បញ្ហាវីរុសកូរ៉ូណា

វីរុសកូរ៉ូណាប៉ះពាល់ទាំងសុខភាព និងសេដ្ឋកិច្ចចិន រួមទាំងពិភពលោក


ការផ្ទុះឡើងនៃវីរុស កូរ៉ូណា ដែលអាចឆ្លងពីមនុស្សទៅមនុស្សបាននោះ បានធ្វើឲ្យពិភពលោក កាន់តែព្រួយបារម្ភខ្លាំងពីបញ្ហាសុខភាពរបស់ពួកគេ ហើយក្តីកង្វល់នេះ ក៏ជាកត្តាអវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយបណ្តាប្រទេសជាដៃគូផងដែរ។ អ្នកជំនាញបានអះអាងថា កំណើនសេដ្ឋកិច្ចចិន នឹងមានការធ្លាក់ចុះខ្លាំងក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២០នេះ ដោយសារតែ ជំងឺដ៏កាចសាហាវនេះផ្ទុះឡើងចំពេលដែលប្រជាពលរដ្ឋចិន ឈប់សម្រាក និងត្រូវចំណាយច្រើនលើដំណើរកម្សាន្ត។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វីរុសកូរ៉ូណាប៉ះពាល់ទាំងសុខភាព និងសេដ្ឋកិច្ចចិន រួមទាំងពិភពលោក (រូបភាព៖ CNBC)

ក្រុម​អ្នក​ស្រាវជ្រាវ ផ្លេ នុម គ្រុប បាន​ពន្យល់​ថា រដ្ឋាភិបាល​ចិន បាន​ដាក់​ចេញ​នូវ វិធានការ​ជា​ច្រើន ដើម្បី​គ្រប់គ្រង​លើ​ស្ថានការណ៍​នៃ ការ​រីក​រាលដាល​នៃ​មេរោគ ដូច​ជា ការ​ហាមឃាត់​ប្រជាពលរដ្ឋ មិន​ឲ្យ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស និង​ការ​បិទ​ច្រក​ចេញចូល​ខេត្ត​ហ៊ូ​ប៉ី ជាដើម ដែល​វា​ប៉ះពាល់​ដល់ សេដ្ឋកិច្ច​ជាតិចិន យ៉ាង​ពិតប្រាកដ​។

គ្រាន់តែ​ការ​បិទ​ច្រក​ចេញចូល​នៃ​ខេត្ត​ហ៊ូ​ប៉ី ដែល​មាន ១៤​ទីក្រុង គឺ​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់ វិស័យ​ទេសចរណ៍ វិស័យ​ដឹក​ជញ្ជូន និង​ការ​លក់ដុំ​និង​រាយ​ទូ​ទាំង​ប្រទេស ជា​ពិសេស​គឺ វិស័យ​ដឹក​ជញ្ជូន​តែ​ម្តង ទាំង​ផ្លូវអាកាស និង​ផ្លូវដែក ដែល​អាច​នឹង​បាត់បង់​ចំណូល​ប្រចាំឆ្នាំ ជាង ៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

អង្គភាព​ស៊ើបការណ៍​សេដ្ឋកិច្ច​ចិន ក៏​បាន​ព្យាករណ៍​ដែរ​ថា មេរោគ​កូ​រ៉ូ​ណា​នេះ នឹង​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​ចិន ចន្លោះ​ពី ០,៥% ទៅ ១% សម្រាប់​ឆ្នាំ ២០២០​នេះ ដែល​ពី​មុន កំណើនសេដ្ឋកិច្ច​ចិន រំពឹង​នឹង​សម្រេច​បាន ៥,៩%​។

លើស​ពី​នេះ រដ្ឋាភិបាល​ចិន ក៏​បាន​បន្ថែម​ថ្ងៃ​ឈប់​សម្រាក​ចំនួន ៣​ថ្ងៃ​បន្ថែម​ទៀត សម្រាប់​បុណ្យចូលឆ្នាំ​ចិន ដែល​ធ្វើ​ឲ្យ​ខាតបង់​ដល់ ផលិតភាព ហើយ​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​សៀង​ហៃ និង ស៊ិ​ន​ជិន ក៏​កំពុង​តែ​ឃ្លាំមើល សភាពការណ៍​នៃ​ការ​ពន្យារពេល​ឈប់​សម្រាក​នេះ​ដែរ ព្រោះ​អាច​នឹង​មានការ​ពន្យារពេល​បន្ថែម​ទៀត​។

ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ៗ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​វូ​ហាន ដូច​ជា ក្រុមហ៊ុន HONDA, TOYOTA, NISSAN ជាដើម ក៏​បាន​ដក​បុគ្គលិក​របស់​ពួក​គេ ចេញពី​តំបន់​នោះ នឹង​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​ថែម​ទៀត​ផង ដើម្បី​ធានា​នូវ សុខភាព និង​សុវត្ថិភាព​របស់​បុគ្គលិក​ពួក​គេ​។

បន្ថែម​ពីលើ​នេះ ហាង​លក់​ចំណីអាហារ និង​ភេសជ្ជៈ​ជា​ច្រើន ក៏​សម្រេចចិត្ត​ផ្អាក​អាជីវកម្ម​របស់​ខ្លួន នៅ​ក្នុង​ទីក្រុង​វូ​ហាន ដូច​ជា ហាង​កាហ្វេ Starbucks ហាង​សាច់​មាន់ KFC ហាង McDonald’s ជាដើម សូ​ម្បី​តែ​សួន​កម្សាន្ត​យក្ស Disney Land ក៏​បាន​ផ្អាក​មិន​ដំណើរការ​ដែរ​។

យ៉ាងណា​ក៏​ដោយ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង ការ​ផ្ទុះ​មេរោគ​ផ្តាសាយ SARS កាលពី​ឆ្នាំ ២០០២-២០០៣ ដែល GDP របស់​ចិន ធ្លាក់​ចុះ​ពី ១១% មក​នៅ​ត្រឹម ៩% ក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០០៣ តែ​វា​ក៏​ប្រសើរ​ឡើង​វិញ ក្នុង​រង្វង់ ១០% នៅ​ឆមាស​ទី ២ ឆ្នាំ ២០០៣​ផង​ដែរ​។

ក្រុម​អ្នកវិភាគ​អះអាង​ថា ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយ​មេរោគ កូ​រ៉ូ​ណា អាច​នឹង​ធូរស្រាល​ជាង មេរោគ SARS ដោយ​តែ​អាជ្ញាធរ ចាត់​វិធាន​គារ​បាន​ឆាប់រហ័ស​ជាង និង​ប្រកបដោយ​តម្លាភាព ហើយ​ក្រុមហ៊ុន​ឯកជន ក៏​ចូលរួម​អនុវត្ត​ភ្លាម​ៗ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។

ជា​ចុង​ក្រោយ សេដ្ឋកិច្ចវិទូ​ចិន ហួង យី​ពីង បាន​អះអាង​ថា ដោយសារ​តែ បញ្ហា​មេរោគ​កូ​រ៉ូ​ណា ទើបតែ​ចាប់ផ្តើម​បាន​មួយ​រយៈពេល​ខ្លី ដូច្នេះ​ហើយ យើង​មិន​ទាន់​អាច​ប្រៀបធៀប​ផល​ប៉ះពាល់ ជាមួយនឹង​មេរោគ​ផ្តាសាយ SARS បាន​នៅឡើយ​ទេ ហើយ​បច្ចុប្បន្ន​ការ​គ្រប់គ្រង​លើ​បញ្ហា​នេះ ជា​អាទិភាព​ទី​មួយ​របស់ រដ្ឋាភិបាល​ចិន អាស្រ័យ​ហេតុនេះ ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ប្រាកដជា​កើត​មាន​ដូច​ជា តម្រូវការ​សេវាកម្ម និង​ផលិតផល​នានា មានការ​ធ្លាក់​ចុះ ហើយ​បញ្ហា​ជា​ច្រើន​នឹង​កើត​មាន ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម ការ​វិនិយោគ និង​ការ​នាំ​ចេញ​ទំនិញ​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនធំៗនៅចិន សម្រុកផលិតម៉ាស់ការពារជំងឺកូរ៉ូណាដោយមិនខ្វល់ពីថ្ងៃឈប់សម្រាក

ព័ត៌មាន
ជាការពិតណាស់ ប្រទេសចិន កំពុងតែត្រូវការ និងជួបប្រទះនូវ កង្វះខាតឧបករណ៍ប្រើប្រាស់ សម្រាប់ការពារ និងទប់ស្កាត់ការរាតត្បាតនៃ មេរោគ កូរ៉ូណា …

វិស័យទេសចរណ៍ថៃនឹងខាតបង់ប្រមាណ ១.៦០០ លានដុល្លារអាមេរិក ដោយសារតែ មេរោគកូរ៉ូណា

ព័ត៌មាន
បញ្ហាមេរោគកូរ៉ូណា អាចនឹងធ្វើឲ្យវិស័យទេសចរណ៍ថៃខាតបង់ចំណូលប្រមាណ ១.៦០០លានដុល្លារអាមេរិក ដោយសារតែរដ្ឋាភិបាលចិនចាត់វិធានការហាមឃាត់ភ្ញៀវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ