អ្នកស្រី ឈរ ចាន់នី ប្រធានសាខារបស់ក្រុម ចាន់នីនៃក្រុមហ៊ុន Remax Top Producer មកពីសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា នេះគឺជាលើកទី១ ហើយដែលក្រុមការងារអ្នកស្រីបានមកធ្វើការផ្សព្វផ្សាយពីឱកាសវិនិយោគលើវិស័យអចលនទ្រព្យនៅសហរដ្ឋអាមេរិក និងក៏ជាការចូលរួមផ្តល់ចំណេះដឹងស្តីពីការទិញ លក់ ជួល អលនទ្រព្យនៅសហរដ្ឋអាមេរិកដល់អ្នកវិនិយោគនៅកម្ពុជា ដែលកំពុងស្វែងរកការវិនិយោគច្រើនក្រៅប្រទេស។
អ្នកស្រីអះអាងថា ការដែលយើងមកកម្ពុជាដើម្បីផ្សព្វផ្សាយអំពីទីផ្សារអលនទ្រព្យនៅសហរដ្ឋអាមេរិក ដោយសារតែយើងមើលឃើញកម្រិតជីវភាពពលរដ្ឋកម្ពុជាមានប្រាក់ចំណូលកើនឡើង ដែលគិតថា នឹងមានលទ្ធភាពអាចទិញផ្ទះនៅអាមេរិកបាន ខណៈតម្លៃផ្ទះនៅអាមេរិកមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃផ្ទះនៅកម្ពុជាដែរ ពោលគឺតម្លៃផ្ទះស្ថិតនៅក្នុងតំបន់ទីប្រជុំជនក្នុងរដ្ឋហ្គាលីហ្វ័រញ៉ាមានតម្លៃលំនៅដ្ឋានមួយថ្លៃចន្លោះ ៣០ម៉ឺនដុល្លារទៅ ១លានដុល្លារ ដូច្នេះបើគិតពីឱកាសចំនេញពីការវិនិយោគនៅទីនោះមានភាពល្អប្រសើរខ្លាំង។
លោកស្រីបន្ថែមទៀតថា យើងពិតជាចង់ចែករំលែកនូវផលចំនេញបានមកពីការទិញអចលនទ្រព្យ សម្រាប់ការវិនិយោគ មានដូចជាផ្តល់នូវការជួលផ្ទះ ក៏ដូចជាលក់បន្ត និង ការស្នាក់នៅសម្រាប់កូនៗស្នាក់នៅបន្តការសិក្សារផងដែរ។
សូមជម្រាបថា ក្រុមចាន់នីនៃក្រុមហ៊ុន Remax Top Producer គឺបានចូលរួមប្រឡូកនៅក្នុងវិស័យអចលនទ្រព្យបានជាង១០ឆ្នាំនៅសហរដ្ឋអាមេរិក និងបានបង្កើនក្រុមសមាជិកប្រមាណ ៥ទៅ៦ នាក់បន្ថែមសម្រាប់ជួយដល់ពលរដ្ឋខ្មែរនៅអាមេរិកក្នុងដំណើរការទិញផ្ទះ ក៏ដូចជាជួលផ្ទះ និងការធ្វើជំនួញផងដែរ។
យ៉ាងណាក៏ដោយចុះ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកស្រីមិនបានបញ្ជាក់ពីតួលេខនៃចំនួនអ្នកទិញផ្ទះក៏ដូចជួលផ្ទះនៅរដ្ឋអាមេរិកស្ថិតនៅក្នុងរដ្ឋហ្គាលីហ្វញ៉ាមានចំនួនពិតប្រាកដប៉ុន្មាននោះឡើយ ប៉ុន្តែគ្រាន់តែប្រាប់ថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ គឺមានពលរដ្ឋកម្ពុជាបានទៅទិញផ្ទះនៅទីនោះមានសន្ទុះកើនឡើងជាខ្លាំង៕