នាយិកាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក លោកស្រី អេវ្រីល ហេនីស (Avril Haines) បានបង្ហាញនូវអ្វីដែលលោកស្រីហៅថា«ការប៉ាន់ស្មានជាទូទៅ»ក្នុងអំឡុងពេលដែលលោកស្រីផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មការព្រឹទ្ធសភាទទួលបន្ទុកសេវាកម្មយោធា។
លោកស្រីបានកត់សម្គាល់ថា បន្ទះគ្រឿងចម្លងអគ្គិសនីល្អិតៗនិងទំនើបៗ ដែលផលិតដោយសហគ្រាស តៃវ៉ាន់ សឺមីខនដាក់ធឺ (Taiwan Semiconductor/TSMC) ត្រូវបានប្រើច្រើនលើសលុប ពោលគឺប្រហែល ៩០ ភាគរយនៃគ្រប់ប្រភេទឧបករណ៍អេឡិចត្រូនិកនៅជុំវិញពិភពលោក។
ប្រសិនបើការលុកលុយរបស់ចិនផ្អាកសហគ្រាស TSMC មិនឱ្យផលិតបន្ទះឈីបទាំងនោះ វានឹងមានផលប៉ះពាល់លើហិរញ្ញវត្ថុពិភពលោកយ៉ាងសម្បើម ដែលលោកស្រី អេវ្រីល ហេនីស គិតថាស្ថិតក្នុងចន្លោះពី ៦០០ ប៊ីលានដុល្លារ ទៅ ១ ទ្រីលានដុល្លារ ជាប្រចាំឆ្នាំសម្រាប់រយៈពេលពីរបីឆ្នាំដំបូង។
លោកស្រី ហេនីស បានបន្តទៀតថា វាក៏នឹងជះឥទ្ធិពលដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិកដែរ ប្រសិនបើមានការលុកលុយតៃវ៉ាន់ដោយប្រទេសចិន ហើយផលិតកម្មរបស់សហគ្រាស TSMC ត្រូវគាំង។ លោកស្រីបានគូសបញ្ជាក់ថា វាក៏អាចនឹងមានផលប៉ះពាល់ផងដែរ លើសេដ្ឋកិច្ចរបស់ប្រទេសចិន ប្រសិនបើតៃវ៉ាន់ឈប់ផលិតបន្ទះឈីប៕