មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកបាននិយាយថា ឥឡូវនេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កំពុងប្រើវិធីសាស្ត្រថ្មី ដើម្បីបង្កើនកម្លាំងទ័ពមកវាយប្រហារអ៊ុយក្រែន តាមរយៈការជ្រើសរើសជនជាតិ និងកងទ័ពស៊ីរី ដើម្បីយកអ្នកទាំងអស់នោះ មកជួយច្បាំងក្នុងសមរភូមិនៅអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងខាងលើ បានធ្វើឡើងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយលោកពូទីនបញ្ជាឲ្យកងទ័ពខ្លួនវាយកាន់កាប់រដ្ឋធានីកៀវ របស់អ៊ុយក្រែនឲ្យបាន។
មន្ត្រីអាមេរិកម្នាក់ទៀតបានប្រាប់អ្នកសារព័ត៌មានថា យុទ្ធជនស៊ីរីមួយចំនួនបានស្ថិតនៅក្នុងប្រទេសរុស្ស៊ីរួចទៅហើយ ដើម្បីចូលរួមក្នុងការប្រយុទ្ធនៅអ៊ុយក្រែន ប៉ុន្តែគេមិនច្បាស់ថា តើមានអ្នកប្រយុទ្ធប៉ុន្មាននាក់ត្រូវបានជ្រើសរើសរួចរាល់នោះទេ។
យ៉ាងណាក៏ដោយ ជនបរទេសដែលចូលរួមប្រយុទ្ធសុទ្ធសឹងតែមានវត្តមានពីភាគីទាំងសងខាង ពោលគឺសូម្បីតែអ៊ុយក្រែន ក៏មានជនបរទេសមកជួយប្រយុទ្ធផងដែរ គ្រាន់តែវត្តមានយុទ្ធជនបរទេសនៅអ៊ុយក្រែនស្ថិតក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត។
ជាក់ស្តែង រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានអះអាងថា អ្នកស្ម័គ្រចិត្តបរទេសប្រហែល ២ម៉ឺននាក់រួចហើយ បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមជាមួយកងទ័ពអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី។
ហេតុអ្វីលោកពូទីន ជ្រើសរើសទ័ពស៊ីរីមកធ្វើសង្គ្រាមនៅអ៊ុយក្រែន?
វាមិនមែនជារឿងចម្លែក ហើយក៏មិនមែនជារឿងចៃដន្យទេ ដែលលោកពូទីន ជ្រើសយកទាហានស៊ីរី។ ទីក្រុងមូស្គូបានលូកដៃក្នុងសង្គ្រាមស៊ីវិលស៊ីរីតាំងតែពីឆ្នាំ២០១៥ មកម្ល៉េះ ហើយគ្រប់គ្នាសុទ្ធតែបានដឹងហើយថា វិមានក្រឹមឡាំង មានទំនោរ និងផ្តល់ការគាំទ្រទៅខាងភាគីនៃរបបផ្តាច់ការរបស់ប្រធានាធិបតី បាសា អាល់អាសាត(Bashar al-Assad) ដែលបន្តគ្រប់គ្រងស៊ីរីមួយផ្នែកធំរហូតដល់សព្វថ្ងៃ។ គួរជម្រាបដែរថា ស៊ីរីនេះបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
សូមជម្រាបថា រដ្ឋធានីកកៀវ និងទីក្រុងធំទីពីរ ខាគីវ នៅតែស្ថិតក្រោមការថកាន់កាប់ដោយរដ្ឋាភិបាលអ៊ុយក្រែនដដែលទេមកទល់នឹងពេលនេះ ខណៈពេលដែលរុស្ស៊ីបានដណ្តើមយកទីក្រុងកំពង់ផែ Khersonទាំងស្រុងរួចហើយ ព្រមទាំងបានបង្កើនការបាញ់ផ្លោងទៅចំកណ្តាលទីក្រុងផ្សេងៗនៅទូទាំងប្រទេសផងដែរ។
ការវាយប្រហារអស់ពេលជិតពីរសប្តាហ៍របស់រុស្ស៊ីបានធ្វើឱ្យមនុស្សជាង ១លាន៧សែននាក់ហើយបានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន។ អង្គការសហប្រជាជាតិបានហៅការនេះថាជា វិបត្តិជនភៀសខ្លួនដែលកំពុងកើនឡើងលឿនបំផុតរបស់អឺរ៉ុបចាប់តាំងពីក្រោយសង្គ្រាមលោកលើកទីពីរមក៕