វេទិកាធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក #IndoPacificBusinessForum

សហរដ្ឋ​អាមេរិក​អន្ទង​​តំបន់​ ឥណ្ឌូប៉ាស៊ីហ្វ៊ិក ឲ្យ​ងាក​មក​មើល​ការវិនិយោគ​​របស់​ខ្លួន


សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​គណៈប្រតិភូ​ពាណិជ្ជ​កម្ម​ជាន់ខ្ពស់ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​អាមេរិក លោក Wilbur Ross (វីលប៊ើ រ៉ស់) មក​​ចូលរួម​វេទិកា​ធុរកិច្ច ឥណ្ឌូប៉ាស៊ីហ្វ៊ិក ២០១៩ ដែលធ្វើ​ឡើង​នៅទីក្រុង​បាងកក ប្រទេស​ថៃ នាថ្ងៃទី៤ វិច្ឆិកា និង​​មាន​មេដឹកនាំ​វិស័យ​ឯកជននិងរដ្ឋ​ជាង ១០០០នាក់ មកពីជាង ២០ប្រទេស រួមទាំង​ប្រទេស​កម្ពុជា ចូលរួម​ ផងដែរ ដើម្បី​បង្ហាញ​ពី​សក្ដានុពល​វិនិយោគ​របស់​អាមេរិក នៅក្នុង​តំបន់​នេះ។
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក លោក Wilbur Ross ថ្លែង​ទៅ​កាន់​វេទិកា​ធុរកិច្ច​ ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ២០១៩ នាទីក្រុង​បាងកក ប្រទេសថៃ កាលពីថ្ងៃទី៤ វិច្ឆិកា ២០១៩។
ដោយ

វេទិកា​ធុរកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ២០១៩នេះ ជា​ការ​ជួបជុំ​ធំ​លើក​ទីពីរ​ហើយ ដែលលើក​ទី១ ធ្វើ​ឡើង​នៅ​ឯ​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក កាលពីខែ​កក្កដា ឆ្នាំ​២០១៨។ វេទិកា​ឆ្នាំ​នេះ​ សហការរៀបចំ​ដោយ​រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​ថៃ ដើម្បី​ផ្សព្វផ្សាយ​និងជំរុញ​​ការវិនិយោគ​ដែលមាន​ស្តង់ដារ​ខ្ពស់ តម្លាភាព ការគោរពច្បាប់ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែលនាំ​មុខ​ដោយ​វិស័យ​ឯកជន។ 

ការរៀបចំ​វេទិកា​ធុរកិច្ច​ថ្នាក់តំបន់​ដ៏ធំ​នេះ ត្រូវគេ​មើល​ឃើញថា ជា​ការប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ក្នុងការ​អន្ទង​ប្រទេស​នានា​នៅក្នុង​តំបន់​ ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក (ដែលរួមមាន ២៤​ប្រទេស) ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​នឹង​វិនិយោគ​​អាមេរិក ខណៈ​ដែល​ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់ ហាក់កំពុង​ងាកខ្លាំងទៅរក​ការវិនិយោគ​របស់ចិន ជាពិសេស គម្រោង​ ខ្សែ​ក្រវាត់មួយ​ ផ្លូវមួយ (BRI) របស់​ចិន។ 

ថ្លែង​នៅក្នុង​វេទិកា​ធុរកិច្ច​ ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក នាទីក្រុង​បាងកក រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​​អាមេរិក លោក Wilbur Ross មាន​ប្រសាសន៍ថា រដ្ឋបាល​លោក ត្រាំ តាមរយៈ​កិច្ច​ប្រឹងប្រែង​ជាច្រើន កំពុង​ធ្វើការជាមួយដៃគូ​មកពី​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ដើម្បី​កសាង​ទំនាក់ទំនង​ដែល​កាន់តែ​ប្រសើរឡើង និង​មាន​បដិការ​ប្រសើរ​ជាងមុន។ 

លោក Wilbur Ross ថ្លែង​ដូច្នេះ​ថា «វេទិកា​ធុរកិច្ច​ ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិកនេះ គូស​បញ្ជាក់​ពីតួនាទីរបស់អាមេរិក ជាដៃគូ​ពាណិជ្ជកម្ម​ល្អនៅក្នុង​តំបន់​។ វេទិកា​នេះ មិនត្រឹមតែ​នាំ​ក្រុមហ៊ុនធំៗ​និង​មេដឹកនាំ​ធុរកិច្ច​ឲ្យ​មក​តំបន់នេះ​ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​កំណើន​និងការ​ពង្រីក​អាជីវកម្ម​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ ក៏នឹង​ផ្ដល់​ឱកាស​ដូចគ្នា​ដល់​បណ្ដា​ប្រទេសនានា ដើម្បី​ស្វែងរក​ការវិនិយោគ​​ពីវិស័យ​ឯកជន​របស់សហរដ្ឋ​អាមេរិក នាពេលអនាគត»។ 

យោងតាម​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ថ្នាក់ដឹកនាំ​ក្រុមហ៊ុនអាមេរិកធំៗ ជិត ២០០ក្រុមហ៊ុន បានចូលរួម​នៅក្នុង​វេទិកា​ធុរកិច្ច​នេះ ហើយ ក្រុមហ៊ុន​ទាំង​នេះ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​មាន​ឥទ្ធិពល​ និង​គួរ​ឲ្យ​ទុកចិត្ត​បំផុត​នៅ​លើ​ពិភព​លោក និង​ចូលរួម​ចំណែក​នៅក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​លើ​វិស័យ​ទំនិញ​និងសេវាកម្ម​រវាង​អាមេរិក និង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វ៊ិក ដែលកាលពី​ឆ្នាំ​២០១៨ សម្រេច​បាន​ទំហំ​ទឹក​ប្រាក់ ១,៩​លាន​លានដុល្លារ​អាមេរិក (១,៩ទ្រីលានដុល្លារ)។ 

លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក បាន​បន្ថែម​ថា លោកមាន​ជំនឿមុតមាំ​ថា ពាណិជ្ជាកម្ម​អាមេរិក​នៅក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក នឹង​បន្ត​កើនឡើង បើទោះបីជា​សហរដ្ឋ​អាមេរិក​និង​ចិន​កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ក្ដី។ 

លោករដ្ឋមន្ត្រី Wilbur Ross មានប្រសាសន៍ដូច្នេះថា «នៅ​ពេល​ដែល​យើង​ជួបគ្នា​ជាថ្មីទៀត​នៅបណ្ដាឆ្នាំ​ខាងមុខ តួលេខ​ពាណិជ្ជកម្ម​របស់​យើង​នឹង​រីកកាន់តែធំជាងនេះ​ទៀត»។ 

គួរបញ្ជាក់ថា គណៈប្រតិភូពាណិជ្ជកម្មអាមេរិក ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្មអាមេរិក​ លោក Wilbur Ross និងរួមមាន​សមាសភាព​មន្ត្រី​សំខាន់ៗ នៅក្នុងរដ្ឋបាល​លោក ត្រាំ ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដូចជា អនុរដ្ឋមន្ត្រី​ការបរទេស ទទួលបន្ទុក​កិច្ចការ​កំណើន​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន, ប្រធានធនាគារនាំចេញ-នាំចូល (EXIM Bank) របស់​អាមេរិក, នាយកស្ដីទី​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​និងអភិវឌ្ឍន៍អាមេរិក, អនុប្រធានប្រតិបត្តិ​នៃ​សាជីវកម្ម​វិនិយោគ​ឯកជន​នៅក្រៅប្រទេស (OPIC), និង​អនុប្រធានទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID)។ 

ចំណែក​ក្រុមហ៊ុនធំៗរបស់អាមេរិក ដែល​ចូលរួមនៅក្នុង​វេទិកាធុរកិច្ចនេះ រួមមាន AES Corporation, Baxter International, Bechtel, Bell Textron, Boeing, Capstone Turbine Company, Cheniere Energy, Citi, Honeywell International, LNG Limited/Magnolia LNG, Lockheed Martin, Qualcomm, Securiport, Sierra Nevada, Tellurian, Tesla ជាដើម៕




អត្ថបទបន្ទាប់


វៀតណាម ដាក់គោលដៅ ក្លាយជាប្រទេសមានការវិនិយោគ និងប្រើប្រាស់ថាមពលសូឡាខ្លាំងជាងគេ

ដោយសារតែមានអំណោយផលនៃសក្ដានុពលពីធម្មជាតិ ការគាំទ្រខ្លាំងពីរដ្ឋាភិបាល និងទស្សនវិស័យចំពោះវិស័យថាមពលពន្លឺព្រះអាទិត្យ ឬហៅថា សូឡា ប្រទេសវៀតណ…

សមាគមរោងចក្រកាត់ដេរ កម្ពុជា «ក្រើនរំឭកជាថ្មីម្ដងទៀត» អំពីហានិភ័យជុំវិញការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA

សមាគមរោងចក្រកាត់ដេរកម្ពុជា បានព្រមានជាថ្មីម្ដងទៀត អំពីហានិភ័យដែលអាចកើតមានឡើងជុំវិញនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ