អាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីឆ្លើយតបនឹងការលុកលុយលើអ៊ុយក្រែនកាលពីចុងខែកុម្ភៈ តាមរយៈការហាមឃាត់ការនាំចូលផលិតផលថាមពលទាំងអស់ ទៅកាន់សហរដ្ឋអាមេរិក រួមមានប្រេងឆៅ ប្រេងឥន្ធនៈចម្រាញ់រួច ធ្យូងថ្ម និងឧស្ម័នជាដើម។ ប៉ុន្ដែ កន្លងមកក៏នៅតែមានសេចក្ដីរាយការណ៍ថា រុស្ស៊ីបាននិងកំពុងប្រើប្រាស់ប្រទេសមួយចំនួនដើម្បីលាងប្រេងរបស់ខ្លួន ដើម្បីនាំចេញទៅកាន់ទីផ្សារសំខាន់ៗរួមទាំងទីផ្សារអឺរ៉ុប និងអាមេរិកជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោក Michael Patra ទេសាភិបាលរងធនាគារកណ្តាលឥណ្ឌាបាននិយាយថា មានកប៉ាល់ឥណ្ឌាបានបើកទៅជួបកប៉ាល់ដឹកប្រេងរបស់រុស្ស៊ីនៅកណ្តាលសមុទ្រ រួចពួកគេផ្ទេរប្រេងចូលកប៉ាល់ឥណ្ឌា ហើយបើកមកកំពង់ផែមួយក្នុងរដ្ឋ Gujarat មុននឹងដឹកចេញទៅបរទេស។ ប្រេងដែលចម្រាញ់រួច ត្រូវបានដាក់លើកប៉ាល់នោះ ហើយបើកចេញទៅដោយគ្មានគោលដៅ។ នៅពាក់កណ្តាលសមុទ្រទើប កប៉ាល់ទទួលបញ្ជាឱ្យធ្វើដំណើរទៅញូវយ៉ក។
លោក Patra មិនបានប្រាប់ឈ្មោះកប៉ាល់ ឬផ្តល់ព័ត៌មានលម្អិតអ្វីផ្សេងទៀតនោះទេ ក្រៅតែពីព័ត៌មានខាងលើ។ ស្ថានទូតអាមេរិកប្រចាំទីក្រុង New Delhi វិញក៏មិនមានការអត្ថាធិប្បាយអ្វីដែរជុំវិញរឿងនេះ។
ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូល និងប្រើប្រាស់ប្រេងធំជាងគេទីបីរបស់ពិភពលោក បានក្លាយជាប្រទេសនាំចូលប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ី ចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែន ខណៈកន្លងមកឥណ្ឌាទិញប្រេងតិចតួចបំផុតពីរុស្ស៊ី។
ដោយឡែក រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមផ្នែករឹងក្នុងវិស័យយោធាដ៏ធំបំផុតរបស់ឥណ្ឌាតាំងតែពីដើមមកទៅហើយ។ នៅពេលរុស្ស៊ីចូលឈ្លានអ៊ុយក្រែន ឥណ្ឌាមិនបានថ្កោលទោសទីក្រុងម៉ូស្គូឡើយ គ្រាន់តែបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សាប៉ុណ្ណោះ។
សូមជម្រាបថា ការប្រើវិធីសាស្ត្រគេចពីទណ្ឌកម្មនេះ មិនមែនជារឿងថ្មីទេនៅពេលមានការប៉ះទង្គិចគ្នាផ្នែកសេដ្ឋកិច្ចរវាងប្រទេសធំៗម្តងៗ។ ជាក់ស្តែងយើងឃើញថា កន្លងមក ក៏ធ្លាប់មានក្រុមហ៊ុនចិនមួយចំនួន បានប្រើប្រាស់ស្លាកសញ្ញារបស់ប្រទេសផ្សេង ដាក់លើផលិតផលខ្លួន ឬប្រើប្រទេសទី៣ជាស្ពានដើម្បីអាចនាំទំនិញដែលខ្លួនផលិតទៅកាន់ទីផ្សារអាមេរិកផងដែរ ដើម្បីគេចពីរនាំងពន្ធគយដែលបានដាក់លើចិន ក្រោយមានសង្គ្រាមពាណិជ្ជកម្មរវាងប៉េកាំង និងវ៉ាស៊ីនតោន៕