ប្រធានឧស្សាហកម្មសហភាពអឺរ៉ុបលោក Thierry Breton បានបញ្ជាក់នៅលើបណ្ដាញ tweet របស់លោកថា កិច្ចព្រមព្រៀងថ្មីនេះនឹងធានាបាននូវទីផ្សារឌីជីថលដោយយុត្តិធម៌ និងបើកចំហ។
ច្បាប់ទីផ្សារឌីជីថល (DMA) មានកំណត់សម្រាប់ក្រុមហ៊ុនច្រកទ្វារអ៊ីនធឺណិត ពោលគឺជាក្រុមហ៊ុនដែលគ្រប់គ្រងទិន្នន័យ និងការចូលប្រើវេទិកានៅលើអ៊ីនធឺណិត។ ទន្ទឹមនេះ វានឹងគ្របដណ្តប់លើកក្រុមហ៊ុនច្រកទ្វារអ៊ីធើណែត នៅក្នុងសេវាកម្មអនឡាញក្នុងកម្រិតកណ្ដាល បណ្តាញសង្គម ម៉ាស៊ីនស្រាវជ្រាវ ប្រព័ន្ធប្រតិបត្តិការ សេវាកម្មផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត សេវាកម្មចែករំលែកវីដេអូ កម្មវិធីរុករកតាមអ៊ីនធឺណិត និងជំនួយការនិម្មិតផងដែរ។
យ៉ាងណាមិញ នៅក្រោមច្បាប់ទីផ្សារឌីជីថល ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកនឹងត្រូវធ្វើឱ្យសេវាកម្មផ្ញើសាររបស់ពួកគេអាចប្រតិបត្តិការរួមជាមួយគ្នា និងត្រូវផ្ដល់ឲ្យអាជីវកម្មអ្នកប្រើប្រាស់ អាចទទួលបានទិន្នន័យរបស់ពួកគេ។ ការធ្វើបែបនេះ អ្នកប្រើប្រាស់ជាអាជីវកម្មនឹងអាចផ្សព្វផ្សាយផលិតផល និងសេវាកម្ម ដែលមានភាពប្រកួតប្រជែងនៅលើវេទិកាតាមអ៊ីនធើណែត ក៏ដូចជាការឈានដល់កិច្ចព្រមព្រៀងជាមួយអតិថិជន នៅក្រៅវេទិកា។
គួរជម្រាបថា ច្បាប់ទីផ្សារឌីជីថល នឹងអនុវត្តចំពោះក្រុមហ៊ុនដែលមានផលបត្រទីផ្សារ ៦៨ពាន់លានដុល្លារ និងចំណូលប្រចាំឆ្នាំប្រមាណជិត ៨ពាន់លានដុល្លារ ឬយ៉ាងហោចណាស់មានអ្នកប្រើប្រាស់ប្រចាំខែ ៤៥ លាននាក់។
ជាមួយគ្នានេះ ក្រុមហ៊ុនទាំងនោះប្រឈមនឹងរងកការផាកពិន័យយ៉ាងធ្ងន់ធ្ងររហូតដល់ ១០ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំជាសកលរបស់ពួកគេផងដែរ ប្រសិនបើមានករណីបំពានច្បាប់ និងត្រូវផាកពិន័យរហូតដល់ ២០ ភាគរយបើរកឃញថាមានប្រព្រឹត្តបទល្មើសដដែលៗ៕
អត្ថបទ ស៊ើង និមល់