
បើតាមសន្ទស្សន៍លិខិតឆ្លងដែន ហិនលី (Henley) ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែតុលា លិខិតឆ្លងដែនអាម៉េរិក បានធ្លាក់ចុះមកនៅត្រឹមចំណាត់ថ្នាក់ទី១២ នៅទូទាំងពិភពលោកដូចគ្នានឹងប្រទេសម៉ាឡេស៊ី ដោយអ្នកកាន់លិខិតឆ្លងនេះអាចធ្វើដំណើរទៅកាន់ប្រទេស ឬដែនដីគោលដៅដោយគ្មានទិដ្ឋាការចំនួន១៨០ ក្នុងចំណោម២២៧។
ជាមួយគ្នានេះ លិខិតឆ្លងដែនរបស់សិង្ហបុរី ដែលជាប្រទេសដែនកោះដ៏តូចមួយនៅតំបន់អាស៊ីអាគ្នេយ៍បានឈរកំពូលនៅលើពិភពលោក ដោយអ្នកកាន់លិខិតឆ្លងដែននេះ អាចធ្វើដំណើរទៅកាន់ប្រទេស និងដែនដីចំនួន១៩៣ ដោយមិនចាំបាច់មានទិដ្ឋាការ ខណៈកូរ៉េខាងត្បូង បានស្ថិតនៅលំដាប់ទីពីរជាមួយគោលដៅចំនួន១៩០ តាមពីក្រោយដោយប្រទេសជប៉ុន ដែលមាន១៨៩ គោលដៅ។ សន្ទស្សន៍ Henley បានចាត់ចំណាត់ថ្នាក់លិខិតឆ្លងដែននេះដោយផ្អែកលើចំនួនគោលដៅដែលអ្នកកាន់លិខិតអាចចូលបានដោយមិនចាំបាច់មានទិដ្ឋាការជាមុន។
នៅក្នុងឆ្នាំ២០១៤ លិខិតឆ្លងដែនរបស់អាម៉េរិក បានកាន់កាប់តំណែងកំពូល ប៉ុន្តែវាបានធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយចំណាត់ថ្នាក់ចុងក្រោយបំផុតនេះបានបង្ហាញពីកម្រិតទាបបំផុតរបស់ខ្លួនចាប់តាំងពីសន្ទស្សន៍នេះត្រូវបានដាក់ឱ្យដំណើរការកាលពី២០ឆ្នាំមុន។ សន្ទស្សន៍ Henley បានសន្មតថា ការធ្លាក់ចុះអំណាចលិខិតឆ្លងដែនរបស់សហរដ្ឋអាម៉េរិកនេះ គឺដោយសារការខ្វះខាតក្នុងការបំពេញឱ្យគ្នាទៅវិញទៅមក ដោយកត់សម្គាល់ថា ខណៈលិខិតឆ្លងដែនអាម៉េរិក អាចចូលទៅកាន់គោលដៅ១៨០ ដោយគ្មានទិដ្ឋាការ គឺមានតែគោលដៅចំនួន៤៦ប៉ុណ្ណោះ ដែលអាចចូលអាម៉េរិកវិញដោយគ្មានទិដ្ឋាការ៕
ដោយ៖ សុខ មង្គល