អ្នកជំនាញយល់ឃើញថា នេះគឺជាចេតនាសុទ្ធសាធក្នុងការបង្កសម្ពាធ និងញ៉ុះញ៉ង់ឱ្យកម្ពុជា ឆ្លើយតប ខណៈអ្នកជំនាញស្នើកម្ពុជា បន្តតវ៉ាតាមផ្លូវការទូត និងប្រើប្រាស់វេទិកាអន្តរជាតិ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញជំហររបស់ខ្លួន ព្រមទាំងរក្សាភាពអត់ធ្មត់ និងចៀសវាងការឆ្លើយតបដោយកម្លាំងបាយ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា សកម្មភាពរបស់ភាគីថៃនៅប្រាសាទតាក្របី ដែលជាប្រាសាទបុរាណខ្មែរ គឺជាការព្យាយាមបង្កសម្ពាធ និងជំរុញឱ្យកម្ពុជាមានប្រតិកម្មឆ្លើយតប។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះជឿជាក់ថា ទោះបីជាថៃព្យាយាមធ្វើសកម្មភាពបែបណាក៏ដោយ ក៏មិនអាចធ្វើឱ្យប្រាសាទតាក្របីក្លាយជាកម្មសិទ្ធិស្របច្បាប់របស់ថៃបានឡើយ។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា កម្ពុជាចាំបាច់ត្រូវប្រកាន់ជំហរតវ៉ាតាមផ្លូវការទូតចំពោះសកម្មភាពរបស់ភាគីថៃ ជាពិសេសកម្ពុជាអាចប្រើប្រាស់ឱកាស នៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ដើម្បីលើកឡើងពីបញ្ហានេះទៅកាន់សហគមន៍អន្តរជាតិ។
ជុំវិញបញ្ហានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានលើកឡើងថា សកម្មភាពរបស់ភាគីថៃក្នុងការបើកឱ្យប្រជាពលរដ្ឋខ្លួនចូលទស្សនាប្រាសាទតាក្របី ដែលស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមមាញឹករៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានបង្ហាញពីចេតនារបស់ថៃក្នុងការបង្កើនសម្ពាធ និងបង្ហាញជំហររបស់ខ្លួនចំពោះបញ្ហាជម្លោះជាមួយកម្ពុជា។
អ្នកជំនាញរូបនេះយល់ថា កម្ពុជាចាំបាច់ត្រូវបន្តដាក់កំណត់ទូតតវ៉ាចំពោះសកម្មភាពរបស់ភាគីថៃ ព្រមទាំងគួរឆ្លៀតយកឱកាស នៃវេទិកាអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផ្សព្វផ្សាយព័ត៌មាន និងបង្ហាញដល់សហគមន៍អន្តរជាតិនូវសកម្មភាពយោធាថៃរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយមើលឃើញថា ការដែលថៃបើកប្រាសាទតាក្របីឱ្យពលរដ្ឋចូលទស្សនាចំពេលកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីវាបានបង្ហាញពីចេតនាបង្កហេតុរបស់ថៃ និងជាការផ្គើននឹងប្រទេសបារាំង ក៏ដូចជាមិនគោរពដល់បណ្តាប្រទេសជាង៧០ ដែលគ្រោងចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនេះ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះរបស់ថៃវាប្រៀបបាននឹងការដាក់ខ្លួននៅក្រៅក្របខណ្ឌច្បាប់អន្តរជាតិ និងជ្រើសរើសការអនុវត្តតាមអ្វីដែលលោកហៅថា ច្បាប់ព្រៃ។ អ្នកជំនាញរូបនេះយល់ថា សកម្មភាពរបស់ថៃអាចមានគោលបំណងញ៉ុះញ៉ង់ឱ្យកម្ពុជាឆ្លើយតប ដែលអាចធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងអន្ទាក់នយោបាយរបស់ថៃ។ ដូច្នេះកម្ពុជាត្រូវតែបន្តតវ៉ាតាមផ្នែកការទូត ត្រូវរក្សាការអត់ធ្មត់ និងជៀសវាងការប្រើកម្លាំងបាយ។
គួររម្លឹកថា កាលពីកន្លងទៅថ្មីៗ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសទាត់ចោលនូវការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលអះអាងថា ប្រាសាទតាក្របី និងប្រាសាទខ្នារស្ថិតក្នុងទឹកដីថៃ និងត្រូវបានថៃចុះក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ខ្លួន។ ជាមួយគ្នានេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញសេចក្ដីថ្លែងការណ៍តវ៉ា និងក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឯកតោភាគីទាំងអស់នៅតំបន់ប្រាសាទតាក្របី។ ការតវ៉ាជាបន្តបន្ទាប់នេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរ និងយោធាថៃបានធ្វើសកម្មភាពសាងសង់ និងរៀបចំពិធីសាសនាជាដើម៕
អត្ថបទ៖ ជា ម៉ារ៉ា