អាម៉េរិក កំពុងសិក្សាវាយតម្លៃលទ្ធភាព

អាម៉េរិក កំពុងសិក្សាវាយតម្លៃលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ


តើវាជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីរបស់អាម៉េរិកមែនទេ ក្រោយប្រទេសមហាអំណាចមួយនេះបានប្រកាសថា ពេលនេះខ្លួនកំពុងសិក្សាវាយតម្លៃលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ? ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសផ្អាកជំនួយស្ទើរតែទាំងអស់របស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កម្ពុជា និងធ្វើឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានធ្វើទស្សនកិច្ចមកកាន់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
អាម៉េរិក កំពុងសិក្សាវាយតម្លៃលទ្ធភាព
ដោយ

រដ្ឋាភិបាលអាម៉េរិក បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា ពេលនេះខ្លួនកំពុងសិក្សាវាយតម្លៃលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលគ្រោងដាក់ឱ្យដំណើរការនៅថ្ងៃទី១០ ខែកក្កដា ក្នុងករណីមិនមានអ្វីប្រែប្រួល។

ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) ដែលស្ថិតនៅក្រោមចំណុះក្រសួងការបរទេសអាម៉េរិក ដែលបានបង្កើតឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អំឡុងអាណត្តិទី១របស់លោកដើម្បីផ្ដល់ហរិញ្ញប្បទានដល់គម្រោងវិនិយោគជននានា បានបញ្ចេញរបាយការណ៍វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គម (ESAI) នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

របាយការណ៍វាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន និងសង្គម ដែលនឹងត្រូវបើកចំហសម្រាប់សាធារណៈជនរហូតដល់ថ្ងៃ១២ ខែកក្កដា នេះមិនបានបញ្ជាក់អំពីទំហំហិរញ្ញប្បទាន និងលក្ខខណ្ឌនៃការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ នោះទេ។

ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ដំណាក់កាលទី១ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានសមត្ថភាពទទួលអ្នកដំណើររហូតដល់ទៅប្រមាណ១៣លានាក់ ក្នុងមួយឆ្នាំនេះ នឹងត្រូវដាក់ឱ្យដំណើរការនៅថ្ងៃទី១០ ខែកក្កដា ដ៏ខ្លីខាងមុខនេះ ប្រសិនបើការធ្វើតេស្តសាកល្បង និងការត្រួតពិនិត្យដំណាក់កាលចុងក្រោយគ្មានបញ្ហាអ្វីទេនោះ។

សូមបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានអភិវឌ្ឍដោយការបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលកាន់កាប់ភាគហ៊ុន១០% ហើយភាគហ៊ុនសល់ទាំងប៉ុន្មានកាន់កាប់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ។

គួររំឭកថា នៅក្នុងឆ្នាំ២០១៧ ដំណាក់កាលទី១ នៃការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានប្រកាសថា គ្រោងចំណាយប្រមាណ១,១ពាន់លានដុល្លារ ប៉ុន្តែក្រោយមកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ដំណាក់កាលទី១ នេះមានតម្លៃ១,៥ពាន់លានដុល្លារ។

អ្នកអភិវឌ្ឍន៍បាននិយាយថា ពួកគេចង់បញ្ចប់ការអភិវឌ្ឍដំណាក់កាលទី២ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលនឹងរួមបញ្ចូលទាំងផ្លូវរត់ទី២ និងការពង្រីកសមត្ថភាពទទួលអ្នកដំណើរឱ្យឈានដល់៣០លាននាក់ នៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែមិនទាន់មានការប្រកាសពីទំហំវិនិយោគសម្រាប់ការពង្រីកនេះនៅឡើយទេ។

លោក ខាលីល ថេល័រ (Carlyle Thayer) សាស្ត្រាចារ្យកិត្តិយសនៅសកលវិទ្យាល័យ New South Wales នៃប្រទេសអូស្ត្រាលី និងជាអ្នកជំនាញផ្នែកបញ្ហាអាស៊ីអាគ្នេយ៍ បានលើកឡើងថា ច្បាស់ណាស់ថា សហរដ្ឋអាម៉េរិកកំពុងព្យាយាមទប់ទល់នឹងឥទ្ធិពលរបស់មហាយក្សចិន នៅក្នុងប្រទេសកម្ពុជា ជាពិសេសបន្ទាប់ពីប្រទេសចិន បានចូលរួមក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា។

អ្នកជំនាញរូបនេះបានបន្ថែមថា ប្រសិនបើសហរដ្ឋអាម៉េរិកពិតជាផ្តល់ហិរញ្ញប្បទានដល់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះមែននោះ វានឹងបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីរបស់ក្រុងវ៉ាស៊ីនតោនចំពោះកម្ពុជា។ ជាការពិតណាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាម៉េរិកបានផ្តោតលើការទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់មហាយក្សចិននៅក្នុងប្រទេសកម្ពុជា ជាពិសេសក្រោយពីចិន បានផ្តល់ហិរញ្ញប្បទានសម្រាប់ការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម។

សូមបញ្ជាក់ផងដែរថា លទ្ធភាពនៃការផ្តល់ហិរញ្ញប្បទានរបស់ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) នៃក្រសួងការបរទេសអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ កើតឡើងចំពេលដែលគោលនយោបាយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានចាត់វិធានការរករឿងមកលើកម្ពុជា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទុនបម្រុងអន្តរជាតិ ជាប្រាក់ដុល្លារអាម៉េរិក ទូទាំងពិភពលោកធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន តើមកពីមូលហេតុអ្វី?

ទុនបម្រុងអន្តរជាតិ ជាប្រាក់ដុល្លារអាម៉េរិក នៅទូទាំងពិភពលោក គិតត្រឹមដំណាច់ឆ្នាំ២០២៤ បានធ្លាក់ចុះខ្លាំងមកដល់កម្រិតទាបបំផុតមិនធ្លាប់មានចា…

សម្តេចធិបតីអះអាងថា ព្រលានយន្តហោះពោធិ៍ចិនតុងនឹងរក្សាទុកជាសម្បត្តិរដ្ឋ និងបម្រើផលប្រយោជន៍របស់ពលរដ្ឋ

ក្រោយមានការជជែកយ៉ាងផុសផុលអំពីការលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅឱ្យក្រុមហ៊ុនឯកជន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ