ទីតាំងភូមិសាស្ត្ររបស់ប្រទេស ប៉ាពួញូហ្គីណេ នៅភាគខាងជើងប្រទេសអូស្ត្រាលី បានធ្វើឱ្យប្រទេសនេះមានសារៈសំខាន់ខាងយុទ្ធសាស្ត្រ។ ប្រទេសនេះធា្លប់ជាទីតាំងឈរជើងរបស់កងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ហើយប្រជាជនជិត១០លាននាក់ បានធ្វើឱ្យប៉ាពួញូហ្គីណេជាប្រទេសកោះដែលមានប្រជាជនច្រើនជាងគេនៅតំបន់ប៉ាស៊ីហ្វិក។
ក្រសួងការបរទេសអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងថ្មីនេះនឹងផ្តល់នូវក្របខណ្ឌក្នុងការជួយជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពការពារជាតិរបស់ប៉ាពួញូហ្គីណេ ព្រមទាំងក្នុងការបង្កើនសន្តិសុខតំបន់ជាដើម។
នាយករដ្ឋមន្ត្រីប្រទេសប៉ាពួញូហ្គីណេ លោក ចេមស៍ ម៉ារ៉ាប៉េ បាននិយាយថា ប្រទេសរបស់លោកបានពើបប្រទះនឹងបញ្ហាប្រឈមកាន់តែខ្លាំង ចាប់តាំងពីការប៉ះទង្គិចគ្នាក្នុងប្រទេសរហូតដល់ទូកនេសាទខុសច្បាប់ជាច្រើន ដែលបើកភ្លើងពេលយប់ភ្លឺដូចអគារខ្ពស់ៗដែរ។ លោកបានថ្លែងឡើងយ៉ាងដូច្នេះថា យើងមានបញ្ហាសន្តិសុខផ្ទៃក្នុង ក៏ដូចជាបញ្ហាសន្តិសុខទាក់ទិននឹងអធិបតេយ្យ។ ដូចនេះហើយយើងត្រូវតែឈានមួយជំហានទៅមុខដើម្បីធ្វើឱ្យប្រាកដថាព្រំដែនរបស់ប៉ាពួញូហ្គីណេមានសន្តិសុខ។
យ៉ាងណាមិញ កិច្ចព្រមព្រៀងសន្តិសុខថ្មីនេះក៏បានបង្កឱ្យមានផ្ទុះការតវ៉ារបស់និស្សិតនៅក្នុងទីក្រុងធំទីពីរនៃប្រទេសនេះផងដែរ គឺទីក្រុង លែរ (Lae) ខណៈដែលអ្នករស់នៅក្នុងប្រជុំកោះនៅប៉ាស៊ីហ្វិកជាច្រើនផ្សេងទៀតក៏បានបង្ហាញពីការព្រួយបារម្ភអំពីការកើនឡើងនៃការធ្វើយោធាភាវូបនីយកម្មនៅក្នុងតំបន់ផងដែរ។
ប៉ុន្តែ សំណួរបានចោទសួរឡើងថា តើសហរដ្ឋអាមេរិកជាដៃគូគួរឱ្យទុកចិត្តកម្រិតណាសម្រាប់តំបន់ប៉ាស៊ីហ្វិក ជាពិសេសបន្ទាប់ពីប្រធានាធិបតី ចូ បៃដិន បានលុបចោលផែនការដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់ប្រទេសប៉ាពួញូហ្គីណេនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយផ្ទាល់ បន្ទាប់ពីលោកបានប្រញាប្រញាល់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីពិភាក្សាបញ្ហាពិដានដំណុលជាមួយមេដឹកនាំសភាអាមេរិកផ្សេងទៀត។ ទោះបីជាបែបនេះក្តី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខេន ត្រូវទៅដល់ប្រទេសប៉ាពួញូហ្គីណេនៅព្រឹកថ្ងៃចន្ទ ដើម្បីជំនួសលោក ចូ បៃដិន សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង។
ជាការឆ្លើយតបទៅនឹងព័ត៌មាននៃដំណើរទស្សនកិច្ចរបស់លោក ប្លីនខេន នៅប៉ាពូញូហ្គីណេ, ប្រទេសចិនបានព្រមានប្រឆាំងទៅនឹងអ្វីដែលខ្លួនហៅថាការចាប់ផ្ដើមលេង «ល្បែងភូមិសាស្ត្រនយោបាយ»នៅក្នុងតំបន់។
ជាមួយគ្នានេះ ដំណើរទស្សនកិច្ចរបស់សហរដ្ឋអាមេរិកកក៏ជួនគ្នាទៅនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) ដែលកំពុងជួបប្រជុំជាមួយបណ្ដាមេដឹកនាំនៃប្រទេសកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីវិធីសហការគ្នាឱ្យកាន់តែប្រសើរថែមទៀត៕