តម្លៃប្រេងធ្លាក់ចុះ លុយដុល្លារអាមេរិកឡើងថ្លៃ

តម្លៃប្រេងធ្លាក់ចុះ នៅពេលដែលមានក្ដីបារម្ភអំពីតម្រូវការ ហើយប្រាក់ដុល្លារអាមេរិកឡើងថ្លៃ


តម្លៃប្រេងបានធ្លាក់ចុះក្នុងទីផ្សារអាស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលតម្លៃប្រាក់ដុល្លារអាមេរិកបានកើនឡើងដោយសារមានការរំពឹងទុកថានឹងមានការដំឡើងអត្រាការប្រាក់។ និន្នាការនេះក៏លេចឡើង បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងពីប្រទេសចិន នាពេលថ្មីៗនេះ មិនមានលក្ខណៈលើកទឹកចិត្តគ្រប់គ្រាន់ ដើម្បីឱ្យគេសង្ឃឹមថានឹងមានកំណើនផ្នែកតម្រូវការនោះទេ ទាំងនេះដែលជាហេតុផលធ្វើឲ្យតម្លៃប្រេងស្រុតចុះ។
តម្លៃប្រេងធ្លាក់ចុះ លុយដុល្លារអាមេរិកឡើងថ្លៃ!

តម្លៃប្រេងឆៅអង់គ្លេសបានធ្លាក់ចុះ ៧៨ សេន ដែលមានតម្លៃ ៨២,៣៤ ដុល្លារ ក្នុងមួយធុង។ ចំណែកឯប្រេងឆៅអាមេរិកវិញបានធ្លាក់ចុះ ៩៥ សេន ដោយលក់នៅក្នុងតម្លៃ ៧៨,២១ ដុល្លារ ក្នុងមួយធុង ។

តម្លៃប្រេងឆៅបានធ្លាក់ចុះជាថ្មីម្ដងទៀត ក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នា បន្ទាប់ពីបានធ្លាក់ចុះ ២% កាលពីថ្ងៃពុធ នេះគឺជាការធ្លាក់ចុះក្នុងកម្រិតទាបបំផុតចាប់តាំងពីពេលដែលអង្គការ OPEC + បានចេញសេចក្ដីប្រកាសគួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី២ ខែមេសា ស្ដីពីការកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួន។

លោក អេដវើដ ម៉ូយ៉ា អ្នកវិភាគទីផ្សារជាន់ខ្ពស់មួយរូប បានជូនដំណឹងទៅកាន់អតិថិជនរបស់លោកថា តម្លៃប្រេងឆៅអាមេរិកបានត្រឡប់មកដល់កម្រិតក្រោម ៨០ដុល្លារវិញ ហើយវាអាចបន្តធ្លាក់ចុះទៀត ប្រសិនបើការជួញដូរប្រាក់ដុល្លារឡើងថ្លៃ កើតឡើងជាថ្មី។ រីឯតម្លៃប្រាក់ដុល្លារអាមេរិកបានកើនឡើងប្រហែល ០,៤០%នៅសប្តាហ៍នេះ។

លោក ស្រី ទីណា តេង អ្នកវិភាគទីផ្សារមួយរូបទៀតបានអះអាង ថា ប្រាក់ដុល្លារមានទម្ងន់លើទីផ្សារប្រេងនៅសប្តាហ៍នេះ ស្របពេលដែលមានការរំពឹងកាន់តែខ្លាំងថា ធនាគារកណ្ដាលសហរដ្ឋអាមេរិក (Fed) នឹងបន្តដំឡើងអត្រាការប្រាក់ ដោយសារតែទិន្នផលសញ្ញាប័ណ្ណបានចាប់ផ្តើមកើនឡើងជាថ្មីម្តងទៀត។

លោកស្រីបានបន្ថែមថា ទោះបីជាប្រទេសចិនបានរាយការណ៍ឱ្យដឹងអំពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) លើសពីការរំពឹងទុកក៏ពិតមែន ក៏ផលិតកម្មឧស្សាហកម្ម និងការវិនិយោគលើអចលនទ្រព្យចិន ពុំទាន់បានកើនឡើងគ្រប់គ្រាន់នោះទេ។ ស្ថានការណ៍នេះមិនបានជួយជំរុញតម្លៃប្រេងឱ្យកើនឡើងវិញនោះដែរ ។

យោងតាមរបាយការណ៍របស់ធនាគារកណ្តាលអាមេរិក ដែលបានផ្សាយចេញកាលពីថ្ងៃពុធ សកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានប្រែប្រួលតិចតួចប៉ុណ្ណោះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារមានកំណើនសមល្មមក្នុងវិស័យការងារ ហើយការកើនឡើងនៃតម្លៃទំនិញ ឬ អតិផរណា ហាក់បីដូចជាយឺតជាងមុន។

សម្ព័ន្ធធនាគារអូស្ត្រាលីបានប្រាប់អតិថិជនរបស់ខ្លួនថា ស្ថានភាពទីផ្សារមិនច្បាស់លាស់បែបនេះ បង្កើនក្ដីបារម្ភកាលពីពេលថ្មីៗកន្លងទៅដែលថា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបានធ្វើឱ្យសេចក្ដីត្រូវការប្រេងធ្លាក់ចុះនៅពេលដែលស្ថានភាពទីផ្សារមិនស៊ីសង្វាក់គ្នានឹងរបាយការណ៍របស់រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក។

រដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានឱ្យដឹងថា បរិមាណប្រេងឆៅរបស់អាមេរិកបានថយចុះ ៤,៦ លានធុងកាលពីសប្តាហ៍មុន ដោយសារតែដំណើរការចម្រាញ់ប្រេង និង តម្រូវការធ្លាក់ចុះគួរឱ្យខកចិត្ត។

ការថយចុះបរិមាណប្រេងឆៅនេះគឺច្រើនជាងការប៉ាន់ស្មានរបស់អ្នកវិភាគឆ្ងាយណាស់។ គេបានស្មានថា បរិមាណប្រេងឆៅថយចុះតែចំនួន ១,១ លានធុងប៉ុណ្ណោះ។ វិទ្យាស្ថានប្រេងអាមេរិកកាលពីយប់ថ្ងៃអង្គារ បានប៉ាន់ប្រមាណថា បរិមាណប្រេងឆៅថយចុះត្រឹមចំនួន ២,៧ លានធុងប៉ុណ្ណោះ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន៖ ការសាងសង់ផ្លូវមួយចំនួន តម្លៃដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋថ្លៃជាងតម្លៃផ្លូវទៅទៀត

ការសាងសង់ ឬលើកកម្រិតគុណភាពផ្លូវណាមួយ គឺជៀសមិនផុតពីផលប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋនោះទេ ដែលទាមទារឲ្យមានការដោះស្រាយពីរាជរដ្…

តើវៀតណាមត្រូវគិតគូរធ្វើអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យអចលនទ្រព្យដែលកំពុងធ្លាក់ចុះ?

នៅចំពោះមុខនៃបរិយាកាសអាប់អួរនៃវិស័យសំណង់និងអចលនទ្រព្យរបស់វៀតណាមពេលបច្ចុប្បន្ននេះ ក្រុមអ្នកជំនាញនៅក្នុងវិស័យនេះបានផ្ដល់នូវអនុសាសន៍ថា អ្វ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ