សមយុទ្ធអាម៉េរិកនៅប៉ាស៊ីហ្វិក

អាមេរិកចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹកនៅប៉ាស៊ីហ្វិក «RIMPAC» ដោយមាន២៦ប្រទេសចូលរួម តែមិនបញ្ចូលកោះតៃវ៉ាន់ទេ


សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាដ៏ធំបំផុតរបស់ពិភពលោកហើយកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយមានការចូលរួមពីប្រទេសនៅតំបន់ប៉ាស៊ីហ្វិកចំនួន២៦ ប៉ុន្តែគេពុំឃើញវត្តមានរបស់កងទ័ពជើងទឹកនៃកោះតៃវ៉ាន់ឡើយ។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានជប៉ុន Nikkei។
អាមេរិកចាប់ផ្តើមសមយុទ្ធ RIMPAC ដោយគ្មានកោះតៃវ៉ាន់!
ដោយ

សមយុទ្ធនៅប៉ាស៊ីហ្វិកប្រចាំឆ្នាំ​ដែលគេឱ្យឈ្មោះថា រីមផេក (RIMPAC) ដឹកនាំដោយកងទ័ពជើងទឹកអាមេរិកនៅឆ្នាំនេះ បានចាប់ផ្តើមធ្វើឡើង​នៅឯកោះហាវ៉ៃ ដោយមានប្រទេសដៃគូចំនួន ២៦ចូលរួម។ សមយុទ្ធនេះនឹងធ្វើឡើងរយៈពេល ៣៧ថ្ងៃចាប់ពីថ្ងៃពុធទី២៩មិថុនារហូតដល់ថ្ងៃទី០៤ខែសីហា ដែលមានទាហានចូលរួមសរុបប្រហែល ២ម៉ឺន៥ពាន់នាក់។

សមយុទ្ធ​នេះ ​ជា​ឱកាស​សម្រាប់​សហរដ្ឋអាមេរិក​ដើម្បី​បង្ហាញ​​ពី​​កិច្ចសហប្រតិបត្តិការ​ពហុភាគី​ប្រឆាំង​នឹង​ការគំរាមកំហែង​​ពី​ប្រទេស​ចិន ប៉ុន្តែស្របពេលដែលស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់កំពុងនៅក្តៅងំនៅឡើយ អាមេរិកមិនបានបញ្ចូលកោះតៃវ៉ាន់​ក្នុងសមយុទ្ធនោះឡើយ។ ការណ៍នេះ ទំនងជាដោយសារតែគេចង់​បញ្ចៀសការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយទីក្រុងប៉េកាំង។ យ៉ាងណាមិញ សមាជិកសភា​អាមេរិកធ្លាប់បានផ្តល់អនុសាសន៍ថា រដ្ឋបាលរបស់ប្រធានាធិបតីចូ បៃឌិន គួរតែបញ្ចូលកោះតៃវ៉ាន់ក្នុងសមយុទ្ធដែរ។

ក្រៅពីនោះនៅមានហេតុផល​មួយចំនួនទៀត ដោយសារតែរដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន មិនចង់ឱ្យប្រទេសនៅ​តំបន់​អាស៊ីអាគ្នេយ៍មួយចំនួន ដែលចូលរួមក្នុងសមយុទ្ធនេះ មានភាពទើសទាល់ ជាមួយចិន នៅពេលដែលពួកគេ​ត្រូវធ្វើ​សមយុទ្ធ​ជាមួយ​នឹងកោះតៃវ៉ាន់ដែរ។

គួរជម្រាបថា សមយុទ្ធ RIMPAC នឹងនាំ​មកនូវ​ការហ្វឹកហាត់ប្រឆាំងនឹង នាវាមុជទឹក ការប្រើប្រាស់កាំភ្លើងការពារដែនអាកាស និងមីស៊ីល គួបផ្សំនឹងសកម្មភាពបច្ចេកទេសលើផ្ទៃសមុទ្រផ្សេងៗទៀត។ សមយុទ្ធ​លើកនេះ មានប្រើប្រាស់​នាវាចំនួន​ ៣៨​គ្រឿង និង​យន្តហោះ​ចម្បាំង​ជាង​១៧០​គ្រឿង​។

ក្នុងចំណោមបញ្ជីឈ្មោះប្រទេសចូលរួមទាំង២៦ ក្នុងរួមមានប្រទេសមួយចំនួនដែលខ្វះមិនបានដូចជា ជប៉ុន អូស្ត្រាលី ចក្រភពអង់គ្លេស ឥណ្ឌា ហ្វីលីពីន ថៃ និងប្រទេសកោះតុងហ្គា។ នេះបើយោងតាមការបញ្ជាក់កង​ទ័ពជើងទឹកសហរដ្ឋអាមេរិក។

សូមជម្រាបថា សមយុទ្ធ រីមផេក (RIMPAC) ត្រូវធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងជាមួយនឹងប្រទេសនៅ​តំបន់ប៉ាស៊ីហ្វិកជាច្រើន ដោយឡែក តែនៅឆ្នាំ២០២០ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ កាលនោះមានការប្រមូលផ្តុំគ្នាត្រឹមតែ ១០ប្រទេស និងទាហានចំនួន ៥ពាន់៣រយនាក់ប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


សកម្មភាពរោងចក្រផលិតនៅអាស៊ីជាប់គាំង បង្កើនក្ដីបារម្ភដល់ការដាំក្បាលចុះនៃសេដ្ឋកិច្ចសកល

សកម្មភាពផលិតកម្មរបស់ប្រទេសចិនបានពង្រីកយ៉ាងលឿនបំផុតក្នុងខែមិថុនា បើធៀបក្នុងរយៈពេល ១៣ ខែចុងក្រោយនេះ ខណៈការដកចេញនូវវិធានការបិទខ្ទប់នៃកូ…

ប្រធានាធិបតីឥណ្ឌូនេស៊ីថា លោកពូទីនយល់ព្រមបើកផ្លូវសមុទ្រសម្រាប់នាំចេញស្រូវសាលីរបស់អ៊ុយក្រែន

បន្ទាប់ពីបានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនបានមួយថ្ងៃ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះក៏បានបន្ដជួបជាមួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ