ថ្លែងនៅឯអង្គការ Economic Club of Washington D.C លោក ជើរ៉ូម ផៅវែល (Jerome Powell) បានលើកឡើងថា ធនាគារអាម៉េរិកនឹងមិនរង់ចាំឱ្យអតិផរណានៅសហរដ្ឋអាម៉េរិកធ្លាក់ចុះដល់២% តាមគោលដៅដែលបានកំណត់ទើបបញ្ចុះអត្រាការប្រាក់នោះឡើយ ព្រោះវាអាចនឹងយឺតពេលជ្រុល បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។ លោកបានបន្ថែមថា ធនាគារកណ្ដាលអាម៉េរិក កំពុងតែសម្លឹងរកឱកាសសមស្រប ដើម្បីបញ្ចុះអត្រាការប្រាក់ ប៉ុន្តែរង់ចាំបន្តិចសិន ដើម្បីមានទំនុកចិត្តកាន់តែរឹងមាំថា អតិផរណានឹងឈានទៅរកកម្រិត២% ដូចដែលបានកំណត់ទុក។
លោកបានគូសបញ្ជាក់ថា ទិន្នន័យអតិផរណាល្អប្រសើរនាពេលថ្មីៗនេះបាននាំមកនូវទំនុកចិត្តជាងមុន ហើយលោកបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ទំនងជាមិនជួបបញ្ហាធ្ងន់ធ្ងរនោះឡើយ។
សូមបញ្ជាក់ថា ការបង្ហាញខ្លួនជាសាធារណៈរបស់លោក ជើរ៉ូម ផៅវែល កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ គឺជាលើកដំបូងហើយ ចាប់តាំងពីបាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ក្នុងខែមិថុនា បានបង្ហាញពីអតិផរណាធ្លាក់ចុះ។
លោក ជើរ៉ូម ផៅវែល បានលើកឡើងបែបនេះអំឡុងកិច្ចពិភាក្សាជាមួយលោក ដេវីដ រូបិនស្ទេន (David Rubenstein) ប្រធានអង្គការ Economic Club of Washington, D.C និងជា
សហស្ថាបនិកក្រុមហ៊ុន The Carlyle Group ដែលលោក ជើរ៉ូម ផៅវែល ធ្លាប់បម្រើការងារកាលពីមុន៕
ដោយ: តែម សុខុម