ការព្រមានបែបនេះ ធ្វើឡើងនៅក្រោយពេលមានរបាយការណ៍ថា រុស្ស៊ីបានស្នើសុំប្រទេសចិន សម្រាប់ជំនួយយោធា និង សេដ្ឋកិច្ច ដើម្បីបន្តធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ក្រោយរស្ស៊ីជួបការលំបាក ដែលប្រទេសបស្ចឹមលោក បានសង្កត់សង្កិនដោយការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្រុងម៉ូស្គូ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទទី១៤មីនា។
របាយការណ៍ពីមន្ត្រីជំនាញក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកមួយចំនួនបានឲ្យដឹងថា រុស្ស៊ីបានស្នើឲ្យចិនផ្តល់ជំនួយយោធាសម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន។ របាយការណ៍ដដែលឲ្យដឹងទៀតថា រុស្សីថែមទាំងបានស្នើសុំជំនួយសេដ្ឋកិច្ចបន្ថែមពីប្រទេសចិន ដើម្បីជួយទប់ទល់នឹងការដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ច ដោយសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ីមួយចំនួន។
ទីក្រុងវ៉ាស៊ីតោនមានការព្រួយបារម្ភថា ទីក្រុងប៉េកាំងអាចនឹងធ្វើឱ្យខូចខាត ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីជួយកងកម្លាំងអ៊ុយក្រែនការពារប្រទេសរបស់ពួកគេ។ ប្រការទាំងនេះហើយ ទើបលោក ជេក ស៊ូលីវ៉ាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានចេញមកព្រមានចំៗតែម្តងថា បើហ៊ានតែជួយរុស្ស៊ីមែននោះ ចិននឹងប្រឈមមុខផលលំបាកខ្លួនឯង បើនិយាយឲ្យស្រួលស្ដាប់ទៅ គឺដូចជាយកទុក្ខដាក់ខ្លួនអញ្ចឹងដែរ។
យ៉ាងណាមិញ នៅពេលអ្នកសារព័ត៌មានសួរអំពីសំណើរបស់រុស្ស៊ីសម្រាប់ជំនួយយោធា ដែលត្រូវបានអះអាងដោយភាគីអាមេរិកនោះ លោក លីវ ប៉េងយូ (Liu Pengyu) អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានឆ្លើយយ៉ាងខ្លីថា «ខ្ញុំមិនដែលឭអំពីរឿងនេះនោះទេ»។ លោកលីវ ថា ប្រទេសចិន មិនសប្បាយចិត្តដែលបានឃើញស្ថានភាពបច្ចុប្បន្នក្នុងប្រទេសអ៊ុយក្រែនឡើយ ផ្ទុយទៅវិញចិនតែងតែគាំទ្រ និងលើកទឹកចិត្តដល់ការដោះស្រាយវិបត្តិដោយសន្តិវិធី។ កិច្ចខិតខំប្រឹងប្រែងជាអតិបរមាគួរតែត្រូវបានធ្វើឡើង ដើម្បីគាំទ្ររុស្ស៊ី និងអ៊ុយក្រែនក្នុងការបន្តការចរចា បើទោះបីជាវាពិបាករកបានលទ្ធផលផ្លែផ្កាយ៉ាងណាក៏ដោយ។
ទោះជាយ៉ាងណា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកជេក ស៊ូលីវ៉ាន ត្រូវជួបពិភាក្សាជាមួយ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋចិន លោកយ៉ាង ជាឈី នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ បើតាមមន្ត្រីសេតវិមាន ជំនួបនៅទីក្រុងរ៉ូមនេះ នឹងផ្តោតទៅលើការប្រកួតប្រជែងគ្នារវាងអាមេរិក ចិន និងផលប៉ះពាល់នៃសង្គ្រាមអ៊ុយក្រែនទៅលើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
ប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីអាមេរិក និងសម្ព័ន្ធមិត្ត រុស្ស៊ីនិងចិនបានខិតចូលជិតគ្នា កាន់តែខ្លាំង។ ជាក់ស្តែង ទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ទើបតែបានអះអាងកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងចិន-រុស្ស៊ីនៅតែរឹងមាំដដែល បើទោះបីជាប្រទេសជាច្រើនបានថ្កោលទោសសកម្មភាពយោធារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនក៏ដោយ។
គួររំឭកថា នៅក្នុងជំនួបទេ្វភាគីនៅទីក្រុងប៉េកាំងកាលពីដើមខែកុម្ភៈឆ្នាំនេះ អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសពង្រីកដៃគូជាយុទ្ធសាស្ត្ររុស្ស៊ី-ចិនថ្មីមួយ ដើម្បីទប់ទល់ឥទ្ធិពលរបស់អាមេរិក។
សូមជម្រាបដែរថា នេះមិនមែនជារបាយការណ៍ចោទប្រកាន់លើកទីមួយ ដែលថារុស្ស៊ីសុំចិនឲ្យជួយនោះទេ។ កាលពីមួយរយៈមុន ក៏មានដែររបាយការណ៍ដែលចោទប្រកាន់ថា ចិនបានដឹងមុនរួចរាល់ពីគម្រោងប្រតិបត្តិការយោធារុស្ស៊ីមកលើអ៊ុយក្រែន ហើយថែមទាំងបានស្នើសុំឲ្យរុស្ស៊ីរង់ចាំដល់ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិកសិន សឹមលើកទ័ពចូលអ៊ុយក្រែន។ ជាក់ស្តែងរុស្ស៊ីផ្តើមធ្វើការឈ្លានពាននៅថ្ងៃទី២៤កុម្ភៈ ពោលគឺនៅ៤ថ្ងៃក្រោយកីឡាអូឡាំពិករដូវរងានៅប៉េកាំង បានបិទបញ្ចប់។ យ៉ាងណាក៏ដោយ ចិនបានច្រានចោលការចោទប្រកាន់ទាំងអស់នេះ៕