បច្ចុប្បន្ននេះសហរដ្ឋមអាមេរិកមានផែនការពង្រីការនាំចេញឧស្ម័នធម្មជាតិរាវរបស់ខ្លួនឲ្យកាន់តែច្រើន ដើម្បីសម្រេចមហិច្ឆតាដណ្តើមតំណែងលេខ ១ និង លេខ២ ពីប្រទេសដែលនាំចេញឧស្ម័នធម្មជាតិរាវច្រើនគេនៅលើពិភពលោក គឺប្រទេសកាតា និង ប្រទេសអូស្ត្រាលី។
លើសពីនេះទៀត មហាអំណាចសេដ្ឋកិច្ចសហរដ្ឋអាមេរិកមួយនេះ បាននឹងកំពុងរៀបចំផែនការស្វែងរកការពង្រីកទីផ្សារសម្រាប់នាំចេញឧស្ម័នធម្មជាតិរាវ LNG ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី និង អឺរ៉ុប ឲ្យកាន់តែច្រើនថែមទៀត ដើម្បីពង្រីកគោលដៅរបស់ខ្លួនក្នុងការនាំចេញឧស្ម័នធម្មជាតិរាវឲ្យធំជាងគេលើពិភពលោក។ ទីផ្សារនៅក្នុងតំបន់អាស៊ី និង អឺរ៉ុប ត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកថា ជាទីផ្សារដែលមានសក្តានុពលបំផុតសម្រាប់ពង្រីកការនាំចេញឧស្ម័នធម្មជាតិរាវរបស់ខ្លួននាថ្ងៃខាងមុខឆាប់ៗនេះ។
លោក Don Pierson ដែលជាប្រធានក្រុមអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋលូវីស៊ីអាណាសហរដ្ឋអាមេរិក បានប្រាប់អ្នកសារព័ត៌មានមកពីតំបន់អាស៊ី និង អឹរ៉ុប ថា សហរដ្ឋអាមេរិក ជាប្រទេសដែលមានការផលិតឧស្ម័នធម្មជាតិរាវធំជាងគេបង្អស់នៅលើពិភពលោក។ រដ្ឋដែលមានសក្តានុពលផលិតឧស្ម័នធម្មជាតិរាវដ៏ច្រើនជាងគេនៅសហរដ្ឋអាមេរិក មានដូចជា រដ្ឋតិចសាស រដ្ឋលូវីស៊ានណា អូខ្លាហូម៉ា និង ប៉ែនស៊ីលវ៉ានៀរ រដ្ឋទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតឧស្ម័នធម្មជាតិរាវ ប្រមាណចំនួន ៥៩ភាគរយ នៃការផលិតឧស្ម័នធម្មជាតិរាវសរុបរបស់សហរដ្ឋអាមេរិក។
លោក Don Pierson បន្តថា ការនាំចេញឧស្ម័នធម្មជាតិរាវទៅកាន់ទីផ្សារអន្តរជាតិរបស់សហរដ្ឋអាមេរិកកំពុងតែមានការទាក់ទាញយ៉ាងខ្លាំងជានឹងតម្លៃក៏មានការកើនឡើងផងដែរ។ ប្រទេសដែលអាមេរិកនាំចេញឧស្ម័នធម្មជាតិរាវច្រើនជាងគេ មានដូចជាប្រទេសនៅក្នុងទ្វីបអាមេរិក អឺរ៉ុប និង អាស៊ីមួយចំនួន។ លោកថា សហរដ្ឋមេរិកមានផែនការពង្រីកទីផ្សារទៅកាន់ប្រទេសក្នុងតំបន់អាស៊ី និង អឺរ៉ុប ឲ្យកាន់តែខ្លាំង។
លោក Collins បានបញ្ជាក់ថា កាលពីឆ្នាំ ២០១៨កន្លងទៅ ក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរាវ Cheniere Energy បានចុះកុងត្រា ២០ឆ្នាំ ជាមួយក្រុមហ៊ុនតៃវ៉ាន់ ដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារអាមេរិក ដែលមានមូលដ្ឋានផលិតនៅរដ្ឋតិចសាសសហរដ្ឋអាមេរិក ហើយក្រុមហ៊ុនក៏ធ្លាប់មានទំនាក់ទំនងជាមួយប្រទេសក្នុងអាស៊ីរួចមកហើយដែរ។
ក្រុមហ៊ុន Cheniere Energy នេះ មានរោងចក្រ និង សម្ភារៈបរិក្ខារសម្រាប់ផលិត ឧស្ម័នធម្មជាតិ LNG ដ៏ធំនៅក្នុងរដ្ឋតិចសាស និង រដ្ឋលូវីស៊ីអាណា ជាមួយនឹងការដឹកជញ្ជូនទំនិញវិញ គឺមានលក្ខណៈងាយស្រួលបំផុតតាមរយៈទន្លេ Mississippi ទៅកាន់បណ្តារដ្ឋផ្សេងៗរបស់អាមេរិក និង ទៅកាន់ទីផ្សារពិភពលោក។
លោក Collins សង្ឃឹមថា បណ្តាប្រទេសដែលមិនសូវសម្បូរធនធានឧស្ម័នធម្មជាតិរាវ ដូចជា ជប៉ុន កូរ៉េខាងត្បូង និង តៃវ៉ាន់ អាចនឹងមានតម្រូវការប្រើប្រាស់ឧស្ម័ន LNG របស់ រដ្ឋលូវីស៊ីអាណា ជាក់ជាមិនខាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ចាំបាច់ នៃការរីកលូតលាស់យ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ច។ លោកបញ្ជាក់ដែរ សូម្បីតែ ប្រទេសចិន ក៏ធ្វើការនាំចូលឧស្ម័នធម្មជាតិរាវ LNG សម្រាប់ការប្រើប្រាស់ក្នុងវិស័យថាមពល និង ឧស្សាហកម្មផងដែរ។
ដោយឡែក សម្រាប់បណ្តាប្រទេសក្នុងអឺរ៉ុប នឹងចាប់អារម្មណ៍ទិញឧស្ម័នធម្មជាតិរាវ LNG នេះរបស់អាមេរិកដែរ ដោយសារតែពួកគេ មិនចង់ពឹងផ្អែកតែលើការនាំចូលឧស័្មនធម្មជាតិរាវ LNG របស់ប្រទេសរុស្ស៊ី តែមួយប៉ុណ្ណោះទេ ការដែលបំណងនាំចូលឧស្ម័នធម្មជាតិរាវពីអាមេរិកនេះ គឺដើម្បីការពារដល់ផលប្រយោជន៍ប្រជាជន និង ជាតិរបស់ពួកគេដែរ។
ក្រឡេកទៅមើល ប្រទេសជប៉ុន ម៉ិចស៊ិចកូ និង កូរ៉េខាងត្បូង នៅតែជាអ្នកទិញឧស្ម័ន LNG របស់អាមេរិកច្រើនជាងគេ ខណៈដែល ប្រទេសចិន ក៏ជាអ្នកទិញ LNG របស់អាមេរិកដែរ ប៉ុន្តែប្រទេសអំណាចសេដ្ឋកិច្ចលើពិភពលោក ទី ១ ទី ២ នេះ បាននឹងកំពុងមានបញ្ហារកាំរកូសអស់ជាច្រើនខែឆ្នាំមកហើយ ដោយសារតែសង្គ្រាមពាណិជ្ជកម្មនៅតែមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ។
បើតាមទិន្នន័យពី ការិយាល័យរដ្ឋបាលព័ត៌មានថាមពលអាមេរិក បានបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំ ២០១៨ អាមេរិក បានធ្វើការនាំចេញ ឧស្ម័នធម្មជាតិ ជាមធ្យម ១០ពាន់លានហ្វីតគូប ក្នុងមួយថ្ងៃ ក្នុងនោះការនាំចេញ ឧស្ម័នធម្មជាតិរាវ LNG សម្រេចបានការនាំចេញ ជាមធ្យម ៣លានពាន់ហ្វីតគូប ក្នុងមួយថ្ងៃ នឹងមានតម្លៃជាមធ្យមប្រមាណ ៥ដុល្លារអាមេរិក សម្រាប់ ១ពាន់ហ្វីតគូប។
ការិយាល័យរដ្ឋបាលព័ត៌មានថាមពលអាមេរិក ក៏បានធ្វើការព្យាករដែរថា ការនាំចេញ ឧស្ម័នធម្មជាតិរាវ LNG នឹងកើនដល់ ៥ពាន់លានហ្វីតគូប ក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ ២០១៩ ហើយបន្តកើនដល់ ៧ពាន់លានហ្វីតគូប ក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ ២០២០ខាងមុខ។
បើផ្អែកតាមទិន្នន័យ ដែលបានដកស្រង់ពីសារព័ត៌មានអន្តរជាតិ Reuters បានបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំ ២០១៨ ការនាំចេញឧស្ម័នធម្មជាតិរាវ LNG របស់អាមេរិក ចំនួន ២២លានតោន គឺស្មើនឹងចំណែកទីផ្សារ ១០% នៃទីផ្សារសកលលោក ហើយអាមេរិក ឈរនៅលំដាប់ថ្នាក់លេខ ៣ ពីក្រោយប្រទេសកាតា និង ប្រទេសអូស្រ្តាលី ៕