ព្រឹទ្ធសភាអាម៉េរិកបានអនុម័តសេចក្តីព្រាងច្បាប់ដើម្បីបង្ខំឲ្យក្រុមហ៊ុនចិន ByteDance ដកខ្លួនចេញពីប្រតិបត្តិការ TikTok នៅសហរដ្ឋអាម៉េរិក ខណៈដែលបណ្តាញសង្គមដ៏ល្បីល្បាញមួយនេះ មានពលរដ្ឋអាមេរិកកំពុងតែប្រើប្រាស់ជាង១៧០លានគណនី។
លោក ម៉ាកូ រូប៊ីអូ (Marco Rubio )ព្រឹទ្ធសមាជិកអាម៉េរិក បាននិយាយថា អាម៉េរិកបានអនុញ្ញាតឱ្យគណបក្សកុម្មុយនិស្តចិនគ្រប់គ្រងកម្មវិធីដ៏ពេញនិយមបំផុតមួយនៅអាម៉េរិកយូរហើយ ដូច្នេះច្បាប់ថ្មីនឹងតម្រូវឱ្យម្ចាស់ភាគហ៊ុនចិន ដកខ្លួនចេញពីកម្មវិធីនេះឬ មួយបញ្ឈប់ប្រតិបត្តិការនៅអាម៉េរិកតែម្តង។ ក្រោយព្រឹទ្ធសមាជិកអនុម័ត លោក ចួ បៃដិន ប្រធានាធិបតីអាម៉េរិកបាននិយាយថា លោកនឹងចុះហត្ថលេខាលើច្បាប់ នៅថ្ងៃពុធនេះ។
ដោយឡែក TikTok មិនបានប្រតិកម្មភ្លាមៗទៅនឹងការអនុម័តនោះទេ ប៉ុន្តែកាលពីចុងសប្តាហ៍មុន ក្រុមហ៊ុនបានប្រាប់និយោជិតរបស់ខ្លួនថា ក្រុមហ៊ុននឹងស្វែងរកការសម្រេចតាមផ្លូវតុលាការជាប្រញាប់ ដើម្បីព្យាយាមរារាំងការអនុវត្តច្បាប់នេះ។ TikTok បានអះអាងថា ខ្លួនមិនបានចែករំលែក និងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាម៉េរិកទៅរដ្ឋាភិបាលចិននោះឡើយ។
តាមច្បាប់ដែលព្រឹទ្ធសភាអាម៉េរិក បានអនុម័ត ក្រុមហ៊ុន ByteDance អាចមានពេល២៧០ថ្ងៃ ដើម្បីរៀបចំបញ្ហាផ្ទេរការគ្រប់គ្រងរបស់ TikTok ហើយប្រសិនបើក្នុងករណីមានបញ្ហា គឺអាចស្នើសុំពន្យារពេលបន្ថែម៩០ថ្ងៃបន្តទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យម្នាក់ គឺលោក អេដ ម៉ាកឃី បាននិយាយថា ByteDance ទំនងជាមិនអាចអនុវត្តការដកខ្លួនចេញនៅដើមឆ្នាំ ២០២៥ បាននោះទេ ពីព្រោះថា បើទោះជាក្រុមហ៊ុនព្រម ក៏ការលក់ ឫផ្ទេរការគ្រប់គ្រងវាជាប្រតិបត្តិការដ៏ស្មុគស្មាញ និងមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ដែលអាចទាមទារពេលវេលារាប់ខែឯណោះ៕
ដោយៈ សរ សុជាតិ