រនាំងពន្ធគយលើទំនិញចិននិងអតិផរណានៅអាមេរិក!

អាមេរិកគ្រោងបន្ថយពន្ធគយលើទំនិញចិន ដើម្បីបន្ធូរសម្ពាធអតិផរណា ខណៈពន្ធលើឧស្ម័នត្រូវបានលើកយកមក


ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន កាលពីពេលថ្មីៗនេះបានបង្ហើបឱ្យដឹងថាលោកនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងពេលឆាប់ៗនេះ ដើម្បីអាចសម្រេចចិត្តថាតើអាមេរិកគួរតែដករនាំងទណ្ឌកម្មពន្ធគយខ្លះ ដែលបានដាក់ដោយកាលពីរដ្ឋការលោកដូណាល់ ត្រាំ ចេញពីទំនិញរបស់ចិនឬមួយយ៉ាងណា។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានមន្ត្រីនៃរដ្ឋបាលលោកចូ បៃឌិន អះអាងថាដើម្បីបន្ធូរបន្ថយតម្លៃទំនិញ និងអតិផរណា ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងពេល៤ទសវត្សរ៍ចុងក្រោយ។
អាមេរិកគ្រោងបន្ថយពន្ធគយលើទំនិញចិន ដើម្បីបន្ធូរសម្ពាធអតិផរណា ខណៈពន្ធលើឧស្ម័នត្រូវបានលើកយកមក
ដោយ

បើ​តាម​ការ​ឱ្យ​ដឹង​បន្ថែម​ពី​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក ទីក្រុង​វ៉ា​ស៊ី​ន​តោន​ទំនងជា​នឹង​ពិនិត្យ​មើល​លទ្ធភាព​ដក​ពន្ធ​លើ​ឧស្ម័ន​នាំ​ចូល​ពី​ប្រទេស​ចិន​មុនគេ ដើម្បី​បន្ទាប​តម្លៃ​ថាមពល​នៅ​ក្នុងស្រុក​។ បើសិនជា​រនាំង​ពន្ធគយ​លើ​ទំនិញ​ចិន ត្រូវ​បាន​អា​មេ​រិ​ក​ដក​ចេញ​ពិតមែន តើ​វា​នឹង​ជួយ​បន្ថយ​អតិផរណា​នៅ​អា​មេ​រិ​កបាន​កំរិត​ណា? ចុះ​ឯណា​ទៅ គោ​លន​យោ​យ​បាយ​អនុវត្ត​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌ និង​ស្មើភាព​គ្នា​រវាង​មហាអំណាច​ទាំង​ពីរ ដែល​អា​មេ​រិ​ក​តែងតែ​ស្រែក​ទាមទារ​មិន​ដាច់​ពី​មាត់​នោះ?

អត្រា​អតិផរណា​នៅ​អា​មេ​រិ​ក​កាលពី​ខែឧសភា បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយ ខណៈ​ដែល​តម្លៃ​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ជីវភាព​ទូទៅ​របស់​ពលរដ្ឋ​អា​មេ​រិ​ក បាន​កើនឡើង ៨,៦%​។ ទំនិញ​ស្ទើរ​គ្រប់មុខ​ឡើងថ្លៃ​ជា​បន្តបន្ទាប់​រាប់​ចាប់ពី​ថាមពល អាហារ ការ​ស្នាក់​នៅ ដែល​វា​បាន​ដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​លើ​គ្រួសារ​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​នៅ​ទូ​ទាំង​ប្រទេស​។

អ្នក​សេដ្ឋកិច្ច និង​ធុរកិច្ច​ជា​ច្រើន​បាន​និង​កំពុង​ជំរុញ ក៏​ដូច​ជា​អំពាវនាវ​ឱ្យ​លោក ចូ បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក កាត់​បន្ថយពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន ដើម្បី​ធ្វើ​ឱ្យ​អតិផរណា​ក្នុងស្រុក​បាន​ធូរស្រាល​ខ្លះ​។ ម្យ៉ាង គឺ​ដើម្បី​សម្រួល​លើ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​ក ក្រោយ​កូ​វី​ដ​១៩ ដែល​បាន​ប៉ះពាល់​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និង​បញ្ហា​ផល​ប៉ះពាល់​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជាដើម​។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ទាំងនេះ ប្រធានាធិបតី​វ័យ​៧៩​ឆ្នាំ​លោក ចូ បៃ​ឌិន បាន​និយាយ​ហើយ​ថា លោក​នឹង​ជួប​ជជែក​ជាមួយ មេដឹកនាំ​ចិន​ឆាប់​ៗ មុន​នឹង​សម្រេចចិត្ត​ថា ត្រូវ​ដក​ពន្ធ​លើ​ទំនិញ​ណាខ្លះ​។

ប៉ុន្តែ​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​មុន​នេះ មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ចំនួន​ពីរ​រូប ដែល​ជិត​ស្និទ្ធ​នឹង​បញ្ហា​ខាងលើ បាន​បង្ហើប​ថា រដ្ឋបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​ពិនិត្យ​មើល​កា​រដក​ពន្ធ​លើ​ថាមពល​ឧស្ម័ន​មុនគេ ដើម្បី​ដោះស្រាយ​ការ​កើនឡើង​នៃ​តម្លៃ​ប្រេងសាំង​និយាយ​ដោយឡែក និង​អតិផរណា​និយាយ​ជា​រួម​។ មន្ត្រី​អា​មេ​រិ​ក​ដដែល​បន្ថែម​ថា លោក​បៃ​ឌិន ក៏​កំពុង​វាយតម្លៃ​ពី​លទ្ធភាព​ផ្អាក​ការ​យកពន្ធ​លើ​ថាមពល​ក្នុងស្រុក ដើម្បី​កាត់​បន្ថយ​តម្លៃ​សម្រាប់​អ្នក​ប្រើប្រាស់​ផង​ដែរ​។

គួរ​ជម្រាប​ថា មុន​ឈាន​ដល់​ការ​ពិចារណា​ដក​ពន្ធ​លើ​ថាមពល​ឧស្ម័ន​របស់​ចិន ប្រធានាធិបតី​ចូ បៃ​ឌិន ធ្លាប់​បាន​ស្តីបន្ទោស​ដល់​ក្រុមហ៊ុន​ប្រេង​ធំ​ៗ​របស់​ខ្លួន ដែល​បរាជ័យ​ក្នុង​ការ​បង្កើន​ការ​ផលិត និង​បណ្តោយ​ឱ្យ​មានការ​ខ្វះខាត​ប្រេង និង​តម្លៃ​ក៏​កើនឡើង​។

សូម​បញ្ជាក់​ថា អ្នកជំនាញ​ក៏​ធ្លាប់​បាន​ព្រមាន​រួច​ហើយ​ដែរ ប្រសិនបើ​អា​មេ​រិ​ក​ពិតជា​ដក​រនាំង​ពន្ធ​លើ​ទំនិញ​ចិន​មែន វា​គ្រាន់តែ​អាច​ទៅ​បន្ទាប​តម្លៃ​នៅ​លើ​មុខទំនិញ​មួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា​វត្ថុធាតុដើម​សំខាន់​ៗ ហើយ​វា​នឹង​មិន​ធ្វើ​ឱ្យ​អតិផរណា​ធ្លាក់​ចុះ​ដល់​កម្រិត​ដូច​ពី​មុន​វិញ ឬ​ទៅ​តាម​អ្វី​ដែល​គេ​ចង់បាន​នោះ​ទេ ដោយហេតុ​ថា អត្រា​អតិផរណា​ខ្ពស់​នៅ​អា​មេ​រិ​ក​ដូច​ពេល​បច្ចុប្បន្ន មិនមែន​ដោយសារ​តែ​រនាំង​ពន្ធ​លើ​ទំនិញ​ចិន​តែ​មួយ​មុខ​ឡើយ​។ វា​បាន​រួមចំណែក​ពី​កត្តា​ជា​ច្រើន រួម​មាន​និន្នាការ​សេដ្ឋកិច្ច​សកល ដែល​រង្គោះរង្គើ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ការ​មិន​ទាន់​ងើបឈរ​រឹង​មាំ ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ និង​ផល​ប៉ះពាល់​លើ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ជាដើម​។ ដូច្នេះ គេ​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ទន្ទឹម​គ្នា ទើប​អា​មេ​រិ​ក​អាច​មើលឃើញ​ពី​ការ​ធ្លាក់​ចុះ​អតិផរណា​មក​វិញ​។

គួរ​រំឭក​ថា ពន្ធគយ​ដែល​ដាក់​លើ​ទំនិញ​ចិន អំឡុង​រដ្ឋការ​អតីត​ប្រធានាធិបតី Donald Trump បាន​អនុវត្ត​ក្នុង​អត្រា ២៥% លើ​ផលិតផល​ចិន​ក្នុង​តម្លៃ​សរុប​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ​។ ការ​ដាក់​ទណ្ឌកម្ម​នេះ មាន​គោលបំណង​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក និង​បង្ខំ​ឱ្យ​ប្រទេស​ចិន​ទទួលយក​ការ​អនុវត្ត​ពាណិជ្ជកម្ម ដែល​លោក​ត្រាំ​ហៅ​ថា ជា​រឿង​យុត្តិធម៌ និង​ស្មើភាព​គ្នា​៕

None



អត្ថបទបន្ទាប់


អាល្លឺម៉ង់បង្ខំចិត្តប្រាសចាកកិច្ចព្រមព្រៀងអាកាសធាតុសកល ដោយបង្កើនការប្រើប្រាស់ធ្យូងថ្មដើម្បីជំនួសការបញ្ជាទិញថាមពលរបស់រុស្ស៊ី

នៅចំពោះមុខការតម្រូវឱ្យកាត់បន្ថយការនាំចូលឧស្ម័នពីរុស្ស៊ី រដ្ឋាភិបាលអាល្លឺម៉ង់បានជ្រើសយកដំណោះស្រាយ ប្រើប្រាស់ឧស្ម័នសម្រាប់ផលិតជាអគ្គិសនីក្នុង…

ចិនថា ការសាកល្បងជោគជ័យនូវប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ខ្លួន គ្មានបំណងគំរាមកំហែងប្រទេសណាមួយឡើយ

ក្រសួងការពារជាតិចិនបានថ្លែងកាលពីពេលថ្មីៗនេះថា ប្រទេសចិនបានធ្វើការសាកល្បងដោយជោគេជ័យនូវប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលដ៏ទំនើបរបស់ខ្លួនដូចការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ