កម្ពុជាស្នើវៀតណាម ជួយសម្របសម្រួលការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រ

កម្ពុជាស្នើវៀតណាម ជួយសម្របសម្រួលការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រពីកម្ពុជាឆ្លងកាត់វៀតណាម ដើម្បីឆ្ពោះទៅកាន់សិង្ហបុរី


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់នាយករដ្ឋមន្រ្តីវៀតណាម ឱ្យជួយសម្របសម្រួលការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រពីកម្ពុជាឆ្លងកាត់វៀតណាម ដើម្បីឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។ ការស្នើសុំយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នាឱកាសដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង២ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
កម្ពុជាស្នើវៀតណាម ជួយសម្របសម្រួលការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រពីកម្ពុជាឆ្លងកាត់វៀតណាម ដើម្បីឆ្ពោះទៅកាន់សិង្ហបុរី

នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ដល់ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី។ សម្តេចតេជោ បន្ថែមថា ដើម្បីទទួលបានជោគជ័យក្នុងកិច្ចការងារនេះ ការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រ ក៏ត្រូវឆ្លងកាត់ភូមិសាស្ត្រទឹកដីរបស់ប្រទេសវៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំដល់នាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលលើកិច្ចការនេះ ដើម្បីឱ្យទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានាពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយផងដែរ។

តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ផាម មិញជិញ បានបញ្ជាក់ថា ឯកឧត្តមបានទទួលនូវព័ត៌មាននេះហើយ ឯកឧត្តមនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។ ហើយនៅក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនាពេលខាងមុខផងដែរ។

ពាក់ព័ន្ធនឹងការសម្រួលការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រទៅកាន់ប្រទេសសិង្ហបុរីនេះដែរ កាលពីចុងខែមីនាកន្លងទៅនេះ សម្តេច ហ៊ុន សែ ក៏បានស្នើដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឱ្យជួយគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីក្រោមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្ររបស់ប្រទេសម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។

សូមបញ្ជាក់ថា ក្រុមហ៊ុនសិង្ហបុរីដ៏ធំមួយ Keppel Energy Pte Ltd បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយរបស់កម្ពុជា Royal Group របស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយរំពឹងនឹងអាចនាំចេញថាមពលអគ្គិសនីកកើតឡើងវិញបានដល់ទៅ ១ពាន់មេហ្គាវ៉ាត់ ពីកមកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី។ ហើយក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា កិច្ចសហប្រតិបត្តិការទិញលក់ថាមពលអគ្គិសនីរវាងក្រុមហ៊ុនទាំងពីរនេះ ជាផ្នែកមួយក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-សិង្ហបុរី ហើយគម្រោងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលជាគម្រោងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្មថាមពល និងសមាហរណកម្មលើវិស័យថាមពលអគ្គិសនី រវាងរដ្ឋសមាជិកអាស៊ាន រួមមាន កម្ពុជា និងសិង្ហបុរីផងដែរ និងស្របតាមផែនការមេតភ្ជាប់សហគមន៍អាស៊ាន២០២៥៕




អត្ថបទបន្ទាប់


អាមេរិកសម្លឹងមើលការកសាងបណ្តាញគមនាគមន៍រវាងមជ្ឈិមបូព៌ា និងឥណ្ឌា ដើម្បីទប់ទល់នឹងចិន

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយអារ៉ាប៊ីសាអូឌីត ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម អំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដ៏ធំមួយ ស្របពេលដែលទីក្…

ការនាំចេញទំនិញរបស់កម្ពុជាធ្លាក់ចុះ ៥% នៅ៤ខែដំបូងឆ្នាំនេះ ខណៈអ្នកជំនាញថាការបញ្ជាទិញនៅតែបន្ដធ្លាក់ចុះ

ព័ត៌មាន
នៅដើមឆ្នាំ២០២៣ ស្ថានភាពនៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ហាក់មិនសូវជាអំណោយផលប៉ុន្មាននោះឡើយ ដោយក្នុងនោះការនាំចេញទៅកាន់ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ