ច្បាប់ស្តីពីពន្ធ អាកាសធាតុ និងការថែទាំសុខភាពដែលសេតវិមានបានដាក់ហៅថាច្បាប់កាត់បន្ថយអតិផរណានោះបានផ្តល់អនុគ្រោះពន្ធរហូតដល់ ៧ពាន់៥រយដុល្លារសម្រាប់អ្នកទិញរថយន្តអគ្គិសនី (EV) ថ្មីរហូតដល់ឆ្នាំ២០២៣។ ចំណែករថយន្ត អគ្គិសនីជជុះ ឬប្រើហើយប្រើមួយទឹកអាចទទួលបានលើកលែងការបង់ពន្ធអតិបរមាចំនួន ៤ពាន់ដុល្លារ ហើយរថយន្តអគ្គិសនីកូនកាត់មួយចំនួនក៏អាចទទួលបានការលើកលែងពន្ធប្រហាក់ប្រហែលនេះផងដែរ។
ច្បាប់ថ្មីរបស់អាមេរិកនេះ សម្រាប់អាមេរិក គឺនឹងជំរុញឱ្យការផលិតរថយន្ដអគ្គិសនីមាននៅអាមេរិកកាន់តែច្រើន ពិសេសការប្រើប្រាស់រថយន្តអគ្គិសនីក៏នឹងមានកើនឡើងកាន់តែច្រើនដែរ ខណៈដែលអាមេរិកកំពុងបង្កើតការងារផលិតកម្មរបស់ខ្លួន និងកំពុងកាត់បន្ថយការពឹងផ្អែកលើខ្សែច្រវាក់ផ្គត់ផ្គង់របស់អាមេរិកទៅលើប្រទេសចិន។ ប៉ុន្ដែ ច្បាប់នេះ វាក៏ធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្ដបរទេសជាច្រើនផងដែរ ទាំងក្រុមហ៊ុនធំៗរបស់ជប៉ុន និងកូរ៉េខាងត្បូង។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនជាច្រើនបានព្រួយបារម្ភពីច្បាប់ថ្មីដែលសភាតំណាងរាស្ត្រអាមេរិកបានអនុម័តកាលថ្មីៗនេះ ហើយអ្វីដែលធ្វើឱ្យក្រុមហ៊ុនជប៉ុនទាំងនេះកំពុងតែព្រួយបារម្ភនោះគឺការកំណត់លក្ខខណ្ឌនៃគោលដៅក្នុងការដំឡើងរថយន្តសម្រាប់ផលិតកម្មចុងក្រោយនេះតែម្ដង។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជប៉ុនជាច្រើនកំពុងតែខំប្រឹងបង្កើនការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនផលិតរថយន្ត Toyota និងក្រុមហ៊ុនផលិតរថយន្តជប៉ុនជាច្រើនទៀតគឺស្ទើរតែមិនបានដំឡើងរថយន្តអគ្គិសនីជាផលិតសម្រេច ឬរថយន្តកូនកាត់របស់ពួកគេនៅតំបន់ទ្វីបអាមេរិកខាងជើងនោះទេ ដែលនឹងធ្វើឱ្យពួកគេបាត់បង់ឱកាសសម្រាប់ការទទួលបានការលើកលែងពន្ធពីអាមេរិក។
ក្រៅពីច្បាប់ស្ដីពីការដំឡើងរថយន្តនៅទ្វីបអាមេរិកខាងជើងនេះហើយ ក៏នៅមានការកំណត់លក្ខខណ្ឌនៃការផលិតអាគុយសម្រាប់រថយន្តនេះផងដែរ គឺត្រូវតែផលិត ឬដំឡើងអាគុយរថយន្ដនៅទ្វីបអាមេរិកខាងជើង ដើម្បីអាចទទួលបានការអនុគ្រោះពន្ធ ៣.៧៥០ដុល្លារ។
តាមរបាយការណ៍ស្ដីពីអ្នកប្រើប្រាស់បានបង្ហាញថា បច្ចុប្បន្នមានតែក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors ក្រុមហ៊ុន Ford Motor ក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន Nissan Motor តែប៉ុណ្ណោះដែលទំនងជាបានបំពេញតាមតម្រូវការនៃច្បាប់ថ្មីរបស់អាមេរិកនេះ ចំណែកក្រុមហ៊ុន Tesla និងក្រុមហ៊ុន Rivian ក៏កំពុងស្ថិតក្នុងបញ្ជីឈ្មោះនៃក្រុមហ៊ុនដ៏មានសក្តានុពលក្នុងការទទួលបានការអនុគ្រោះពន្ធនេះផងដែរ។
សូមបញ្ជាក់ថា ថ្មីៗនេះ ប្រទេសជប៉ុ និងកូរ៉េខាងត្បូង ក៏បានលើកឡើងពីក្ដីបារម្ភថា ច្បាប់ថ្មីរបស់អាមេរិកនេះ អាចនឹងមានការធ្វើឲ្យមានការរើសអើងចំពោះក្រុមហ៊ុនផលិតរថយន្ដនៅក្រៅទឹកដីសហរដ្ឋអាមេរិក ហើយវាក៏អាចបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកដែរ៕