
លោក ដូណាល់ ត្រាំ បានផ្អាកផ្ដល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន បន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នារវាងរូបលោកជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី កាលពីសប្តាហ៍មុន គួបផ្សំលោក ត្រាំ បានផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាម៉េរិក លើបញ្ហាអ៊ុយក្រែន និងរុស្ស៊ី ដោយប្រកាន់យកជំហរផ្សះផ្សាជាមួយក្រុងមូស្គូច្រើនជាងមុន។ ការប៉ះទង្គិចពាក្យសម្តីខាងលើបានកើតឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានរិះគន់លោក ហ្សេឡិនស្គី ថា មិនសូវដឹងគុណក្រុងវ៉ាស៊ីនតោន ដែលខំប្រឹងជួយគាំទ្រខ្លួនក្នុងសង្គ្រាមជាមួយរុស្ស៊ី។
មន្ត្រីសេតវិមាន បានលើកឡើងថា លោក ដូណាល់ ត្រាំ មានជំហរច្បាស់លាស់ណាស់ គឺលោកចង់បានសន្តិភាព ហើយសហរដ្ឋអាម៉េរិក ក៏ចង់ឱ្យបណ្ដាដៃគូប្ដេជ្ញាដូចគ្នាដែរ ដើម្បីសម្រេចគោលដៅសន្តិភាព ហើយថា ការផ្អាកផ្ដល់ជំនួយយោធានេះ គឺជាផ្លូវមួយឈានទៅរកដំណោះស្រាយ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីទំហំជំនួយដែលត្រូវផ្អាក ឬការផ្អាកនេះនឹងមានរយៈពេលយូរប៉ុនណានោះទេ រីឯខុទ្ទកាល័យរបស់លោក ហ្សេឡិនស្គី ក៏ដូចជាស្ថានទូតអ៊ុយក្រែន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបជុំវិញការផ្អាកផ្ដល់ជំនួយយោធានេះនោះទេ។
ទោះជាយ៉ាងណាលោក ដូណាល់ ត្រាំ បានព្រលយពាក្យកាលពីថ្ងៃទី៣ ខែមីនា ថា កិច្ចព្រមព្រៀងវិនិយោគរ៉ែរវាងអ៊ុយក្រែន និងសហរដ្ឋអាម៉េរិក នៅតែបើកចំហ ទោះបីជាលោកមានការថ្នាំងថ្នាក់ពាក្យសម្ដីជាមួយលោក ហ្សេឡិនស្គី យ៉ាងណាក្ដី។ នៅពេលក្រុមអ្នកសារព័ត៌ចោទសួរថា តើកិច្ចព្រមព្រៀងកិច្ចព្រមព្រៀងវិនិយោគរ៉ែរវាងអ៊ុយក្រែន និងសហរដ្ឋអាម៉េរិក ទុកជាអាសាបង់ហើយឬយ៉ាងណា លោក ដូណាល់ ត្រាំ បានឆ្លើយថា លោកមិនគិតដូច្នេះឡើយ៕
ដោយ: តែម សុខុម