ប្រទេសអង់គ្លេស

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងកំណត់ចេញថវិកា១១៥ពាន់លានដុល្លារ សម្រាប់ផែនការកាត់បន្ថយតម្លៃថាមពលកំពុងកើនខ្ពស់


ទើបតែឡើងមកកាន់តំណែងបានតែប៉ុន្មានថ្ងៃ នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោកស្រី Liz Truss នៅថ្ងៃទី ៨ ខែកញ្ញានេះ បានប្រកាសឡើងពីផែនការនឹងកាត់បន្ថយការកើនឡើងនៃតម្លៃថាមពលប្រើប្រាស់របស់ពលរដ្ឋ និងលើកកម្ពស់ការប្រើប្រាស់ប្រភពធនធានថាមពលថ្មីៗបន្ថែមទៀត ដោយក្នុងនោះ រដ្ឋាភិបាលអង់គ្លេសគ្រោងនឹងដាក់ចេញកញ្ចប់ថវិកាប្រហែល ១១៥ពាន់លានដុល្លារអាមេរិក ដែលជាកញ្ចប់ថវិកាដែលគេបានត្រៀមទុកសម្រាប់ការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងកំណត់ចេញថវិកា១១៥ពាន់លានដុល្លារ

នៅចំពេលដែល​ប្រទេស​អង់គ្លេស​កំពុងប្រឈម​នឹងការដាំក្បាលចុះនៃសេដ្ឋកិច្ច​កាន់តែខ្លាំង ដោយសារតម្លៃថាមពលសម្រាប់ពលរដ្ឋ​ប្រើប្រាស់​​​បានកើនឡើងដល់ ៤ដងទៅហើយនោះ នាយករដ្ឋមន្ត្រីថ្មី​របស់អង់គ្លេស គឺលោកស្រី Liz Truss បាន​អះអាង​ថា លោកស្រីនឹងចាត់វិធានការ​ភ្លាមៗ ដើម្បីការពារ​ពលរដ្ឋ​ដែលជាអ្នកប្រើប្រាស់ថាមពល។ ដោយក្នុងនោះ អង់គ្លេស​នឹង​កំណត់ដាក់ចេញ​កញ្ចប់ថវិកា​ប្រមាណ ១១៥ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាថាមពលដែលកំពុង​ហក់ឡើងថ្លៃនេះ។

ទន្ទឹមនេះ ការខ្ចីបំណុលរបស់រាជរដ្ឋាភិបាលអង់គ្លេសក៏បានកើនខ្ពស់ដែរ ដើម្បីបានមូលនិធិ​គាំទ្រ​ដល់​កញ្ចប់ថវិកា​បន្ថែម​​ដែលត្រូវបានសន្យា​ដោយ​លោកស្រី Truss ក្នុងការ​កាត់បន្ថយ​ពន្ធ ហើយវាក៏បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុ​មាន​ភាពច្របូកច្របល់ផងដែរ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី ៧ ខែកញ្ញា ប្រាក់ផោនអង់គ្លេស​ ​ធៀបនឹងប្រាក់ដុល្លារអាមេរិក បានដាំក្បាលចុះខ្លាំងមិនធ្លាប់មានឡើយ​ បើគិតតាំងពីឆ្នាំ១៩៨៥មក។

បើតាមការបញ្ជាក់របស់ធនាគារ ដយឆ៍ ប៊ែង (Deutsche Bank) ការប៉ះប៉ូវ​លើតម្លៃថាមពល និង​ការសន្យាកាត់បន្ថយពន្ធរបស់អង់គ្លេស​អាចនឹងត្រូវចំណាយ​ដល់ទៅ​ជាង​ ​២០០ពាន់លានដុល្លារឯណោះឬប្រហែល​ពាក់កណ្ដាល​នៃ​ការចំណាយ​លើ​ការដោះស្រាយវិបត្តិកូវីដ១៩​របស់​អង់គ្លេស​នាពេលកន្លងមក។

យ៉ាងណាមិញ ចំពោះ​ផែនការ​បញ្ចុះតម្លៃថាមពល​របស់​លោកស្រី​ Liz Truss ក៏ត្រូវបានគេរំពឹងថា នឹងអាចធ្វើឲ្យ​ការកើនឡើងអតិផរណា ដែលកំពុង​ហក់ឡើងដល់ទៅជាង១០%នោះ អាចថយចុះមកវិញផងដែរ ប៉ុន្ដែផែនការនេះ ក៏នឹង​ជំរុញឲ្យ​រដ្ឋាភិបាល​ត្រូវ​បង្កើនការខ្ចីបំណុល​ជាង​ ១០០ពាន់លានដុល្លារទៀត ហើយវាក៏បានបង្កើនភាពតានតឹង​កាន់តែខ្លាំង​​លើវិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ជាមួយនឹងវិបត្តិថាមពល ដែលអាចនឹង​បន្ដ​ដល់​រដូវរងារខាងមុខនេះ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលអង់គ្លេស ត្រូវបានរំពឹងថា នឹង​ដាក់ចេញនូវប្រភពថ្មីៗ​​នៃការផ្គត់ផ្គង់ថាមពល​ រួមទាំង​ការចេញអាជ្ញាបណ្ណ​សម្រាប់​ការរុករកប្រេង​ និងឧស្ម័ន នៅតំបន់សមុទ្រខាងជើងដល់ទៅ១៣០អាជ្ញាបណ្ណ រួមទាំង​ការលុបចោល​នូវ​ការហាមឃាត់​ការបុកបំបែកផ្ទាំងថ្ម​ដើម្បីរុករកប្រេង និងឧស្ម័នផងដែរ ប្រសិនបើ​សហគមន៍ក្នុងស្រុកយល់ព្រម។ មែនទែនទៅ អង់គ្លេសបានហាមឃាត់ចំពោះការរុករកប្រេង និងឧស្ម័ន​ ដែលប្រើបច្ចេកទេស​បុកបំបែកផ្ទាំងសិលាធំៗនៅក្រោមដីតាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយសារតែមានការបារម្ភថា វាអាចធ្វើឲ្យ​មានរំញ័រផែនដី។ ប៉ុន្ដែ ការហាមឃាត់នេះ ត្រូវបានពិចារណាឡើងវិញ ក្រោយពេលតម្លៃថាមពល​បានហក់ឡើងខ្ពស់ ក្រោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន៕




អត្ថបទបន្ទាប់


ប្រទេសផលិតស្បៀងអាហារពិភពលោកប្រហែល៧០% នឹងប្រឈមមុខហានិភ័យសីតុណ្ហភាពក្ដៅខ្លាំងនៅឆ្នាំ២០៤៥

ព័ត៌មាន
សីតុណ្ហភាពក្ដៅខ្លាំងដែលបានគំរាមកំហែងដល់ដំណាំ និងបង្កគ្រោះថ្នាក់ដល់សុខភាពរបស់កម្មករប្រកបកសិកម្មកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយបញ្…

អាមេរិកចេញមុខគាំទ្រស្រីលង្ការៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រីចេនេត យេលេន (Janet Yellen) បាននិយាយនៅក្នុងលិខិតមួយ ដែលត្រូវបានឃើញដោយទីភ្នាក់ងារសារព័ត៌…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ