ទីភ្នាក់ងារផ្ដល់សេវាបញ្ញើប្រៃសណីយ៍របស់សហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃទី៤ ខែកុម្ភៈ ថា ខ្លួននឹងផ្អាកទទួលយកកញ្ចប់អីវ៉ាន់បញ្ញើប្រៃសណីយ៍ ដែលផ្ញើចូលពីប្រទេសចិន និងហុងកុង ជាបណ្ដោះអាសន្ន។ បើយោងតាមការអះអាងរបស់ភ្នាក់ងារនេះ ការប្រកាសផ្អាកនេះមានប្រសិទ្ធភាពអនុវត្តភ្លាមៗរហូតដល់មានការជូនដំណឹងជាថ្មីបន្ថែមទៀត។ ទោះជាយ៉ាងណា ទីភ្នាក់ងារនេះបានបញ្ជាក់ថា អីវ៉ាន់បញ្ញើដែលជាប្រភេទស្រោមសំបុត្រតូចធំនឹងមិនរងផលប៉ះពាល់ដោយសារការផ្អាកនេះឡើយ។
ការប្រកាសផ្អាកនេះធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅបានចុះហត្ថលេខាលើបទបញ្ជាឱ្យដំឡើងពន្ធ២៥% លើប្រទេសម៉ិកស៊ិក និងកាណាដា និងដំឡើងពន្ធ១០% លើប្រទេសចិន។ ហើយកាលពីថ្ងៃទី៣ កុម្ភៈ លោក ដូណាល់ ត្រាំ យល់ព្រមផ្អាកដំឡើងពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា រយៈពេល៣០ថ្ងៃ ប៉ុន្តែបានរក្សាទុកការដំឡើងពន្ធ១០% លើប្រទេសចិនដដែល។
គោលបំណងនៃការផ្អាកនេះ គឺដើម្បីបិទភាពចន្លោះប្រហោងក្នុងពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន ដឹកជញ្ជូនកញ្ចប់ប្រៃសណីយ៍ ដែលមានតម្លៃតិចជាង៨០០ដុល្លារចូលទៅទឹកដីសហរដ្ឋអាម៉េរិក ដោយរួចពន្ធយ៉ាងគគ្រឹកគគ្រេង។
ភាពចន្លោះប្រហោងក្នុងពាណិជ្ជកម្មនេះ បានក្លាយជាឧបករណ៍ដ៏សំខាន់មួយសម្រាប់បណ្ដាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់មហាយក្សចិន រួមមានក្រុមហ៊ុន ស្សេន (Shein) ក្រុមហ៊ុន PDD Holdings និងក្រុមហ៊ុនធើមូ ជាដើម ដែលអនុញ្ញាតឱ្យក្រុមហ៊ុនចិន ទាំងនេះពង្រីកខ្លួនកាន់តែធំយ៉ាងឆាប់រហ័សនៅលើទឹកដីសហរដ្ឋអាម៉េរិក តាមរយៈការយកថ្លៃសេវាបញ្ញើទាបលើទំនិញសព្វសារពើរាប់ចាប់ពីសម្លៀកបំពាក់ គ្រឿងសង្ហារិម គ្រឿងអេឡិចត្រូនិក និងគ្រឿងតុបតែងផ្ទះ។
យោងតាមទិន្នន័យពីទីភ្នាក់ងារគយ និងការពារព្រំដែនរបស់សហរដ្ឋអាម៉េរិក (CBP) បានបង្ហាញថា សហរដ្ឋអាម៉េរិកទទួលបានអីវ៉ាន់បញ្ញើប្រៃសណីយ៍ពីប្រទេសចិន ជាង១,៣លានបញ្ញើក្នុងឆ្នាំ២០២៤៕
ដោយ: តែម សុខុម