របាយការណ៍នេះ ធ្លាក់មកជួនចំពេលដែលរដ្ឋបាលរបស់លោកបៃឌិន កំពុងមានផែនការ សម្រេចថា តើត្រូវដករនាំងពន្ធមួយចំនួនចេញវិញដែរ ឬយ៉ាងណា ដើម្បីកាត់បន្ថយតម្លៃអតិផរណា ដែលកំពុងតែកើនឡើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
សមាគមអ្នកប្រើប្រាស់បច្ចេកវិទ្យា ដែលជាអ្នករៀបចំបាយការណ៍ខាងលើនេះ បានឲ្យដឹងថា ដោយសារតែរនាំងពន្ធគយ បានធ្វើឱ្យឧស្សាហកម្មបច្ចេកវិទ្យាអាមេរិក បានកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន ដោយបានងាកទៅពឹងផ្អែកលើប្រទេសវៀតណាម កោះតៃវ៉ាន់ ប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសដទៃទៀត។
ទោះយ៉ាងណា គេមិនអាចកាត់ផ្តាច់ទាំងស្រុងពីបច្ចេកវិទ្យារបស់ចិនបានទេ ពោល ការនាំចូលពីចិននៅតែមាន គ្រាន់តែក្នុងចំនួនតិចជាងមុន ប៉ុន្តែអ្នកនាំចូលត្រូវបង់ពន្ធច្រើនជាងមុនដូចគ្នា។ សមាគមដដែលបន្តថា ប្រហែលពាក់កណ្តាលនៃពន្ធសរុបទាំង ៣២ពាន់លានដុល្លារត្រូវបានបង់លើ ផលិតផលកុំព្យូទ័រ និងផលិតផលអេឡិចត្រូនិកដែលផលិតដោយចិន។
គួរជម្រាបថា របាយការណ៍នេះធ្លាក់ចុះមក ជួនចំពេលដែលរដ្ឋបាលលោកចូ បៃឌិន កំពុងសម្រេចចិត្តថា តើត្រូវដកពន្ធមួយចំនួនពីទំនិញចិនដែរឬទេ។ ការឈានដល់ការសម្រេចចិត្តនេះ គឺដោយសារតែវ៉ាស៊ីនតោន យល់ឃើញថាវាមធ្យោបាយមួយ ដើម្បីផ្តល់ការធូរស្រាលខ្លះ ដល់អ្នកប្រើប្រាស់អាមេរិកពីកំណើនអតិផរណាខ្ពស់ក្នុងពេលបច្ចុប្បន្ន។
សម្រាប់សមាគមអ្នកប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក រនាំងពន្ធគយទាំងនេះមិនបានដោះស្រាយបញ្ហាពាណិជ្ជកម្មមិនស្មើភាពរវាងចិននិងអាមេរិកឡើយ តែផ្ទុយទៅវិញវាកំពុងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន និងអាជីវកម្ម និងពលរដ្ឋរបស់សហរដ្ឋអាមេរិកខ្លួនឯង។
សូមជម្រាបថា ដោយសារតែរនាំងពន្ធគយ ការនាំចូលផលិតផលអេឡិចត្រូនិច ពីប្រទេសចិនមកអាមេរិក បានធ្លាក់ពី៣២% នៃការនាំចូលរបស់អាមេរិកសរុបក្នុងឆ្នាំ២០១៧ មកនៅត្រឹមតែតួលេខធ្លាក់ចុះ ១៧% កាលពីឆ្នាំ២០២១៕