ព្រែកជីក ភីងលូ គឺជាគម្រោងផ្លូវទឹកខ្នាតយក្សក្រោមទុនវិនិយោគរហូតដល់ទៅប្រមាណ១០ ពាន់លានដុល្លារអាម៉េរិក និងមានប្រវែងសរុប១៣៤គីឡូម៉ែត្រ ដោយតភ្ជាប់ពីទីក្រុងណាននីង នៃតំបន់គ័ងស៊ី ភាគខាងត្បូងប្រទេសចិន ឆ្ពោះទៅកាន់ឈូងសមុទ្រតុងកឹង ឬដែលចិន ហៅថា ឈូងសមុទ្រ ប៉ីប៊ូ។ គម្រោងនេះត្រូវបានរំពឹងថា នឹងក្លាយជាច្រកផ្លូវដឹកជញ្ជូនដ៏សំខាន់ថ្មីមួយ សម្រាប់តភ្ជាប់ប្រទេសចិន មកកាន់តំបន់អាស៊ាន និងផ្លូវពាណិជ្ជកម្មសមុទ្រពិភពលោក។
គោលបំណងសំខាន់របស់ទីក្រុងប៉េកាំង គឺចង់បង្កើតផ្លូវចេញចូលសមុទ្រថ្មីសម្រាប់បណ្ដាតំបន់ក្នុងប្រទេសចិន ដែលមិនទាន់មានការអភិវឌ្ឍខ្លាំង ដើម្បីអាចដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ បានលឿន ងាយស្រួល និងចំណាយតិចជាងមុន។ ចិន រំពឹងថា ព្រែកជីក ភីងលូ នឹងជួយជំរុញឧស្សាហកម្មក្នុងស្រុក បង្កើនសកម្មភាពពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន ដែលបច្ចុប្បន្នជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួន។
ទិន្នន័យពាណិជ្ជកម្មបានបង្ហាញថា កាលពីឆ្នាំ២០២៥ ការនាំចេញរបស់ចិន មកកាន់អាស៊ាន សម្រេចបានកំណើនជាង១៣% ដែលបានជួយសម្រាលផលប៉ះពាល់ពីការធ្លាក់ចុះ២០% នៃការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក អំឡុងពេលសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។
សម្រាប់ផ្លូវដឹកជញ្ជូន ព្រែកជីក ភីងលូ គ្រោងនឹងតភ្ជាប់ដោយផ្ទាល់ពីទីក្រុងណាននីង ឆ្ពោះទៅកាន់កំពង់ផែ យ៉ាងភូ ក្នុងខេត្តហៃណាន ដែលចិនកំពុងអភិវឌ្ឍឱ្យក្លាយជាតំបន់ពាណិជ្ជកម្មសេរីដ៏សំខាន់មួយនៅភាគខាងត្បូងប្រទេស។
យោងតាមសារព័ត៌មាន Securities Times របស់រដ្ឋចិន បានឱ្យដឹងថា ផ្លូវដឹកជញ្ជូនថ្មីនេះនឹងត្រូវប្រកាសបើកដំណើរការជាផ្លូវការក្នុងអំឡុងពេលពិព័រណ៍ ចិន-អាស៊ាន លើកទី២៣ ដែលគ្រោងធ្វើឡើងនៅទីក្រុងណាននីង ក្នុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ៕
ដោយ: តែម សុខុម