ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានទម្លាយឱ្យដឹងថា បំណុលជាតិរបស់សហរដ្ឋអាម៉េរិក បានរីកប៉ោងឡើងលើស ៣៨ទ្រីលានដុល្លារហើយ ដោយបានកើនឡើងរហូតដល់ទៅ ១ទ្រីលានដុល្លារក្នុងរយៈពេលត្រឹមតែជាង ២ខែប៉ុណ្ណោះ ដែលជាការកើនឡើងលឿនបំផុតមិនធ្លាប់មានចាប់តាំងពីអំឡុងវិបត្តិកូវីដ-១៩ មក។
លោក Michael A. Peterson ប្រធានមូលនិធិ Peter G. Peterson ជាស្ថាប័នឃ្លាំមើលមួយនៅសហរដ្ឋអាម៉េរិក ដែលផ្ដោតលើការផ្សព្វផ្សាយអំពីបំណុលជាតិ ឱនភាព និងនិរន្តរភាពសារពើពន្ធបានព្រមានថា គ្មានផ្លូវដែលប្រទេសដ៏អស្ចារ្យដូចសហរដ្ឋអាម៉េរិក អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានឡើយ ហើយបានរិះគន់ក្រុមសមាជិកសភាអាម៉េរិក ចំពោះការមិនយកចិត្តទុកដាក់លើទំនួលខុសត្រូវ ផ្នែកសារពើពន្ធ។
អ្នកជំនាញសេដ្ឋកិច្ចហិរញ្ញវត្ថុដ៏ល្បីរូបនេះ បានធ្វើការកត់សម្គាល់ថា ពេលនេះបំណុលជាតិរបស់សហរដ្ឋអាម៉េរិក បានប៉ោងឡើងលើ ស៣៨ទ្រីលានដុល្លារទៅហើយ ហើយគ្រាន់តែបង់ការប្រាក់សរុបលើបំណុលនេះ មានទំហំធំ រហូតដល់ទៅប្រមាណ ១ទ្រីលានដុល្លារក្នុងមួយឆ្នាំឯណោះ។ លោកបានបន្ថែមទៀតថា នៅ១០ឆ្នាំក្រោយ ការចំណាយលើការប្រាក់ទាំងនោះអាចឡើងដល់ ១៤ទ្រីលានដុល្លារ ដែលអាចកាត់បន្ថយកញ្ចប់ថវិការបស់រដ្ឋាភិបាលអាម៉េរិកសម្រាប់ការវិនិយោគសាធារណៈ ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ឬ ការថែទាំសុខភាពជាដើម។
ប្រធានមូលនិធិឃ្លាំមើលបំណុលជាតិអាម៉េរិក បានស្តីបន្ទោសថា ការកើនឡើងបំណុលជាតិយ៉ាងគំហុកបែបនេះ គឺបណ្ដាលមកពីកត្តាចម្បងមួយចំនួន រួមមានឱនភាពថវិកាជាតិមានគម្លាតខ្ពស់ ការចំណាយលើការប្រាក់កើនឡើង និងការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិកនៅតែកំពុងបន្តអូសបន្លាយ។
សូមបញ្ជាក់ថា ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent បានព្រមានដែរថា ការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក បានធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកខាតបង់រហូតដល់ទៅ ១៥ពាន់លានដុល្លារក្នុ្ងងមួយថ្ងៃ៕
ដោយ: តែម សុខុម