ការិយាល័យរបស់លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បាននិងកំពុងដឹកនាំគណៈប្រតិភូសភាដទៃទៀតទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន»។ ដំណើរកម្សាន្តនេះនឹងផ្តោតលើពង្រឹងសន្តិសុខរវាងគ្នាទៅវិញទៅមក និងភាពជាដៃគូសេដ្ឋកិច្ច ព្រមទាំងអភិបាលកិច្ចបែបប្រជាធិបតេយ្យនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះផងដែរ។
គណៈប្រតិភូដែលអមដំណើរជាមួយលោកស្រី ផេឡូស៊ី រួមមាន លោកហ្ក្រេកូរី មីកស៍ (Gregory Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក លោកម៉ាក តាកាណូ (Mark Takano) ប្រធានគណៈកម្មាធិការកិច្ចការអតីតយុទ្ធជនអាមេរិក និងលោកស្រី ស៊ូហ្សាន ដេលប៊េនេ (Suzan DelBene)អនុប្រធានគណៈកម្មាធិការមធ្យោបាយ និងចាត់ការទូទៅក្នុងសភា ព្រមទាំងសមាជិកសភាគណបក្សប្រជាធិបតេយ្យពីរនាក់ទៀតគឺ លោករ៉ាចា (Raja Krishnamoorthi) និងលោកអេឌី គីម (Andy Kim)ផងដែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី CNA បានរាយការណ៍ដោយដកស្រង់សម្តីក្រសួងការបរទេសរបស់សិង្ហបុរីថា លោកស្រី Pelosi ត្រូវបានគេរំពឹងថា មកដល់ប្រទេសសិង្ហបុរីនៅថ្ងៃចន្ទ ទី០១ ខែកសីហានេះ ដែលលោកស្រីនឹងធ្វើដំណើរទស្សនៈកិច្ចនៅប្រទេសនេះចំនួនពីរថ្ងៃ។
ទោះយ៉ាងណា គេសង្កេតឃើញាថា «នៅក្នុងសេចក្តីថ្លែងការណ៍នៃដំណើរទស្សនៈកិច្ចនោះ ការិយាល័យសភាអាមេរិកបានប្រើពាក្យពេចន៍ប្រយ័ត្នប្រយែងណាស់ ដោយមិនបានលើកឡើងថា លោកស្រីនឹងធ្វើដំណើរទៅកោះតៃវ៉ាន់ ឬយ៉ាងណានោះទេ តែក៏មិនប្រាកដថា លោកស្រីនឹងមិនទៅនោះដែរ»។
ជាការពិត ប្រទេសចិនចាត់ទុកដំណើរទស្សនកិច្ចរបស់មន្ត្រីកំពូលទី ៣ របស់អាមេរិកនេះ ទៅកាន់កោះតៃវ៉ាន់ថា ជាការផ្ញើសារលើកទឹកចិត្ត ក៏ដូចជាគាំទ្រឲ្យដែនកោះនេះហ៊ានប្រកាសឯករាជ្យ ដែលទីក្រុងប៉េកាំងមិនអាចទទួលយកបានជាដាច់ខាត ដ្បិតថា ទីក្រុងប៉េកាំង តែងចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។
គួររំលឹកថា កាលជំនួបតាមទូរស័ព្ទនៅសប្តាហ៍មុនប្រធានាធិបតីចិន លោក Xi Jinping បានព្រមានលោក Joe Biden ថា ទីក្រុងវ៉ាស៊ីនតោនគួរតែគោរពតាមគោលការណ៍ចិនតែមួយ ហើយ "អ្នកដែលប្រលែងលេងជាមួយភ្លើង អ្នកនោះតែងតែរលាកឆេះខ្លោចមិនខានឡើយ»។ ហើយសារដ៏ច្បាស់ៗរបស់លោកស៊ី ជីនពីងនេះ គឺចង់សំដៅដល់សំណុំរឿងដ៏រសើបកោះតៃវ៉ាន់នេះតែម្តង។
ជាមួយគ្នានោះដែរ លោក Biden បានប្រាប់លោក Xi វិញថា គោលនយោបាយរបស់សហរដ្ឋអាមេរិកលើកោះតៃវ៉ាន់មិនដែលផ្លាស់ប្តូរទេ ហើយថា ទីក្រុងវ៉ាស៊ីនតោននឹងប្រឆាំងយ៉ាងដាច់ខាតក្នុងការផ្លាស់ប្តូរទឹកដីដោយឯកតោភាគីនៃប្រទេសណាមួយ ដែលធ្វើឲ្យវឹកវរសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
នៅសប្តាហ៍នេះ កងនាវាចរទី ៧ នៃកងយោធាជើងទឹករបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា ខ្លួនបានបញ្ជូននាវាផ្ទុកយន្តហោះ (USS Ronald Reagan) ពីកំពង់ផែក្នុងប្រទេសសិង្ហបុរីឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង។ ប៉ុន្ដែ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងឈរជើងនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការដែលបានគ្រោងទុកតែប៉ុណ្ណោះ។
ជួនជាមួយគ្នានេះដែរ ទីក្រុងប៉េកាំងឯណោះវិញក៏ធ្វើសមយុទ្ធដោយប្រើគ្រាប់ពិត ក្បែរច្រកសមុទ្រតៃវ៉ាន់ និងនៅសមុទ្រចិនខាងត្បូងផងដែរ ដែលធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា វានឹងអាចបង្កឲ្យការប៉ះទង្គិចផ្នែកយោធាណាមួយជាមួយអាមេរិកក៏អាចថាបាន។
អ្នកនាំពាក្យកងទ័ពអាកាសចិន លោកហ្សេន ជីន (Shen Jinke) ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដែលបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉េកាំងនឹង «ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ហើយចិនមិនរារែកចិត្តឡើយក្នុងការប្រើកម្លាំង»៕