ប្រទេសវៀតណាម

តើវៀតណាមនឹងត្រូវថវិកាប៉ុន្មានទៀត ដើម្បីគាំទ្រដល់ពលរដ្ឋ និងអាជីវកម្មរងគ្រោះដោយសារកូវីដ១៩ និងការស្ដារសេដ្ឋកិច្ច?


វៀតណាម ជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងមានករណីឆ្លងរីករាលដាលកូវីដ១៩ធ្ងន់ធ្ងរជាងគេ ជាមួយនឹងករណីឆ្លងថ្មីប្រចាំថ្ងៃជាង១ម៉ឺនករណី ហើយបញ្ហាផ្ទុះរាតត្បាតកូវីដ១៩កាន់តែខ្លាំងក្លានេះ ក៏បាននិងកំពុងប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមផងដែរ។ នៅក្នុងស្ថានការវិវត្តថ្មីចុងក្រោយនៅវៀតណាម ក្រុមអ្នកជំនាញសេដ្ឋកិច្ចវៀតណាម បានអះអាងថា រដ្ឋាភិបាលត្រូវតែបញ្ចេញថវិកាគាំទ្របន្ថែមទៀត ដើម្បីជួយទៅដល់ពលរដ្ឋ ដែលកំពុងជួបការលំបាក ដើម្បីជំរុញការស្ដារសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញ។
រូបតំណាងអំពីការនាំចេញរបស់វៀតណាម

នេះ​បើ​តាម​ការ​រាយការណ៍​មួយ​ដោយសារ​ព័ត៌មាន​វៀតណាម VN Express​។

នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយនឹង​ប្រធានរដ្ឋសភា​វៀតណាម​, តំណាង​អង្គការ UNDP ប្រចាំ​ប្រទេស​វៀតណាម លោក ថឺ​រេ​ន​ស៍ ច​ន (Terrence Jones) បាន​សង្កត់ធ្ងន់ ទៅ​លើ​សារសំខាន់​នៃ​ការ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ថវិកា ដើម្បី​ជួយ​ទៅ​ដល់​ជន​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​វិបត្តិ​កូ​វី​ដ​១៩​កំពុង​រាតត្បាត​ខ្លាំង​នៅ​វៀតណាម​។ មែនទែន​ទៅ កន្លង​មកនេះ វៀតណាម​បាន​បញ្ចេញ​កញ្ចប់​ថវិកា​គាំទ្រ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​កូ​វី​ដ​១៩ ចំនួន​២​លើក​រួច​មក​ហើយ ដោយ​កាលពី​ខែមេសា​ឆ្នាំ​មុន វៀតណាម​ចំណាយ​ជាង ២​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​នៅ​ក្នុង​ខែកក្កដា​ឆ្នាំ​២០២១​នេះ ក៏​បាន​ចំណាយ​ប្រមាណ​ជាង ១​ពាន់​១​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ផង​ដែរ​។

ទោះជា​បែប​នេះ​ក្ដី បើ​តាម​តំណាង​អង្គការ UNDP ប្រចាំ​ប្រទេស​វៀតណាម បាន​អះអាង​ថា កញ្ចប់​ថវិកា​ទាំងនេះ គឺ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​ការពារ​ពលរដ្ឋ​វៀតណាម ដែល​បាន​បាត់បង់​ប្រាក់​ចំណូល​ដោយសារ​តែ​វិធានការ​គម្លាត​សង្គម​របស់​រដ្ឋាភិបាល​នោះ​ទេ​។

អ្នកជំនាញ​សេដ្ឋកិច្ច​អះអាង​ថា ការ​គាំទ្រ​ផ្នែក​ថវិកា​បន្ថែម នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​វៀតណាម ហើយ​ក្នុង​នោះ ថវិកា​ប្រមាណ ៣​ពាន់​៤​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត គួរតែ​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ចេញ​បន្ថែម​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១​នេះ​។

សេដ្ឋវិទូ និង​ជា​អ្នកដឹកនាំ​កម្មវិធី​របស់​ធនាគារពិភពលោក​ប្រចាំ​វៀតណាម លោក ហ្សេ​ក ម៉ូ​អ៊ី​សេត (Jacques Morisset) បាន​និយាយ​ថា កម្មវិធី​គាំទ្រ​សង្គម អាច​នឹង​ជួយ​កាត់​បន្ថយ​បន្ទុក​សេដ្ឋកិច្ច ហើយ​អាច​ជួយ​ពលរដ្ឋ​រង​គ្រោះ​ចេញពី​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​។

សេដ្ឋវិទូ​ដដែល​នេះ ក៏​បាន​បន្ថែម​ទៀត​ថា ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​អាច​រស់​តាម​បែប​គន្លង​ថ្មី​បាន រដ្ឋាភិបាល​វៀតណាម​ត្រូវការ​ជំរុញ​លើ​ការ​ចាក់​វ៉ាក់សាំង ការ​ធ្វើតេស្ដ​កូ​វី​ដ​១៩ និង​គ្រប់គ្រង​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ និង​កម្រិត​ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​ជាដើម​។

ដើម្បី​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច សេដ្ឋវិទូ​ធនាគារពិភពលោក បាន​ស្នើ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​មានការ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​គោលនយោបាយ​សារពើពន្ធ និង​បន្ថយ​គោលនយោបាយ​រូបិយ​វត្ថុ ព្រោះថា នៅ​ពេល​ក្រោយ​វា​អាច​នឹង​បង្កើន​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​តែ​បំណុល​អាក្រក់​កើនឡើង និង​ខ្វះ​តម្លាភាព​នៅ​ក្នុង​កញ្ចប់​ថវិកា​គាំទ្រ​។

ប្រធាន​សេដ្ឋវិទូ​នៃ​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី BIDV ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​វៀតណាម គឺ​លោក ខាន វ៉ា​ន់ លុក បាន​និយាយ​ថា វៀតណាម បាន​បែងចែក​ថវិកា​ប្រហែល​២% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន ហើយ​នៅ​ឆ្នាំ​នេះ គឺ​មានការ​បែង​ចែង​ថវិកា​បន្ថែម​ទៀត​ប្រមាណ​តិច​ជាង ១%​នៃ​ផលិតផល​ក្នុងស្រុក​សរុប លើ​ការ​គាំទ្រ​សារពើពន្ធ និង​រូបិយ​វត្ថុ​ស​ម្ដៅ​ជួយ​ដល់​អាជីវកម្ម និង​ប្រជាជន ដែល​រង​ទុក្ខ​ដោយសារ​កូ​វី​ដ​១៩​។ នេះ​បើ​តាម​ទិន្នន័យ​ស្រាវជ្រាវ​ដោយ​ធនាគារ​រដ្ឋ BIDV​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​ព្យាករ​ថ្មី​ចុង​ក្រោយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB សេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ​២០២១​នេះ នឹង​មាន​កំណើន​ត្រឹមតែ ៣,៨%​ប៉ុណ្ណោះ ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​ការ​កើនឡើង​ករណី​ឆ្លង​កូ​វី​ដ​១៩ ដែល​រំខាន​ទៅ​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​។ ការ​ព្យាករ​ចុង​ក្រោយ​របស់​ADB​ចំពោះ​សេដ្ឋកិច្ច​វៀតណាម នៅ​ខែកញ្ញា​នេះ គឺ​បាន​បន្ទាប​ការ​ព្យាករ​កាន់តែ​ទាប​ជាង​មុន ពោល​គឺ​នៅ​ខែកក្កដា ធនាគារ ADB ធ្លាប់​ព្យាករ​ថា សេដ្ឋកិច្ច​វៀតណាម​នឹង​កើន ៥,៨%​ឯណោះ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក នឹងចំណាយជិត២ពាន់លានដុល្លារ សងក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក ដែលរុះរើឈប់ប្រើផលិតផល Huawei និង ZTE

ព័ត៌មាន
គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) នៅដើមសប្ដាហ៍នេះ បាននិយាយថា ខ្លួននឹងបើកកម្មវិធីមួយដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ ដើម្…

ការបិទរោងចក្រ និងអាជីវកម្មនៅមីយ៉ាន់ម៉ា ជះឥទ្ធិពលអវិជ្ជមានដល់ សុខុមាលភាពសង្គម

ព័ត៌មាន
តាំងពីជួបភាពវឹកវរ ក្នុងខែកុម្ភៈដើមឆ្នាំ២០២១ ដោយសាររដ្ឋប្រហារយោធាមក សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា រងគ្រោះយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យរោងចក្រ និងអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ