ស្ថានីយសាកអាគុយយានយន្ដអគ្គិសនីកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឲ្យវិស័យឯកជនវិនិយោគលើស្ថានីយសាកអាគុយយានយន្ដអគ្គិសនី


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញលើកទឹកចិត្តឲ្យវិស័យឯកជន ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀត វិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឲ្យបានទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមស្ថានីយលក់ប្រេងឥន្ធនៈនានា ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់យានយន្តបានគ្រប់ពេលវេលា និងដើម្បីជាភាពងាយស្រួលក្នុងការជំរុញឲ្យ បងប្អូនប្រជាពលរដ្ឋអាចទិញរថយន្តអគ្គិសនីឲ្យបានច្រើន និងប្រើប្រាស់បានទូលំទូលាយ។
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញលើកទឹកចិត្តឲ្យវិស័យឯកជន ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀត វិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឲ្យបានទូលំទូលាយនៅទូទាំងប្រទេស។

កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីចាប់ផ្ដើមត្រួសត្រាយផ្លូវឱ្យវិស័យឯកជនចូលរួមលើការវិនិយោគក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្ន ជាក់ស្តែងនៅរយៈពេល៧ខែ ឆ្នាំ២០២២ មានរថយន្តអគ្គិសនីសរុបចំនួន ៣០៥គ្រឿង ដែលបានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ ១៨០០% ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយល់ដឹង និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋលើការប្រើប្រាស់ក្រសួងសាធារណការ និងដឹកជញ្ជូន រថយន្តអគ្គិសនីនៅកម្ពុជា។ ទន្ទឹមនឹងការមើលឃើញពីការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់យានយន្តបានគ្រប់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងដែរថា ការប្រើប្រាស់រថយន្តអគ្គិសនីមានគុណសម្បត្តិល្អច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈ ដោយពន្ធនាំចូលលើរថយន្តអគ្គិសនី មានតម្លៃទាបជាងពន្ធនាំចូលនៃរថយន្តប្រើប្រេងឥន្ធនៈក្នុងរង្វង់ជាង៥០%។ ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តអគ្គិសនីចំណេញលើការចំណាយថ្លៃថាមពល​ជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ៣ដងឯណោះ ចំណែកការជួសជុលថែទាំវិញ ក៏មានការចំណាយតិច ដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច ជាពិសេសការប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន៣ទីតាំង ក្នុងនោះ ទីតាំងទី១ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ស្ថិតនៅក្នុង​ខេត្តព្រះសីហនុ និងទីតាំងលើកទី៣ស្ថិតនៅក្នុងក្រុងសៀមរាប ហើយក្រសួងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង ដែលជាជំនួយរបស់អង្គការ UNDP ដើម្បីជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើន ។​ បើតាម ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានអះអាងថា កម្ពុជាគ្រោងនឹងដំឡើងស្ថានីយសាកថ្មយានយន្ដអគ្គិសនីនេះ ឲ្យបានលើស១៥ទីតាំងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដោយក្នុងនោះក៏មានការសហការជាមួយវិស័យឯកជនផងដែរ៕




អត្ថបទបន្ទាប់


កម្ពុជាបញ្ចប់ការរៀបចំផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម មានតម្លៃជិត៥០ពាន់លានដុល្លារ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសពីការបិទបញ្ចប់ការរៀបចំផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារក…

តើ«បរធនបាលកិច្ច» ដើរតួសំខាន់យ៉ាងណាខ្លះក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា?

ព័ត៌មាន
បរធនបាលកិច្ច គឺជាវិស័យមួយដែលមានសារៈសំខាន់ក្នុងការជួយជំរុញក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ ហើយបរធនបាលកិច្ច ហើយក្នុងនោះវិស័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ