ការបរិច្ចាកវ៉ាក់សាំងក្នុងចំនួនដ៏ច្រើននេះនឹងត្រូវធ្វើតាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក និង សម្ព័ន្ធភាពវ៉ាក់សាំងពិភពលោក ហៅកាត់ថា ហ្គាវី (GAVI) ដែលជាកម្មវិធីធានាបាននូវសមភាពក្នុងការចែកចាយវ៉ាក់សាំងទៅកាន់ប្រទេសក្រីក្រ និងប្រទេសប្រាក់ចំណូលកម្រិតមធ្យម។
សេតវិមានអាមេរិកបានបង្ហើបឲ្យដឹងថា គម្រោងបរិច្ចាគវ៉ាក់សាំងនេះត្រូវបានរដ្ឋាភិបាលអាមេរិកលើកយកមកពិភាក្សាគ្នាតាំងពីខែមុនមកម៉្លេះ ហើយគេរំពឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងប្រកាសផែនការជាសារធារណៈនៅក្នុងសប្តាហ៍នេះផងដែរ។
បន្ថែមពីលើនេះ សារព័ត៌មាន CNBC កាលពីថ្ងៃពុធទី៩ មិថុនាបានចុះផ្សាយថា សហរដ្ឋអាមេរិកក៏កំពុងតែចរចារជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកមួយទៀត គឺ ម៉ូឌឺណា (Modern) ដើម្បីបញ្ជាទិញវ៉ាក់សាំងបន្ថែមសម្រាប់ផែនការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រនេះដែរ។
អ្នកនាំពាក្យក្រុមហ៊ុន Moderna មិនបានបង្ហើបអ្វីច្រើននោះទេ ជុំវិញការចរចារទិញវ៉ាក់សាំងបន្ថែមដោយរដ្ឋាភិបាលអាមេរិក ដោយក្រុមហ៊ុនគ្រាន់តែបានបង្ហាញចំណាប់អារម្មណ៍ថា ខ្លួនក៏ចង់ចូលរួមជាមួយអាមេរិក ដើម្បីផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រផងដែរ។
តើសហរដ្ឋអាមេរិកពិតជា ចាប់ផ្តើមផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសក្រីក្រមែនដែរឬទេ ឬគ្រាន់តែជាពាក្យឃោសនា នយោបាយ?
មែនទែនទៅ លោក ចូ បៃឌិន ធ្លាប់បានបង្ហើបថា លោកមានគម្រោងយុទ្ធសាស្រ្តចែកចាយវ៉ាក់សាំងជាសកលរួចហើយ ហើយលោកនឹងលម្អិតវាក្នុងពេលឆាប់ៗ។
គួរជម្រាបថា មកទល់ពេលនេះ ក្រៅតែពីគម្រោងដែលមិនទាន់ឃើញសកម្មភាព អាមេរិកមិនទាន់បានចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រណាមួយជាដុំកំភួននៅឡើយទេ។ គេគ្រាន់តែបានឃើញថា អាមេរិកបានផ្តល់វ៉ាក់សាំងជាជំនួយតិចតួច ដល់ប្រទេស និង តំបន់សម្ព័ន្ធមិត្តរបស់ខ្លួនប៉ុណ្ណោះ ដូចជា កោះតៃវ៉ាន់ កាណាដា និង ម៉ិចសិចជាដើម។
ប៉ុន្តែ បើក្រលេកមើល យុទ្ធនាការចាក់វ៉ាក់សាំងដ៏លឿនស្លេវ របស់អាមេរិកវិញឃើញថា រដ្ឋបាលក្រុង វ៉ាស៊ីតោនបានសម្រុកចាក់វ៉ាក់សាំងដល់ពលរដ្ឋពេញវ័យរបស់ខ្លួនយ៉ាងហោចណាស់បានមួយដូស ដល់ជាង ៦៤%ហើយ ពិសេសអាមេរិកថែមទាំងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដល់ក្មេងជំទង់ថែមទៀត។
បើគេគិតជាចំនួនវ៉ាក់សាំងវិញ គិតមកដលម៉ោងនេះឃើញថា សហរដ្ឋអាមេរិកបានប្រើប្រាស់វ៉ាក់សាំងសរុប អស់ចំនួនជាង ៣០០លានដូសហើយ ដែលគិតជាមធ្យមក្នុងមួយថ្ងៃអាមេរិកចាក់វ៉ាក់សាំងដល់ពលរដ្ឋបានជាង១លានដូស។ នេះបើតាមទិន្នន័យ ដែលតាមដាននិងចងក្រងដោយ Bloomberg។
ទោះបីជាអាមេរិក ខំពន្លឿនការចាក់វ៉ាក់សាំងយ៉ាងណា ក៏ពិបាកនឹងតាមទាន់ប្រទេសចិនដែរ។ ចិនក្នុងនាមជាប្រទេសផ្តល់ជំនួយវ៉ាក់សាំងទៅក្រៅប្រទេសដ៏ច្រើនផង បានសម្រេចយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនបានជាង ៨០០លានដូសហើយ គិតមកត្រឹមម៉ោងនេះ។ ចំនួននេះខុសគ្នាពីទិន្នន័យនៅអាមេរិកដល់ទៅជិត ៣ដង ដោយក្នុងនោះចិនចាក់វ៉ាក់សាំងជាមធ្យមបានជាង ១៨លានដូសក្នុងមួយថ្ងៃ៕