បន្ទះឈីប

សហរដ្ឋអាម៉េរិកបង្កើនការរឹតបន្តឹងធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យបន្ទះឈីបរបស់ក្រុមហ៊ុនធំៗធ្លាក់ដល់ដៃប្រទេសចិន


សហរដ្ឋអាម៉េរិក បានប្រកាសដាក់ចេញវិធានការថ្មីៗរឹតបន្តឹងបន្ថែមទៀតសំដៅរារាំងទប់ស្កាត់ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលៗរបស់ពិភពលោក រួមមានទាំងក្រុមហ៊ុនតៃវ៉ាន់ TSMC និងក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ព្រមទាំងបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ការវេចខ្ចប់បន្ទះឈីបកំពូលៗផ្សេងទៀត កុំឱ្យផ្ដល់សេវាកម្មផលិតបន្ទះឈីបទំនើបកម្រិតខ្ពស់របស់ពួកគេឱ្យទៅបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បន្ទះឈីបចិន និងក្រុមហ៊ុនអភិវឌ្ឍន៍បន្ទះឈីបដែលគ្មានការទទួលស្គាល់ត្រឹមត្រូវនៅទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
បន្ទះឈីប
ដោយ

ក្រសួងពាណិជ្ជកម្មអាម៉េរិក បានប្រកាសថា ខ្លួនកំពុងពង្រីកបន្ថែមនូវលក្ខខណ្ឌតម្រូវឱ្យមានអាជ្ញាបណ្ណត្រឹមត្រូវសម្រាប់បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបចុះកិច្ចសន្យា និងបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ការវេចខ្ចប់ និងការតេស្តសាកល្បង ដែលស្វះស្វែងនាំចេញបន្ទះឈីបក្រោមកម្រិត 14- ឬ 16-nanometer ហើយលុះត្រាតែក្រុមហ៊ុនទាំងនោះត្រូវបានអនុម័តដោយសហរដ្ឋអាម៉េរិក។ សូមបញ្ជាក់ថា បន្ទះឈីបបែបនេះត្រូវបានប្រើប្រាស់កម្មវិធី App នានា រួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ផងដែរ។

រដ្ឋបាលរបស់ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន បានដាក់ចេញវិធានការថ្មីៗដើម្បីរារាំងទប់ស្កាត់កុំឱ្យវិស័យបច្ចេកវិទ្យារបស់មហាយក្សចិនរីកចម្រើនឆាប់រហ័សពេក និងរារាំងក្រុមហ៊ុននានាដែលជាប់ក្នុងបញ្ជីខ្មៅដូចជាក្រុមហ៊ុន Huawei ជាដើមមិនឱ្យទទួលបានបន្ទះឈីបទំនើបកម្រិតខ្ពស់។ សូមបញ្ជាក់ថា ប្រធានាធិបតីទើបជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងជំនួសលោក ចូ បៃឌិន ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ដ៏ខ្លីខាងមុខនេះ។

ការិយាល័យឧស្សាហកម្ម និងសន្តិសុខ នៃក្រសួងពាណិជ្ជកម្មម៉េរិក បានចុះបញ្ជីក្រុមហ៊ុនរចនាបន្ទះឈីប ដែលត្រូវបានអនុម័តចំនួន៣៣ និងក្រុមហ៊ុនផ្គត់ផ្គង់ការវេចខ្ចប់ និងការតេស្តសាកល្បងចំនួន២៤ ដោយផ្អែកលើសន្តិសុខជាតិ និងអនុលោមតាមច្បាប់នាំចេញរបស់សហរដ្ឋអាម៉េរិក។

ក្រុមហ៊ុនរចនាបន្ទះឈីបដែលត្រូវបានអនុម័តភាគច្រើនមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Intel និងក្រុមហ៊ុន Nvidia ជាដើមរួមជាមួយក្រុមហ៊ុនមួយចំនួនទៀតមកពីអឺរ៉ុប ជប៉ុន និងតៃវ៉ាន់ ហើយគ្មានក្រុមហ៊ុនចិនណាមួយជាប់ឈ្មោះក្នុងបញ្ជីខាងលើនេះឡើយ។

សូមបញ្ជាក់ថា បណ្ដាក្រុមហ៊ុនវេចខ្ចប់បន្ទះឈីបត្រូវបានតម្រូវឱ្យជូនដំណឹងដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ប្រសិនបើពួកគេវេចខ្ចប់ផលិតផលបន្ទះឈីបណាមួយដែលស្ថិតក្រោមការរឹតបន្តឹងការនាំចេញ​៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការស្ទង់មតិមួយបង្ហាញថា បញ្ហាជម្លោះ អាកាសធាតុក្ដៅខ្លាំង និងព័ត៌មានមិនពិតជាហានិភ័យសកលធំបំផុតនៅឆ្នាំ២០២៥

ការស្ទង់មតិរបស់ក្រុមអ្នកជំនាញខាងហានិភ័យនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីសបានបង្ហាញថា បញ្ហាជម្លោះ អាកា…

កាណាដា អាចនឹងចាត់វិធានការតបតតាមរយៈការដំឡើងពន្ធលើទំនិញនាំចូលរបស់សហរដ្ឋអាម៉េរិក ដែលមានទំហំរហូតដល់ទៅជាង១០០ពាន់លានដុល្លារអាម៉េរិក

ប្រទេសកាណាដា ដែលមានប្រជាជនសរុបជាង៤១លាននាក់ និងមានភូមិសាស្ត្រ ស្ថិតនៅទ្វីបអាម៉េរិកខាងជើង អាចនឹងចាត់វិធានការតបតវិញតាមរយៈការដំឡើងពន្ធល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ