ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សាកាតានៅប្រទេសឥណ្ឌូនេស៊ី ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិកលោក ដេរ៉េក ឆូឡេត (Derek Chollet) បាននិយាយថា ការដាក់ទណ្ឌកម្មថ្មីៗទាំងនេះ នឹងធ្វើឱ្យរបបយោធាមីយ៉ាន់ម៉ាកាន់តែពិបាកក្នុងការរកប្រាក់ចំណូល ដើម្បីយកទៅទិញសព្វាវុធបន្ថែមទៀត។
លោក Chollet បាននិយាយថា អាមេរិកប្តេជ្ញាបង្កើនសម្ពាធលើរបបយោធា ដើម្បីធ្វើឱ្យពួកគេកាន់តែពិបាករកប្រាក់ចំណូល ដែលកំពុងជំរុញក្បាលម៉ាស៊ីនឲ្យមានការធ្វើសង្រ្គាមរបស់មីយ៉ាន់ម៉ា ហើយថា មីយ៉ាន់ម៉ាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅជារដ្ឋបរាជ័យមួយនៅក្នុងបេះដូងរបស់តំបន់អាស៊ីអាគ្នេយ៍។
សូមរំលឹកថា យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមក វាបានបង្កឱ្យមានការបង្រ្កាបដ៏សាហាវទៅលើក្រុមអ្នកប្រឆាំងរដ្ឋាភិបាលដែលធ្វើឱ្យប្រទេសនេះស្ថិតក្នុងភាពវឹកវរមកទល់សព្វថ្ងៃ។
សហរដ្ឋអាមេរិក និងបណ្តាប្រទេសបស្ចឹមលោកផ្សេងទៀត បានប្រកាសរួចហើយពីការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដែលផ្តោតលើសមាជិកនៃរបបយោធា ទីភ្នាក់ងាររដ្ឋាភិបាលយោធា និងក្រុមហ៊ុនដែលគ្រប់គ្រងដោយរបបយោធា ដើម្បីព្យាយាមទប់ស្កាត់លទ្ធភាពរបស់របបយោធាក្នុងការរកប្រាក់កម្រៃយកទៅទិញសព្វាវុធបំប៉នអំណាចរបស់ខ្លួនបន្ថែមទៀត។
លោក Chollet បាននិយាយថា រហូតមកដល់ពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន ៨០ នាក់ និងអង្គភាពចំនួនជាង ៣០ ស្ថាប័នរួចមកហើយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបានបន្ថែមទៀតថា ដើម្បីមើលឃើញដំណោះស្រាយជម្លោះនៅប្រទេសមីយ៉ាន់ម៉ា ប្រទេសរុស្ស៊ីចាំបាច់ត្រូវតែបញ្ឈប់ការផ្គត់ផ្គង់សម្ភារៈយោធាដល់របបយោធានេះតទៅទៀត។
លោក Chollet បានអំពាវនាវឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ធ្វើការដកតំណាងនយោបាយមកពីក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំទាំងអស់របស់ខ្លួន។
មន្ត្រីសេតវិមានរូបនេះបានបន្ថែមទៀតថា របបនេះត្រូវតែយល់ឱ្យបានច្បាស់ថា ដរាបណា នៅបន្តកាត់ទោសយុទ្ធនាការដ៏ឃោរឃៅបែបនេះទៅលើប្រជាជនរបស់ខ្លួន ពួកគេនឹងទទួលរងនូវផលវិបាកសម្រាប់បញ្ហានោះ ហើយវានឹងរួមបញ្ចូលភាពឯកោបន្ថែមទៀតនៅក្នុងសហគមន៍អន្តរជាតិ។
បច្ចុប្បន្ន អាស៊ានបានរារាំងមេដឹកនាំរបបយោធាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ប៉ុន្តែបានបដិសេធចំពោះការដាក់ទណ្ឌកម្ម និងបានច្រានចោលការបណ្តេញមីយ៉ាន់ម៉ាចេញពីប្លុកតំបន់ដែលមានសមាជិកទាំង១០ប្រទេសមួយនេះ៕
អត្ថបទ ៖ សុខ ជា