វិបត្តិអ៊ុយក្រែន

អ៊ុយក្រែនចង់បានបទឈប់បាញ់ជាមួយរុស្ស៊ី ប៉ុន្ដែអាមេរិកថា រុស្ស៊ីមិនងាយបញ្ចប់សង្គ្រាមឡើយ


ភាគីអ៊ុយក្រែនសង្ឃឹមថា កិច្ចចរចាសន្តិភាពទល់មុខគ្នាជុំទី៤ ជាមួយរុស្ស៊ី ដែលត្រូវផ្តើមធ្វើឡើងក្នុងថ្ងៃអង្គារសប្តាហ៍នេះ អាចនាំមកនូវបទឈប់បាញ់មួយជាស្ថាពរ។ នេះមិនមែនជាលើកដំបូងឡើយសម្រាប់អ៊ុយក្រែនលើកយក បញ្ហាបទឈប់បាញ់នេះ មកនិយាយជាមួយរុស្ស៊ី ប៉ុន្តែរាល់លើកមិនបានផលទាល់តែសោះ។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលដើម្បីចរចាបញ្ចប់សង្គ្រាមឡើយ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានអន្តរជាតិជាច្រើន។
អ៊ុយក្រែនត្រៀមបទឈប់បាញ់អាមេរិកថារុស្ស៊ីមិនងាយឈប់!
ដោយ

សង្គ្រាម​ឈ្លានពាន​រុ​ស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន និង​ត្រូវ​បាន​គេ​ចាត់ទុកជា​សង្គ្រាម​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ចាប់តាំងពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​បាន​បញ្ចប់​មក ដោយ​សង្គ្រាម​ជាង​១​ខែ​មកនេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជិត​៤​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​ទៅ​កាន់​ប្រទេស​ជិតខាង និង​បណ្តាល​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ស្លាប់ និង​រង​របួស​។ មិនតែប៉ុណ្ណោះ វា​ក៏​បាន​នាំ​មក​នូវ​ភាព​ឯកោ​ខ្លាំង​ណាស់​ដែរ សម្រាប់​សេដ្ឋកិច្ច និង វត្តមាន​រុ​ស្ស៊ី​លើ​ឆាក​អន្តរជាតិ​។

ក្នុង​នោះ​នៅ​ក្នុង​ទីក្រុង​កំពង់​ផែ Mariupol របស់​អ៊ុយ​ក្រែ​ន​តែ​មួយ​ប៉ុណ្ណោះ មាន​មនុស្ស​ជិត​៥​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​រួម​ទាំង​កុមារ​ប្រហែល​២១០​នាក់​។ នេះ​បើ​យោង​តាម​តួលេខ​ពី​អភិបាលក្រុង ម៉ា​រី​យ៉ូ​ប៉ូ​ល​។ អ្នក​ស្លាប់​ភាគី​ច្រើន ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​ដ៏​ខ្លាំងក្លា​របស់​រុ​ស្ស៊ី​។

ដោយសារ​តែ​ក្រុង​កំពង់​ផែ​ម៉ា​រី​យ៉ូ​ប៉ូ​ល​ជាទី​តាំង​យុទ្ធសាស្ត្រ​សំខាន់ ដែល​រុ​ស្ស៊ី​ចង់​ដណ្តើម​មក​គ្រប់គ្រង​ជា​យូរហើយ​មក​ហើយ ហេតុនេះ​ទើប​រុ​ស្ស៊ី​បង្កើន​ការ​ទម្លាក់​គ្រាប់បែក និង​បាញ់​ស្រោច​គ្រាប់កាំភ្លើង​ធំ​ចូល​ក្នុង​ទីក្រុង​មួយ​នេះ​ស្ទើរ​រាប​ដល់​ដី​ទៅ​ហើយ​។ អ្នក​នៅ​រស់រាន​មានជីវិត​ក្នុង​ក្រុង​មួយ​នេះ បាន​ប្រាប់​ពី​បទ​ពិសោធន៍​ដ៏​ឈឺចាប់​ថា មាន​មនុស្ស​ដែល​ស្លាប់​ដោយសារ​គ្រាប់បែក​ផង ការ​ខ្វះខាត​ការ​ព្យាបាល​ផង សាកសព​ត្រូវ​បាន​គេ​កប់​នៅ​ពាស​វាល​ពាស​កាល គ្រប់​ទីកន្លែង​ឲ្យ​តែ​អាច​កប់​បាន រីឯ​ស្ត្រី​ខ្លះ​សម្រាលកូន​នៅ​ក្នុង​បន្ទប់ក្រោមដី​ក៏​មាន​។

នៅ​ចំពោះ​មុខការ​បង្ហូរឈាម​បែប​នេះ ភាគី​អ៊ុយ​ក្រែ​ន​នៅ​តែ​ទទូច​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ ដែល​មាន​ប្រសិទ្ធភាព​នៅ​ទូ​ទាំង​ប្រទេស ប៉ុន្តែ​រាល់​លើក វា​មិន​ត្រូវ​បាន​ភាគី​រុ​ស្ស៊ី​មានការ​អើពើ​ឡើយ​។ ជាក់ស្តែង ក្រុម​ប្រតិភូ​របស់​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន​ទៅ​ដល់​រដ្ឋធានី អ៊ី​ស្តង់​ប៊ុល នៃ​ប្រទេស​តួ​គី​ហើយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៩ មីនា​នេះ សម្រាប់​កិច្ចចរចា​ទល់មុខ​គ្នា​ជុំ​ទី​៤​។ ដូច​សព្វមួយដង បទ​ឈប់​បាញ់​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​ដែល​អ៊ុយ​ក្រែ​ន​នឹង​យក​មក​ដាក់​លើ​តុ​ពិភាក្សា​។

បន្ថែម​ពីលើ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន ឌី​មេ​ទ្រី គូ​ឡេ​បា​(Dmytro Kuleba) បាន​បង្ហើប​អោយ​ដឹង​ថា ក្រៅ​តែ​ជំរុញ​ការ​ចរចា​ទៅ​រក​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្តី​ពី​បទ​ឈប់​បាញ់​ហើយ​នោះ បញ្ហា​មនុស្សធម៌​ក៏​ទីក្រុង​កៀវ​នឹង​យក​មក​ជជែក​ជាមួយ​ម៉ូ​ស្គូ​ដែរ ពិសេស​ស្ថានភាព​មនុស្សធម៌​នៅ​ម៉ា​រី​យ៉ូ​ប៉ូ​ផ្ទាល់​តែ​ម្តង​។

យ៉ាងណាមិញ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​ឯណោះ មិនសូវ​មាន​ជំនឿ​ចិត្ត​ថា កិច្ចចរចា​លើក​នេះ នឹង​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ បញ្ចប់សង្គ្រាម​នោះ​ទេ​។ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អា​មេ​រិ​កមួយ​រូប បាន​ប្រាប់ Reuters  លោក ពូ​ទី​ន មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​សម្របសម្រួល​ដើម្បី​បញ្ចប់សង្គ្រាម​នោះ​ទេ​។ 

ការ​លើក​ឡើង​ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បែប​នេះ គឺ​ស្រប​នឹង​អ្វី​ដែល​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov ធ្លាប់​បាន​និយាយ​ដែរ​។ លោក Peskov អះអាង​ថា កិច្ច​ពិភាក្សា​មក​ទល់​ពេល​នេះ មិន​ទាន់​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​ថា វា​ជា​រឿង​សំខាន់​ដែល​ភាគី​ទាំង​ពីរ​បាន​បន្ត​ជួប​គ្នា​ដោយ​ផ្ទាល់ ជា​ជាង​តាម​អន​ឡាញ​។ អ្នកនាំពាក្យ​រូប​នេះ បដិសេធ​មិន​ផ្តល់​ព័ត៌មាន​បន្ថែម​ទេ ដោយ​និយាយ​ថា ការ​ធ្វើ​ដូច្នេះ អាច​រំខាន​ដល់​ដំណើរការ​ចរចា​។

គួរ​កត់​សម្គាល់ថា នៅ​ថ្ងៃ​អង្គារ​ទី​២៩​មីនា​នេះ វិមាន​ក្រឹម​ឡាំង​បាន​គម្រាម​គំ​ហែង​ពី​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ម្តងទៀត ពិសេស​គឺ​នៅ​មុន​កិច្ចប្រជុំ​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​ទី ២៩ ខែមីនា​។ អ្នកនាំពាក្យ​ក្រឹម​ឡាំង លោក Peskov បាន​ប្រាប់​សារព័ត៌មាន​រុ​ស្ស៊ី TASS ថា «​គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ពិចារណា ពី​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ ប៉ុន្តែ​កុំ​ឲ្យ​តែ​មាន​ជន​ទី​បី​លូកដៃ ឬ​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន ពីព្រោះ​ថា រុ​ស្ស៊ី​មាន​លទ្ធភាព​ក្នុង​ការ​ទប់ស្កាត់ និង​ដាក់ទោស​លើ​អ្នក​ទាំងនោះ​»​។

សូម​ជម្រាប​ថា រដ្ឋធានី​កៀវ ក្រុង​ខា​គី​វ ក្រុង​ល្វី​វ និង​ក្រុង​កំពង់​ផែ​មា់​រី​យ៉ូ​ប៉ូ​ល សុទ្ធតែ​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ដែល​រង​ការ​វាយប្រហារ​យ៉ាងដំណំ​ជាងគេ និង​មានការ​បាញ់ប្រហារ​គ្នា​មិន​លោះ​ថ្ងៃ​នោះ​ទេ នៅ​ក្នុង​រយៈពេល​៥​ស​ប្តា​ហ៍​មកនេះ​។ មាន​ជន​ស៊ី​វិល​ជាង ១៦​ម៉ឺន​នាក់​ឯណោះ​កំពុង​ជាប់​គាំង​ក្នុង​ក្រុង​កំពង់​ផែ​ម៉ា​រី​យ៉ូ​ប៉ូ​ល មិន​អាច​គេច​ចេញ​ទៅ​ណា​រួច​។

អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ពួក​គេ​អាច​នាំ​យក​ស្បៀងអាហារ និង​បរិក្ខារ​ពេទ្យ​ទៅ​កាន់​ទីក្រុង​ខា​កៀវ ដែល​ជាទី​ក្រុង​ធំ​ទី​ពីរ​របស់​អ៊ុយ​ក្រែ​ន និង​ជាទី​ក្រុង​មួយ​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ ប៉ុន្តែ​ទីក្រុង​ម៉ា​រី​យ៉ូ​ប៉ូ​ល​វិញ ពិបាក​ឲ្យ​ពួក​គេ​ចូល​ទៅ​ខ្លាំង​ណាស់​៕

None



អត្ថបទបន្ទាប់


IMF ព្យាករថា អតិផរណាកើនឡើងដល់ចុងឆ្នាំ២០២២ ខណៈតម្លៃដឹកជញ្ជូនកើនកាន់តែខ្ពស់

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅក្នុងរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួនថា តម្លៃដឹកជញ្ជូនខ្ពស់ជាងមុនកំពុងជំរុញឱ្យអតិផរណ…

ផ្ទះសំណាក់ សណ្ឋាគារតាមខេត្តទេសចរណ៍គោលដៅត្រូវបានកក់បណ្ដើរៗ ខណៈដំណើរកម្សាន្ដបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់

ក្រោយទទួលបានដំណឹងរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីខកខានរៀបចំអស់រយៈពេលពីរឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ