កម្មវិធីដែលអាមេរិក គ្រោងនឹងដាក់ឲ្យដំណើរការផ្ដល់ជាប្រាក់សំណងនេះ គឺនឹងត្រូវចាប់ផ្ដើមឡើងពីថ្ងៃទី ២៩ ខែតុលា រហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
គេនៅចាំបានថា កាលពីឆ្នាំ ២០២០ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បានកំណត់ ក្រុមហ៊ុនចិន Huawei និង ZTE ថា ជាការគំរាមកំហែងសន្តិសុខជាតិ ដល់បណ្តាញទំនាក់ទំនង និង បានរារាំងក្រុមហ៊ុនអាមេរិកមិនឱ្យទិញឧបករណ៍បណ្ដាញរបស់ក្រុមហ៊ុនចិនទាំងពីរនេះមកប្រើប្រាស់នោះឡើយ។ ទន្ទឹមនេះ គណៈកម្មកាទំនាក់ទំនងសហព័ន្ធអាមេរិក ក៏បានអនុម័តច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ដែលប្រើប្រាស់ឧបករណ៍បណ្ដាញ Huawei ឬ ZTE ទាំងអស់ត្រូវតែរុះរើ និង មិនត្រូវប្រើប្រាស់បណ្ដាញទំនាក់ទំនងក្រុមហ៊ុនចិនទាំងពីរនេះតទៅទៀតជាដាច់ខាត។
ប្រការនេះ ក៏បានបង្កជាបញ្ហាដ៏ធំមួយសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍របស់អាមេរិកនៅតាមជនបទដែលប្រឈមនឹងការចំណាយខ្ពស់ និង ពិបាកក្នុងការស្វែងរកកម្លាំងកម្មករដើម្បីដកចេញ និង ជំនួសឧបករណ៍បណ្ដាញរបស់ក្រុមហ៊ុនចិន។
គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក នៅខែកញ្ញាឆ្នាំ ២០២០ បានប៉ាន់ប្រមាណថា វាអាចនឹងត្រូវចំណាយប្រាក់ប្រមាណ ១ពាន់៨រយលានដុល្លារអាមេរិក ដើម្បីដកចេញ និងជំនួសឧបករណ៍របស់ក្រុមហ៊ុន Huawei និង ZTE ពីបណ្តាញទំនាក់ទំនងរបស់អាមេរិក។
គួរដឹងថា នៅខែមីនា អាមេរិកបានកំណត់ក្រុមហ៊ុនចិនចំនួន ៥ ថា ជាការគំរាមកំហែងដល់សន្តិសុខជាតិក្រោមច្បាប់ឆ្នាំ ២០១៩ សំដៅការពារបណ្តាញទំនាក់ទំនងរបស់អាមេរិក។ ក្នុងនោះ ក្រុមហ៊ុនចិនដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺក្រុមហ៊ុន Huawei និង ZTEនេះឯង ដែលមានរកស៊ីច្រើនជាមួយក្រុមហ៊ុននៅអាមេរិក។
សូមបញ្ជាក់ថា បទបញ្ញាត្តិហាមឃាត់ការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនចិន នៅក្នុងបណ្ដាញទូរគមនាគមន៍របស់អាមេរិកនេះ គឺត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ នៅឆ្នាំ២០២០ ក្រោយលោកត្រាំចោទថាក្រុមហ៊ុននេះ គឺមានការគំរាមកំហែងដល់សន្ដិសុខជាតិរបស់អាមេរិក៕
អត្ថបទ៖ ស៊ើងនិមល់