នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍អាមេរិក CBSលោកស្រី Janet Yellenបាននិយាយដោយជឿថា នៅឆ្នាំក្រោយ អតិផរណានឹងធ្លាក់ចុះទាប ប្រសិនបើចន្លោះពេលនេះទៅដំណាច់ឆ្នាំក្រោយ នឹងមិនមានរឿងអាក្រក់ដែលមិននឹងស្មានដល់ណាមួយកើតឡើងទេនោះ។ ក៏ប៉ុន្ដែ នៅពេលត្រូវបានគេសួរអំពី ភាគរយដែលសេដ្ឋកិច្ចអាមេរិកអាចធ្លាក់ក្នុងវិបត្តិ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះថ្លែងថា«ហានិភ័យពិតជាមាន ប៉ុន្តែលោកស្រីសង្កត់ធ្ងន់ថា វិបត្តិនឹងមិនកើតឡើងឡើយ ហើយអ្វីដែលសំខាន់នៅពេលនេះ គឺគេត្រូវធ្វើយ៉ាងណាឱ្យអតិផរណាធ្លាក់ចុះមកវិញឲ្យបានសិន។
ប្រសាសន៍របស់លោកស្រី Yellen ធ្វើឡើង នៅប៉ុន្មានថ្ងៃមុនពេលធនាគារកណ្តាលអាមេរិក ត្រូវបានគេរំពឹងថានឹងបន្ថយល្បឿននៃការដំឡើងអត្រាការប្រាក់គោលនៅឆ្នាំនេះ។ ប្រធានធនាគារកណ្តាល លោក ជេរោម ផូវែល(Jerome Powell) ធ្លាប់បានលើកឡើងពីការដំឡើងអត្រាការប្រាក់គោលម្តងទៀត ក្នុងអត្រា 0,៥% ដែលអាចធ្វើឱ្យអត្រាការប្រាក់សរុបមានដល់ចន្លោះពី ៤,២៥% ទៅ ៤,៥% បន្ទាប់ពីការដំឡើង0,៧៥% អស់ចំនួនបួនដងនៅក្នុងឆ្នាំនេះ។
ទោះយ៉ាងណាលោកស្រី Yellen នៅតែបង្ហាញសុទិដ្ឋិនិយមថា កំណើនសេដ្ឋកិច្ចអាមេរិកនឹងបានធូរស្បើយទោះបីមានកំណើនយឺតក្ដី ហើយអតិផរណានឹងបានធូរស្រាលដែរ ខណៈលោកស្រីនៅតែសង្ឃឹមថាទីផ្សារការងារនឹងនៅតែមានសុខភាពល្អ។
ទោះយ៉ាងណា បើតាមការស្ទង់មតិកាលពីពេលថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុនធំៗមួយចំនួននៅអាមេរិកកំពុងរៀបផែនការសម្រាប់៦ខែឆ្នាំក្រោយ ក្នុងការកាត់បន្ថយការជួលបុគ្គលិក និងកាត់បន្ថយការវិនិយោគ។ ទន្ទឹមនោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗទាំងនេះ សុទ្ធតែបានព្យាករណ៍ថា អតិផរណាអាមេរិក នឹងមានខ្ពស់ ហើយអាចធ្លាក់ចូលក្នុងវិបត្តិ និងមានអ្នកខ្លះទៀតអះអាងថា វិបត្តិអាចអូសបន្លាយដល់ឆ្នាំ ២០២៤ទៀតផង។
ប៉ុន្តែភាពជឿជាក់របស់មន្ត្រីក្រុងវ៉ាស៊ីនតោនខាងលើដដែលទំនងដោយសារតែ ថ្លៃដឹកជញ្ជូនបានធ្លាក់ចុះ ហើយការយឺតយ៉ាវនៃការដឹកជញ្ជូនបានធូរស្រាល ខណៈដែលតម្លៃប្រេងសាំងក៏បានធ្លាក់ចុះដែរ៕