ការអះអាងបែបនេះ ហាក់ដូចជាអាមេរិកចង់ផ្ញើសារទៅកាន់ប្រទេសចិនអ៊ីចឹងដែរ ដ្បិតហ្វីលីពីន គឺជាចំណុចកណ្ដាលដ៏សំខាន់នៃបញ្ហានៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជាបញ្ហាដ៏រសើបបំផុតមួយដែលចិន និងអាមេរិកតែងតែប្រជែងឥទ្ធិពលគ្នាយ៉ាងខ្លាំងក្លានៅប៉ុន្មានឆ្នាំមកនេះ។
អនុប្រធានាធិបតីអាមេរិក លោកស្រី Harris បានទៅដល់ប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក ប្រទេសថៃ។ លោកស្រី Harris គឺជាមន្ត្រីជាន់ខ្ពស់បំផុតមួយរូប ដែលបានធ្វើទស្សនកិច្ចនៅក្នុងប្រទេសហ្វីលីពីន ក្រោមអណាត្តិដឹកនាំរបស់លោកម៉ាកូស ដែលជាអ្នកស្វែងរកការពង្រឹងទំនាក់ទំនងឡើងវិញរវាងទីក្រុងម៉ានីល និងវ៉ាស៊ិនតោន ខណៈដែលកាលពីជំនាន់ដឹកនាំដោយលោក ឌុយទ័រតេ ហ្វីលីពីនហាក់មានទំនោរងាកទៅរកប្រទេសចិន។
លោកស្រី Harris បានបញ្ជាក់ចំៗទៅកាន់លោកម៉ាកូស ប្រធានាធិបតីហ្វីលីពីនយ៉ាងដូច្នេះថា «យើងត្រូវតែបញ្ជាក់ឡើងវិញជានិច្ចថា យើង (អាមេរិក) គឺឈរនៅជាមួយហ្វីលីពីន នៅក្នុងការការពារច្បាប់អន្តរជាតិ និងបទដ្ឋានអន្តរជាតិ ដែលទាក់ទងនឹងបញ្ហានៅសមុទ្រចិនខាងត្បូង»។
លោកស្រីបានសង្កត់ធ្ងន់ថា ការវាយប្រហារដោយប្រដាប់អាវុធ លើកងកម្លាំងប្រដាប់អាវុធ នាវាសាធារណៈ ឬយន្ដហោះរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង នឹងអំពាវនាវឲ្យមានការប្តេជ្ញាចិត្តការពារទៅវិញទៅមករបស់អាមេរិកចំពោះហ្វីលីពីន ហើយនោះគឺជាប្ដេជ្ញាចិត្តមិនផ្លាស់ប្ដូរឡើយ ដែលអាមេរិកមានចំពោះសម្ព័ន្ធមិត្តក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
លោកម៉ាកូស បាននិយាយលើកឡើងនៅចំពោះមុខលោកស្រី Harris ដែរថា លោកទទួលស្គាល់ចំពោះសម្ព័ន្ធភាពយូរអង្វែងរវាងទីក្រុងម៉ានីល និងវ៉ាស៊ិនតោន។ ប្រធានាធិបតីហ្វីលីពីនរូបនេះ និយាយយ៉ាងដូច្នេះថា «ខ្ញុំបាននិយាយច្រើនដងហើយ! ខ្ញុំមើលមិនឃើញអនាគតរបស់ហ្វីលីពីននោះទេ បើមិនមានការចូលរួមជាមួយអាមេរិក ហើយវាគឺមានមកជាមួយនឹងមិត្តភាពដ៏យូរអង្វែង ដែលយើងមានជាមួយអាមេរិក»។
មន្ត្រីជាន់ខ្ពស់រដ្ឋបាលអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃទី ២០ វិច្ឆិកា ដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចនៅហ្វីលីពីន នឹងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសន្ដិសុខ តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការវិស័យការពារជាតិ ដែលអនុញ្ញាតឲ្យយោធាអាមេរិក ចូលទៅតាំងមូលដ្ឋាននៅក្នុងប្រទេសហ្វីលពីន។ មន្ត្រីរូបនោះ បញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ិនតោន បានបែងចែកថវិកាប្រមាណ ៨២លានដុល្លារ សម្រាប់អនុវត្តលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវិស័យការពារជាតិ ហើយអ្វីៗផ្សេងៗទៀត ក៏នឹងត្រៀមផ្ដល់ឲ្យហ្វីលីពីនបន្ថែមផងដែរ។
គួរចាប់អារម្មណ៍ដែរថា នៅថ្ងៃដែលលោកស្រី Harris ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ក៏មានហេតុការណ៍មួយបានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូងដែរ ដោយមេបញ្ជាការយោធាហ្វីលីពីនម្នាក់បាននិយាយថា កប៉ាល់ឆ្មាំឆ្នេរសមុទ្ររបស់ចិន បានកាត់ទាញយកដោយបង្ខំ នូវត្ថុអណ្ដែតទឹក ដែលត្រូវបានរកឃើញ និងអូសដោយកប៉ាល់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង។ ប៉ុន្ដែ គេមិនដឹងថា វត្ថុអណ្ដែតទឹកនោះជាអ្វីនោះទេ ហើយក៏មិនដឹងថា ហេតុអ្វីក៏កប៉ាល់របស់ចិនបានមកកាត់ខ្សែសណ្ដោង ហើយទាញយកវត្ថុនោះទៅកាន់ឆ្នេរសមុទ្ររបស់ខ្លួនក្នុងគោលបំណងអ្វីនោះដែរ៕