រដ្ឋមន្ត្រីការពារជាតិរបស់អាម៉េរិក អង់គ្លេស និងអូស្ត្រាលីនឹងប្រកាសពីកិច្ចពិភាក្សាមួយចំនួននៅសប្តាហ៍នេះស្ដីពី«សសរស្តម្ភពីរ»នៃកតិកាសញ្ញា AUKUS ដែលបានប្តេជ្ញារួមគ្នាអភិវឌ្ឍទិន្ន័យកុំព្យូទ័រ បាតសមុទ្រ អាវុធលឿនជាងសំឡេង បញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាកុំព្យូទ័រ។ទោះយ៉ាងណាប្រទេសទាំងនេះមិនបានពិចារណាពីការពង្រីកសសរស្តម្ភទីមួយ ដែលត្រូវបានបង្កើតឡើងដើម្បីបញ្ជូននាវាមុជទឹកចម្បាំងដើរដោយថាមពលនុយក្លេអ៊ែទៅកាន់ប្រទេសអូស្ត្រាលីនោះទេ។
កតិកាសញ្ញា AUKUS ដែលបង្កើតឡើងកាលពីឆ្នាំ២០២១ ដោយប្រទេសទាំងបីនេះ គឺជាផ្នែកមួយនៃការខិតខំរបស់ពួកគេក្នុងការរុញច្រានឥទ្ធិពល ដែលចេះតែកើនឡើងរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលចិនបានហៅកិច្ចព្រមព្រៀង AUKUS នេះថា មានគ្រោះថ្នាក់ និងបានព្រមានថា វាអាចជំរុញឱ្យមានការប្រកួតប្រជែងអាវុធក្នុងតំបន់។
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានស្វែងរកការបង្កើនភាពជាដៃគូជាមួយនឹងសម្ព័ន្ធមិត្តរបស់អាម៉េរិក នៅក្នុងតំបន់អាស៊ីរួមទាំងប្រទេសជប៉ុន និងហ្វីលីពីនផងដែរ ចំពេលមានការកសាងយោធាជាប្រវត្តិសាស្ត្ររបស់ប្រទេសចិន និងការកាងទឹកដីកាន់តែកើនឡើងរបស់ខ្លួន។
លោក រ៉ាម អេម៉ាញូអែល (Rahm Emanuel) ឯកអគ្គរដ្ឋទូអាម៉េរិក ប្រចាំទីក្រុងតូក្យូ បានសរសេរបង្ហើបគំនិតមួយចុះផ្សាយនៅលើទំព័រកាសែត Wall Street Journal កាលពីថ្ងៃពុធសប្ដាហ៍មុនថា ប្រទេសជប៉ុនរៀបនឹងក្លាយជាដៃគូបន្ថែមដំបូងបង្អស់ចំពោះសរសរស្ដម្ភទី២។ លោក បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ទំនងជានឹងពិភាក្សាពីការពង្រីកកតិតាសញ្ញា AUKUS ដើម្បីដាក់បញ្ចូលជប៉ុនក្នុងកតិកាសញ្ញានេះ នៅពេលអាម៉េរិកធ្វើជាម្ចាស់ផ្ទះទទួលលោក គីស៊ីដា នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធសប្ដាហ៍នេះ៕