទ្រីលានដុល្លារ ក្នុងឆ្នាំ២០១៧ បានកើនឡើងដល់២០,៥ទ្រីលានដុល្លារ ក្នុងឆ្នាំ២០១៨ បានកើនឡើងដល់២២ទ្រីលានដុល្លារ។
ទិន្នន័យដដែលបង្ហាញទៀតថា នៅក្នុងឆ្នាំ២០១៩ បំណុលរបស់រដ្ឋាភិបាលអាម៉េរិក បានកើនឡើងដល់២៣,២ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២០ បានកើនឡើងដល់២៧,៧ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២១ បានកើនឡើងដល់២៩,៦ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២២ បានកើនឡើងដល់៣១,៤ទ្រីលានដុល្លារ ហើយក្នុងឆ្នាំ២០២៣ បានកើនឡើងដល់៣៤ទ្រីលានដុល្លារ៕
ដោយ: តែម សុខុម