អាមេរិក-កម្ពុជា

អាមេរិក​ដាក់​ទណ្ឌកម្ម ឧកញ៉ា ទ្រី ភាព, លោក គន់ គីម និង​ក្រុម​គ្រួសារ


ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក នៅថ្ងៃ​ចន្ទ ទី៩ ខែ​ធ្នូ បាន​ដាក់​ទណ្ឌកម្ម​លើ​លោក គន់ គីម និង​ឧកញ៉ា ទ្រី ភាព និង​ក្រុម​គ្រួសារ​ ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។
អាមេរិក​ដាក់​ទណ្ឌកម្ម ឧកញ៉ា ទ្រី ភាព, លោក គន់ គីម និង​ក្រុម​គ្រួសារ។ រូបភាព​​ពី​វិទ្យុ សំឡេង​សហរដ្ឋ​អាមេរិក (VOA)
ដោយ

លោក គន់ គីម ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ ត្រូវ​បាន​សហរដ្ឋ​អាមេរិច​ដាក់​ទណ្ឌកម្ម​ក្រោម​ការ​ចោទ​ប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ក្នុង​​អំពើ​ពុក​រលួយ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុអាមេរិក។

ក្រសួង​ហិរញ្ញវត្ថុ​​អាមេរិក បាន​ចោទ​ប្រកាន់​ថា លោក គន់ គីម គឺ​ជា​”អ្នក​ជួយ​ក្នុង​ការ​អភិវឌ្ឍ​នៅ​ខេត្ត​កោះកុង និង​បាន​ទទួល​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​យ៉ាង​ច្រើន​ពី​ទំនាក់​ទំនង​របស់​គាត់ ជាមួយ​ក្រុមហ៊ុន​រដ្ឋ​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។”

សេចក្តី​ថ្លែងការណ៍​នោះ បាន​បន្ត​ថា លោក គន់ គីម “បាន​ប្រើ​ទាហាន​របស់​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បំភិត​បំភ័យ បំផ្លិច​បំផ្លាញ និង​​ទន្ទ្រាន​យក​ដី ដែល​ចង់​បាន​ដោយ​ក្រុមហ៊ុន​មួយ​​គ្រប់គ្រង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។”

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ក៏បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​សមាជិក​គ្រួសារ ៣​នាក់​ផ្សេង​ទៀត​របស់​លោក គន់ គីម និង​ក្រុមហ៊ុន​ចំនួន​ ៥​ផ្សេងទៀត ដែល​ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់​បុគ្គល​ទាំងនេះ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល។

ជាមួយគ្នា​នេះ​ដែរ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​​​ក៏បាន​​ចោទ​ប្រកាន់​​លោក​ឧកញ៉ា ទ្រី ភាព​​ ពីបទ​ចូលរួម​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ក្នុង​អំពើ​ពុករលួយ​ តាមរយៈ​ការ​កាប់​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​ ដោយ​មាន​ការ​ឃុប​ឃិត​គ្នា​ជាមួយ​មន្រ្តី​កម្ពុជា។

ក្រុមហ៊ុន​ចំនួន ១១​ដែល​ចុះ​បញ្ជី​ក្រោម​ឈ្មោះ​ឧកញ៉ា ទ្រី ភាព ក៏​ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម ផងដែរ។

បន្ទាប់ពី​ទទួល​រង​ទណ្ឌកម្ម​ហើយ​នោះ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​និយាយ​ថា រាល់​ទ្រព្យ​សម្បត្តិ និង​ផល​ប្រយោជន៍​របស់​បុគ្គល​និង​អង្គភាព​ដែល​មាន​ឈ្មោះ​ខាង​លើ នៅ​អាមេរិក ឬ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ជន​ជាតិ​អាមេរិក គឺ​ត្រូវ​បាន​បង្កក​ ហើយ​ត្រូវតែ​រាយការណ៍​ទៅ​ការិយាល័យ​ត្រួត​ពិនិត្យ​ទ្រព្យ​សម្បត្តិ​បរទេស។

លោក គន់ គីម មិន​បាន​លើក​ទូរស័ព្ទ​ទេ​នៅ​ថ្ងៃ​អង្គារ ទី១០ ខែធ្នូ​នេះ ខណៈ​ដែល​ឧកញ៉ា ទ្រី ភាព មិន​អាច​ទាក់ទង​បានទេ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​ថា ទណ្ឌកម្ម​នេះ​“ជា​ការគួរ​ឲ្យ​ភ្ញាក់​ផ្អើល” ហើយ​បាន​ហៅ​ទង្វើ​នេះ​ជា​“លក្ខណៈ​ឯកតោ​ភាគី” ពី​ក្រសួង​ហិរញ្ញវត្ថុ​​សហរដ្ឋ​អាមេរិក។

លោក ផៃ ស៊ីផាន បាន​និយាយ​ដូច្នេះ​ថា ”នៅ​ក្នុង​កាតព្វ​កិច្ច​របស់​រាជ​រដ្ឋាភិបាល គឺ​តម្រូវ​តាម​ច្បាប់​ក្នុង​ការ​ស្វែងរក​ការពិត និង​ដោះ​បន្ទុក ក្នុង​កិច្ច​ការពា​រប្រក​បដោយ​យុត្តិធម៌ និង​សុចរិតភាព សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ ដែល​លោក​ទទួលរង​ការ​ចោទ​ប្រកាន់​នេះ។”

លោក ផៃ ស៊ីផាន បាន​និយាយ​ថា ទំនាក់​ទំនង​និង​កិច្ច​សហប្រតិបត្តិការ​រវាង​​កម្ពុជា និង​អាមរិក មិន​មាន​អ្វី​ប៉ះពាល់​នោះ​ឡើយ គឺ​នៅតែ​បន្ត​ក្នុង​”ភាព​ស្វាហាប់ និង​បរិបទ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ន័យ​ប្រជាជាតិ​អធិបតេយ្យ។”

ចំណែកឯ​ក្រសួង​ការបរទេស​វិញ បាន​និយាយ​ថា ទណ្ឌកម្ម​នេះ​គឺ​ជា​”ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ស្តារ​ទំនុក​ចិត្ត​និង​ភាព​ជឿជាក់​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក តាមរយៈ​ការ​ផ្ញើ​សារ​ទៅ​វិញ​ទៅ​មក នា​ពេល​ថ្មីៗ​នេះ” រវាង​នាយក​រដ្ឋមន្រ្តី​សម្តេច ហ៊ុន សែន និង​លោក ដូណាល់ ត្រាំ៕




អត្ថបទបន្ទាប់


អង្គការ OPEC និងសម្ព័ន្ធមិត្ត សម្រេចកាត់បន្ថយផលិតកម្មប្រេងកាន់តែច្រើន

អង្គការប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្ត ដែលដឹកនាំដោយប្រទេសរុស្ស៊ី បានសម្រេចកាត់បន្ថយផលិតកម្មប្រេង ៥សែនបារ៉ែលក្នុងមួយថ្ងៃ បន្ថែមលើចំន…

ភ្ញៀវទេសចរសម្រុកទៅលេងកោះភូកុក ឬកោះត្រល់ យ៉ាងគំហុក ធ្វើឲ្យមានកង្វះខាតកម្លាំងពលកម្ម

ដោយសារតែចំនួនភ្ញៀវទេសចរចូលទៅកម្សាន្តនៅកោះភូកុក ឬកោះត្រល់ កើនឡើងយ៉ាងគំហុក ហួសពីការរំពឹងទុក បានធ្វើឲ្យតំបន់កម្សាន្តមួយនេះ ខ្វះខាតកម្លាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ