គេហទំព័រសារព័ត៌មាន អេស៊ា (Axios) របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៦ ខែធ្នូ បានរាយការណ៍ថា អនុរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាម៉េរិក លោក វ៉ាលី អាដេយ៉េម៉ូ (Wally Adeyemo) បានផ្ញើសេចក្ដីជូនដំណឹងទៅកាន់សមភាគីក្រុមប្រទេសជី៧ របស់ខ្លួនថា រុស្ស៊ីបានវិនិយោគលើសមត្ថភាពដឹកជញ្ជូនថ្មី ដោយធ្វើប្រតិបត្តិការចាំបាច់មានសេវាកម្មរបស់ G7 និងប្រទេសអូស្ត្រាលី ហើយថា ទង្វើនេះនឹងជួយឱ្យ រុស្ស៊ីនាំចេញប្រេងបានកាន់តែច្រើន និងធ្វើឱ្យតម្លៃប្រេងឆៅកើនខ្ពស់ជាងការកំណត់របស់ពួកគេ ដូច្នេះហើយពួកគេត្រូវតែកែសម្រួលវិធីសាស្រ្តថ្មី ដើម្បីសម្របតាមស្ថានភាពថ្មី។
កាលពីឆ្នាំមុនបណ្តាប្រទេស G7 និងអឺរ៉ុប បានកំណត់តម្លៃប្រេងរុស្ស៊ី ដែលនាំចេញតាមសមុទ្រ ដូច្នេះហើយក្រុមហ៊ុនដឹកជញ្ជូន និងធានារ៉ាប់រងក្នុងប្រទេសជាសមាជិករបស់ក្រុមនេះ ត្រូវបានហាមផ្តល់សេវាកម្មសម្រាប់ការនាំចេញប្រេងរុស្ស៊ី បើសិនតម្លៃលក់លើសពី៦០ដុល្លារក្នុងមួយធុងបារ៉ែល។
ការហាមឃាត់ស្រដៀងគ្នាមួយទៀត ក៏ត្រូវដាក់ទៅលើផលិតផលប្រេងរបស់រុស្ស៊ីចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ហើយវិធានការទាំងនេះ មានបំណងរឹតត្បិតប្រាក់ចំណូលប្រេងរបស់ទីក្រុងម៉ូស្គូ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានអ៊ុយក្រែន។
នៅពេលបម្រាមនេះបានដាក់ចេញហើយ កប៉ាល់ទំនិញភាគច្រើនដែលចូលរួមក្នុងសកម្មភាពនេះ គឺជាកប៉ាល់របស់បស្ចិមលោក។ ប្រសិនបើតម្លៃប្រេងកើនលើសពី៦០ដុល្លារ ទណ្ឌកម្មទាំងនេះនឹងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញប្រេងរបស់រុស្ស៊ីជាមិនខាន។
ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកឡើយ គឺថា កាលពីខែកក្កដា ឆ្នាំនេះ តម្លៃប្រេងរបស់រុស្ស៊ីបានកើនលើសកម្រិតនោះ ដែលមានន័យថា ពាណិជ្ជករ អ្នកដឹកជញ្ជូន និងក្រុមហ៊ុនប្រេងរបស់រុស្ស៊ីបានតម្រៀមខ្លួនជាច្រើនខែសម្រាប់ទណ្ឌកម្មនេះរួចស្រេចទៅហើយ។
របាយការណ៍របស់ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានបង្ហាញថា ប្រេងឆៅរបស់រុស្ស៊ីនៅលើទីផ្សារអន្តរជាតិ បានកើនឡើងដល់ជិត៨០ដុល្លារក្នុងមួយធុងបារ៉ែល កាលពីខែកញ្ញា និងខែតុលា ដែលមួយផ្នែកដោយសារតែការលេចចេញនូវនាវាដឹកប្រេងរបស់ប្រទេសដែលមិនបានចូលរួមដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។
របាយការណ៍ថ្មីមួយរបស់ក្រុមប្រឹក្សាអាត្លង់ទិកបានរកឃើញថា បច្ចុប្បន្នប្រេងរុស្ស៊ីប្រហែល៧០% ត្រូវបានដឹកជញ្ជូនដោយនាវាមុជទឹកដែលគ្មានព័ត៌មានពីកម្មសិទ្ធិ និងការធានារ៉ាប់រងច្បាស់លាស់ ប៉ុន្តែកាលពីខែមករា ឆ្នាំ២០២២ ការដឹកប្រេងតាមធម្យោបាយដូចគ្នា គឺមានអត្រាតិចជាង៣០%ប៉ុណ្ណោះ។
អនុរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក អាដេយ៉េម៉ូ បានសរសេរថា ពួកគេត្រូវតែកាត់បន្ថយប្រាក់ចំណេញរបស់រុស្ស៊ី តាមរយៈបណ្តាញពីរ គឺការពង្រឹងពិដានតម្លៃលើការទិញប្រេងពីរុស្ស៊ី និងការបង្កើនការចំណាយរបស់រុស្ស៊ីនៅពេលរុស្ស៊ីគេចផុតពីគោលនយោបាយនេះ។
ថ្មីៗនេះ មន្ត្រីបស្ចិមលោកជាច្រើន ក៏បានទទួលស្គាល់ដែរថា ការកំណត់ពិដានតម្លៃ គឺគ្មានប្រសិទ្ធភាពនោះទេ ព្រោះទីក្រុងម៉ូស្គូនៅតែអាចលក់ប្រេងក្នុងតម្លៃលើសពី៦០ដុល្លារ ហើយប្រាក់ចំណូលពីការនាំចេញប្រេងរបស់រុស្ស៊ីនៅតែខ្ពស់ជាងការព្យាករដដែល៕
អត្ថបទ៖ សុខ ជា