ស្ថានបេសសកម្មពិសេសសហរដ្ឋអាមេរិកប្រចាំទីក្រុងតៃប៉ិ បាននិយាយថា គណៈប្រតិភូសភាកំពុងដឹកនាំដោយសមាជិកព្រឹទ្ធសភា លោកអេដ ម៉ាកគី (Ed Markey) ដែលត្រូវបានអមដោយសមាជិកសភាចំនួនបួនរូបផ្សេងទៀត បានធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមានកោះតៃវ៉ាន់ផងដែរ។
ជុំវិញដំណើរទស្សនកិច្ចនេះ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃទី ១៤ សីហាដែរថា «សមាជិកនៃសភាសហរដ្ឋអាមេរិកគួរតែធ្វើសកម្មភាពស្របតាម «គោលនយោបាយចិនតែមួយ» តែបើមើលឲ្យមែនទែនទៅ ក្រោយការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី និងសមាជិកសភានាពេលឥឡូវនេះ បានសរបង្ហាញថា អាមេរិកមិនចង់ឃើញស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់នោះទេ ដោយបានជំរុញឲ្យមានកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងទៅវិញ»។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយដែរថា សមាជិកសភារបស់ខ្លួន តែងតែបានធ្វើដំណើរទៅកោះតៃវ៉ាន់អស់ជាច្រើនទសវត្សរ៍កន្លងមកហើយ ហើយនឹងបន្តធ្វើដូច្នេះ ព្រោះដំណើរទស្សនៈកិច្ចបែបនេះ គឺមិនបានប្រាសចាកពីគោលនយោបាយចិនតែមួយនោះទេ។
ជាការពិត ក្រោមន័យ «គោលនយោបាយចិនតែមួយ» នោះ សហរដ្ឋអាមេរិកត្រូវមានទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងប៉េកាំង មិនមែនតៃវ៉ាន់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនមិនបញ្ជាក់ពីជំហរថា តើទីក្រុងប៉េកាំងមានអធិបតេយ្យភាពលើកោះតៃវ៉ាន់ ឬយ៉ាងណានោះទេ តែសហរដ្ឋអាមេរិកបែរជាបង្កើតច្បាប់គាំទ្រដែលត្រូវផ្តល់មធ្យោបាយការពារខ្លួនទៅឲ្យតៃវ៉ាន់ទៅវិញ បើថ្ងៃណាមួយទីក្រុងប៉េកាំងប្រហារដោយកម្លាំងយោធាមែន។
យ៉ាងណាក៏ដោយ ការិយាល័យរបស់លោក Markey ដែលជាសមាជិកព្រឹទ្ធសភាអាមេរិក បាននិយាយថា ដំណើរទស្សនកិច្ចនេះ «នឹងបញ្ជាក់នូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ឡើងវិញ ដែលត្រូវបានចែងច្បាស់ក្នុងច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ និងសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិកនិងចិន ព្រមទាំងការធានាការពារប្រាំមួយចំណុចរវាងអាមេរិក និងតៃវ៉ាន់ ដែលវានឹងលើកទឹកចិត្តឱ្យមានស្ថិរភាព និងសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
ស្ថានបេសសកម្មពិសេសសហរដ្ឋអាមេរិកប្រចាំទីក្រុងតៃបានបញ្ជាក់ថា «គណៈប្រតិភូនឹងជួបជាមួយមេដឹកនាំជាន់ខ្ពស់តៃវ៉ាន់ ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ សន្តិសុខក្នុងតំបន់ ពាណិជ្ជកម្ម និងការវិនិយោគ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ការប្រែប្រួលអាកាសធាតុ និងបញ្ហាសំខាន់ៗផ្សេងទៀតនៃផលប្រយោជន៍រវាងគ្នាទៅវិញទៅមក»៕